Tuesday, November 19, 2024
Homeតារាខ្មែរមាស សុខសោភា សម្រុកទាំងក្រៅនិងក្នុង រហូតធ្លាក់ខ្លួនឈឺ

មាស សុខសោភា សម្រុកទាំងក្រៅនិងក្នុង រហូតធ្លាក់ខ្លួនឈឺ

មាស សុខសោភា បានហោះទៅប្រទេសសាំងហ្គាពួរ (សិង្ហបុរី) តាំងពីដើមសប្តាហ៍នេះ ដើម្បីទៅព្យាបាលជំងឺ ក្រោយពេលដែលនាងមានអារម្មណ៍មិនសូវស្រួលខ្លួន ដោយសារហត់នឿយជាប់គ្នាខ្លាំងពេក។ នេះបើតាមការបញ្ជាក់របស់អ្នកដឹកនាំសម្តែងការខារ៉ាអូខេម្នាក់ នៅថោន ដែលបានប្រាប់អ្នកយកព័ត៌មានយើងកាលពីពេលថ្មីនេះ។

ប្រភពនោះបានឱ្យដឹងថា សោភា ត្រូវបានស្វាមីនាង លោកអ៊ឹត រ៉ាដា ជូនដំណើរទៅ ហើយក្រៅពីពិនិត្យជំងឺនោះ សោភា និងលោករ៉ាដា ក៏មានដំណើរកម្សាន្តនៅសាំងហ្គាពួរ រយៈពេលខ្លីផងដែរ ព្រោះថា សោភា មានកម្មវិធីច្រៀងច្រើនណាស់ នៅរដូវក្តៅនេះ ហេតុនេះហើយមិនអាចសម្រាកបានយូរឡើយ ព្រោះកម្មវិធីខ្លះគេបានកក់ប្រាក់នាង តាំងពីកន្លះឆ្នាំមុនម៉្លេះ។

ទោះជាយ៉ាងណា អ្នកដឹកនាំសម្តែងនៅផលិតកម្មថោន រូបនោះ មិនបានបញ្ជាក់ឱ្យច្បាស់ថា មាស សុខសោភា មានជំងឺអីនោះទេ ដោយគ្រាន់តែថា សោភា សម្រាកមិនបានគ្រប់គ្រាន់ ទើបមិនស្រួលខ្លួន ហើយមិនដឹងម៉េចបានមិនមើលពេទ្យក្នុងស្រុក គ្រាន់តែមិនស្រួលខ្លួនសោះ នាងទៅដល់ពេទ្យសាំងហ្គាពួរ ដែរ។ ប៉ុន្តែអ្នកដឹកនាំសម្តែងនោះ ជឿជាក់ថា សោភា នឹងជាសះស្បើយវិញ ក្នុងពេលឆាប់ៗនេះជាមិនខានឡើយ  ខណៈដែលបទចម្រៀងថ្មីៗរបស់នាង ផលិតកម្មបានត្រៀមរួចជាស្រេច សម្រាប់នាងក្រោយវិលពីការច្រៀងសម្តែងនៅបរទេស កាលពីពេលថ្មីៗនេះ។

មាស សុខសោភា នៅតែជាតារាសំខាន់របស់ផលិតកម្មថោន ដដែល បើទោះជាចុងក្រោយនេះ នាងមិនសូវមានបទចម្រៀងផ្ទុះដូចមុន ហើយភាគច្រើននាងឡើងច្រៀងយកតែបទចម្រៀងចាស់ៗឡើងច្រៀង ខណៈដែលទស្សនិកជនបានលើកឡើងថា សិស្សប្អូននាងរ៉ាប៊ី  ហាក់លោតឡើងជាងគេនៅថោន នៅឆ្នាំ២០១៨ នេះ ក៏ដោយ តែសោភា នៅតែមិនអាចមានតារារួមក្រុមអាចផ្តួលបានឡើយ។

តារាចម្រៀងដែលទៅដល់ផលិតកម្មណា ក៏នៅតែល្បី មាស សុខសោភា ដែលអាចនៅតែឈរជើងជាអ្នកចម្រៀងខ្លាំង បាននៅពេលនេះ ដោយសារតែនាងមិនពឹងផ្អែកទៅលើផលិតកម្មថោន តែមួយមុខទេ គឺនាងមានផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលគ្រប់គ្រងដោយស្វាមីរបស់នាងផ្ទាល់ គឺ លោកអ៊ឹត រ៉ាដា។

ប្រភពបានឱ្យដឹងថា មាស សុខសោភា មិនខ្វល់រឿងថោន លើកតារាណាជាងនាងនោះទេ សំខាន់នាងរកទិញអ្នកនិពន្ធបទចម្រៀងល្អៗ សរសេរបទចម្រៀងឱ្យនាងច្រៀងនោះជាការស្រេច ព្រោះភាគច្រើននាងបានយកបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួន ច្រៀងច្រើនជាងបទនៅថោន។

មាស សុខសោភា បានចេញទៅច្រៀង សម្តែងនៅប្រទេសអាល្លឺម៉ង់ និងបារាំង ជាមួយលោកខេម រយៈពេលជាង១ខែ ដែលទទួលបានជោគជ័យសឹងតែមិនគួរឱ្យឡើយ ព្រោះតាមរយៈការសម្តែងនៅទីក្រុងប៉ារីស ចុងក្រោយ មុនវិលមកផ្ទះវិញនោះ សោភា ត្រូវបានអ្នកគាំទ្រចូលទៅទស្សនាឡើងណែនពេញសាលសម្តែង។  ការមានទីផ្សារនៅក្រៅស្រុកខ្លាំងឡើងៗរបស់មាស សុខសោភា នៅពេលនេះ ដោយសារតារាចម្រៀងសំឡេងក្រអួនក្រអៅនេះ អាចច្រៀងបានគ្រប់ទម្រង់បទទាំងអស់ ពិសេស បទពីដើមៗដែលអ្នកនៅក្រៅប្រទេសចូលចិត្ត។ ប៉ុន្តែតាមអ្នកទៅមើលច្រៀងសម្តែងរបស់មាស សុខសោភា បានឱ្យដឹងថា ពួកគេស្រលាញ់អ្នកចម្រៀងរូបនេះ ដោយសារតែនាងមិនធ្លាប់ចេញមុខដង្ហែបក្សដូចតារាផ្សេងៗទៀត មកពីកម្ពុជាទៅវិញ។

តាមរយៈការត្រូវប៉ាន់កើបលុយទាំងក្នុង និងក្រៅស្រុកនេះ មាស សុខសោភា អាចរកប្រាក់ចំណូលបានជាច្រើនសែនដុល្លារ ក្នុង១ឆ្នាំៗ ហើយតម្លៃខ្លួននាងច្រៀង១កម្មវិធី ស៊ីថ្លៃប្រដមប្រសងទៅនឹងតារាចម្រៀងឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដែរ គឺក្បែរ៣ពាន់ដុល្លារ។ យ៉ាងណា សោភា ដែលរួមរស់ផ្ទះវីឡាទ្រនំស្នេហ៍ជាមួយប្តីអាណិកជនខ្មែរ មកពីកាណាដា ១១ឆ្នាំមកហើយនោះ រហូតមកដល់ពេលនេះ នាងនៅតែមិនហ៊ានរៀបការតាមប្រពៃណីខ្មែរឡើយ ដែលការខ្លាចរោងការនេះ ត្រូវបានមហាជនយល់ថា មកពីសោភា ខ្លាច “ធ្លាក់កូដ”៕

RELATED ARTICLES