តារាចម្រៀងវ័យក្មេង នាងអ៊ុង នីនិច្ច ដែលប្រកាន់ជំហរមិនចូលជ្រកកោននៅផលិតកម្មណា ដោយងាកទៅធ្វើបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ តាមរយៈការចេញនៅលើ Youtube នោះ ពេលនេះបានប្រកាសជំហរថា នាងនឹងធ្វើបទចម្រៀងដែលទាក់ទងកីឡាករបាល់ទាត់ និងកីឡាខ្មែរផ្សេងៗទៀត ដើម្បីលើកស្ទួយដល់វិស័យកីឡា និងបំផុសឱ្យប្រជាជនខ្មែរជួយគាំទ្រកីឡាករខ្មែរ ឱ្យកាន់តែផុសផុលជាងនេះថែមទៀត។
អតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង របស់ PNN កម្មវិធី “កំពូលតារា” បានឱ្យដឹងថា ពេលនេះនាងកំពុងតែសិក្សាទៅលើបទចម្រៀងដែលទាក់ទងកីឡាទាំងនោះហើយ ព្រោះបទនោះតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងអត្ថន័យ និងខ្លឹមសារ មុនពេលចេញ តែយ៉ាងណា នាងសង្ឃឹមថា អាចចេញទៅរួចតាមគោលបំណងរបស់នាងដែលចង់បាន បើទោះជាត្រូវចំណាយថវិកាផ្ទាល់ខ្លួន ទាំងការធ្វើភ្លេង និងនិពន្ធទំនុកច្រៀងអស់ប៉ុន្មានក៏ដោយ។
អ្នកចម្រៀងដែលមានក្បាច់រាំយ៉ាងរស់រវើក និងមានក្រុមរាំអមលើឆាកដ៏គួរឱ្យទាក់ទាញនាង អ៊ុង នីនិច្ច ក៏បានឱ្យដឹងដែរថា “ពេលនេះ នាងធ្វើបទចម្រៀងផ្ទាល់ខ្លួន បានជាង១០បទទៅហើយ នឹងមានត្រៀមចេញបទថ្មីៗជាបន្តបន្ទាប់ នាពេលខាងមុខនេះ”។
អ៊ុង នីនិច្ច បានប្រលងជាប់ធ្វើជាតារាចម្រៀងរបស់ក្រសួងព័ត៌មាន ដែលចេញបទចម្រៀងនៅតាមវិទ្យុជាតិជាច្រើនបទ ជាមួយតារាចម្រៀងរៀមច្បងជាច្រើនទៀត ហើយនីនិច្ច អះអាងថា នាងពេញចិត្តចំពោះការច្រៀងបង្ហាញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា គ្រប់ពេល។
តារាចម្រៀងវ័យជាង២០ឆ្នាំរូបនេះ អះអាងថា “តាំងពីខ្ញុំជាប់ជាតារាចម្រៀងនៅក្រសួងព័ត៌មាន មក ខ្ញុំបានចេញបទចម្រៀងនៅវិទ្យុជាតិ ជាច្រើនបទដែរ ហើយក្នុងនាមខ្ញុំជាអ្នកចម្រៀងម្នាក់ ខ្ញុំពេញចិត្តខ្លាំងក្នុងការច្រៀងបទទាំងនោះ ព្រោះមានការបង្ហាញពីតថភាពក្នុងសង្គមយើងច្រើន”។
អ៊ុង នីនិច្ច តាំងពីចូលប្រឡូកក្នុងអាជីពចម្រៀងមក នាងឪពុកម្តាយតាមជាប់ជាប្រចាំ ហើយស្រីក្មេងរូបនេះ បានអះអាងថា នាងមិនទាន់មានគូស្នេហ៍ឡើយ ព្រោះផ្តោតលើអាជីពចម្រៀង ច្រើនជាងចង់មានស្នេហា៕