អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ប៊ុត សីហា ដែលទើបចេញបទចម្រៀង១បទ ផ្អើលដល់ក្រុមហ៊ុនហង្សមាស គឺបទចំណងជើងប្លែកជាងគេ “ហង្សមាសចិត្តបាប” នោះ បានញាក់ដាច់ចង្កេះអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ លោកចា រិទ្ធី ព្រោះតែម្ចាស់ពាន The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៥ នេះ ដល់ម៉ោងឡើងច្រៀងទៅហើយ តែរូបគេមិនព្រមទៅបង្ហាញខ្លួនក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នោះឡើយ។
តារាចម្រៀងរួមអាជីពដែលឡើងកម្មវិធីនោះ បាននិយាយថា លោកចា រិទ្ធី មានការយោគយល់ចំពោះសិល្បករទូទៅ ហេតុនេះហើយ លោកមិនបានបញ្ចោញកំហឹងទៅលើប៊ុត សីហា នោះទេ ហើយលោកបានដាក់តារាចម្រៀងផ្សេងៗទៀត ដែលចូលរួមច្រៀងកម្មវិធីនោះ ដោយកម្មវិធីដំណើរការធម្មតា ប៉ុន្តែសកម្មភាពរបស់ប៊ុត សីហា នៅពេលនេះ បើរូបគេនៅតែមិនព្រមកែទេនោះ ទោះជាទេវតាក៏មិនអាចជួយគេបានឡើយ ព្រោះអ្នកសិល្បៈ ករណីធ្វើការដោយគោរពពេលវេលាជារឿងសំខាន់ខ្លាំងណាស់។ ប៉ុន្តែ សីហា គឺក្នុងកម្មវិធីផ្សាយផ្ទាល់ មិនត្រឹមតែមិនមកឱ្យទាន់នោះទេ សូម្បីតែក្រុមការងារទូរស័ព្ទទៅ ក៏មិនខ្ចីលើកដែរ ដែលសកម្មភាពបែបនេះហើយ ទើបកន្លងមក ធ្វើឱ្យហង្សមាស ទ្រាំមិនបាន រហូតដេញចេញទាំងជាប់ចំណងកុងត្រា ហើយបើសីហា នៅតែមិនព្រមកែខ្លួននោះ ទោះជាទៅដល់ផលិតកម្មណា ក៏នៅតែមានបញ្ហាដែរ។
ប៊ុត សីហា បានយល់ព្រមឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលតាមគម្រោងត្រូវច្រៀង៣បទ ដូចជា “គ្មានអ្នកណាកែចិត្តបង”, “យើងលែងជាស្នេហាហើយ” និងបទ “កូនខុសហើយម៉ែ” តែគ្មានបទ “ហង្សមាសចិត្តបាប” នោះទេ។ ប៉ុន្តែកុំថាឡើយច្រៀង៣បទ សូម្បីតែ១បទ ក៏អ្នកចម្រៀងរូបនេះមិនមកបង្ហើរសំឡេងដែរ។
អ្នករៀបចំកម្មវិធីប្រគំតន្ត្រី បានឱ្យដឹងថា សីហា ដែលខកខានមិនបានឡើងច្រៀងនេះ អាចដោយសារតែដេកជ្រុល ហើយតេមិនលើកនោះ ពិបាកដែរ ព្រោះថា ឥឡូវសីហា ប្រហែលជាគ្មានទូរស័ព្ទប្រើផង។
