លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីដ៏ល្បីល្បាញត្រូវបានមន្ទីរពេទ្យខេត្តតាកែវ ដឹកបញ្ជួនមកដល់មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី08 ខែវិច្ឆិកា។ ស្ថិតក្នុងស្ថានភាពជំងឺកាន់តែធ្វើទុក្ខខ្លាំងនោះ លោកតាប្រាជ្ញ ឈួន ត្រូវពិនិត្យ និងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ហើយក្រុមគ្រូពេទ្យជំនាញ ក៏បានយកចិត្តទុក្ខដាក់មើលថែលោកតាផងដែរ។
គួរបញ្ជាក់ថា លោកតាប្រាជ្ញ ឈួន បាន ធ្លាក់ខ្លួនឈឺដោយរោគាពាធជាច្រើនឆ្នាំមកហើយ និងសម្រាកព្យាបាលនៅស្រុកកំណើតខេត្តតាកែវ។ គន្លងមក មានតារាសិល្បករមួយចំនួន រួមទាំងតារាចម្រៀងខេមរៈ សិរីមន្ត និងឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវផង បានចុះទៅសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនសម្រួលដល់ការលំបាកដល់ក្រុមគ្រួសារវីរៈសិល្បករចាប៉ីដងវែងនេះ។ ដោយឡែក ស្ថានភាពចុងក្រោយនេះ ជំងឺរបស់លោកតាប្រាជ្ញ ឈួន កាន់តែធ្វើទុក្ខធ្ងន់ ទើបគ្រូពេទ្យនៅខេត្តតាកែវ បានសម្រេចចិត្តដឹកបញ្ជួនលោកតាមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
អ្នកសិល្បៈជាច្រើនបានសម្តែងការអាណិតអាសូរចំពោះស្ថានភាពសុខភាពកាន់តែទ្រុឌទ្រោមរបស់ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន នៅពេលនេះ ហើយក៏មានតារាមួយចំនួនបានចុះទៅសួរសុខទុក្ខលោកតាដល់មន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា ក្រៅពីលោកតាប្រាជ្ញ ឈួន តារាសិល្បករជើងចាស់ ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដេកសម្រាកព្យាបាលនៅផ្ទះ មានដូចជា តារាចម្រៀងអាយ៉ៃឆ្លងឆ្លើយ លោកតាផ្លុង មឿក, ស្មៀន ឈិន ឈាង និងអតីតតារាចម្រៀងជើងចាស់ លោកនូ ស៊ិប ជាដើម ដែលមិនអាចបន្តអាជីពចាស់បានទេ គឺសង្ឃឹមតែសប្បុរសជនជួយថវិកាថ្លៃថ្នាំពេទ្យប៉ុណ្ណោះ៕