ប៊ុត សីហា ត្រូវបានផលិតកម្មហង្សមាស ដេញចេញពីផលិតកម្មទាំងអ្នកចម្រៀងរូបនេះ នៅជាប់កុងត្រា ក្រោយពីសីហា មានពាក់ព័ន្ធការសេពគ្រឿងញៀន ដែលប្រពឹត្តទៅកាលពីចុងឆ្នាំ២០១៧។ ថៅកែហង្សមាស បានប្រកាសយ៉ាងដាច់អហង្ការថា នឹងមិនទទួលស្គាល់យកតារាចម្រៀងរូបនេះវិញជាដាច់ខាត បើទោះជាសីហា ព្រមកែខ្លួនវិញក៏ដោយ ដែលការលើកឡើងបែបនេះ ត្រូវបានមហាជនមួយចំនួនលើកឡើងថា ធម្មតាធ្វើជាឪពុកម្តាយគេ បើកូនធ្វើខុស ហើយកែខ្លួននោះ ឪពុកម្តាយគូរតែទុកឱកាសឱ្យកូន ឬមួយក៏ហង្សមាស ចង់កាត់ទោសសេក ស្មើទោសខ្លា? ប៉ុន្តែតាមរយៈការមិនគោរពេលវេលាឡើងឆាករបស់ប៊ុត សីហា នៅពេលនេះ បញ្ជាក់ថា ហង្សមាស អស់ការអត់ធ្មត់លើសីហា ទៀតហើយ ព្រោះអ្នកចម្រៀងរូបនេះក៏ធ្លាប់ធ្វើសកម្មភាពបែបនេះ លើក្រុមការងារផលិតកម្មហង្សមាស ជាច្រើនលើកច្រើនសារដែរ តាមរយៈការទៅថត MV មិនទាន់ពេល ឬឱ្យក្រុមការងារចាំរូបគេរាប់ម៉ោងទៀតផង ទើបចុងក្រោយ សីហា មានពាក់ព័ន្ធជាមួយគ្រឿងញៀននោះ ហង្សមាស អស់ការអត់ធ្មត់ ដេញចេញតែម្តង។
ប៊ុត សីហា ដែលបាត់បង់ទាំងស្រុងក្នុងការចេញទៅច្រៀងតាមឆាកតន្ត្រីធំៗ ហើយច្រើនតែលេចមុខច្រៀងតាមអកកេសនោះ ក្រោយអាក់ខានចេញទៅច្រៀងសម្តែងនៅអាមេរិក ជាមួយស្រីស្អាតរ៉ាប៊ី កាលពីខែមេសា ឆ្នាំ២០១៨ នេះ ដោយសារតែពាក់ព័ន្ធការសេពគ្រឿងញៀននោះ បានប្រាប់អ្នកយកព័ត៌មានយើងថា រូបគេត្រៀមចូលច្រៀងឱ្យផលិតកម្មថោន នាពេលខាងមុខនេះហើយ ព្រោះនៅថោន គេមានខ្សែនៅទីនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេល៦ខែទៅហើយ តែសីហា នៅតែមិនទាន់ឃើញមានចេញបទចម្រៀងនៅថោន នោះទេ បែរជាល្បីបទ “គ្មានអ្នកណាកែចិត្តបងបានទេ?” ដែលច្រៀង Cover ពីកញ្ញាសោភា ទេពី ទៅវិញ។
មហាជនបានលើកឡើងថា តារាចម្រៀងកូន១ ប៊ុត សីហា នេះ មានទឹកដមសំឡេងខ្លាំងជាងម្ចាស់ពានដទៃទៀតរបស់ហង្សមាស ដែលជ្រើសបានតែការពាក់ព័ន្ធរឿងអាស្រូវសេពគ្រឿងញៀន បើទោះជារូបគេបានប្រកែក ហើយថា គ្រាន់តែជាពីគ្រឿងញៀនក្តី ក៏មិនអាចលុបរឿងអាម៉ាស់មួយនេះបានដែរ ហើយតារាដែលបាក់មុខ ដោយសីហា នោះ គឺលោកឆន សុវណ្ណរាជ ដែលធ្លាប់ជាគ្រូបង្វឹករបស់គេ រហូតបានលើកពាន តែទីបំផុត សីហា បែរជាធ្វើឱ្យតារារៀមច្បងនៅហង្សមាស ខកចិត្តមិនតិចឡើយ៕