អតីតតារាចម្រៀងផលិតកម្ម Rock នាងខៀវ ដាឡិច ដែលផ្ញើខ្លួននៅទ្រនំហាក់នៅទ្រឹងមិនស្ទុះទៅមុខដូចអតីតតារាចម្រៀងរួមក្រុម កញ្ញាសួស វីសា ឬកញ្ញាផន នីដា នៅទ្រនំហង្សមាស នោះ បានឱ្យដឹងថា នាងគ្មានគម្រោងផ្លាស់ប្តូរផលិតកម្មក្នុងពេលឆាប់ៗនោះទេ ព្រោះនាងមានទស្សនៈផ្ទាល់ខ្លួនមួយថា មិនចង់ហក់លោតដូចគេទេ ហើយអ្នកណាជួយនាង គឺនាងមិនចង់ចិត្តដាច់ទៅចោលគេនោះទេ។
ក្នុងជំនួបជាមួយខៀវ ដាឡិច កាលពីពេលថ្មីៗនេះ ម្ចាស់បទ “ប្រពន្ធលួចលាក់” នេះថា ពេលនេះនាងតស៊ូនៅជាមួយផលិតកម្ម M តទៅទៀត ដោយមិនមានគម្រោងទៅផលិតកម្មណាផ្សេងទៀត ក្នុងពេលឆាប់ៗនេះឡើយ។
អតីតជ័យលាភីលេខ3 កម្មវិធី “Rock Star” របស់ CTN កាលពីឆ្នាំ2005 ថ្លែងថា “ខ្ញុំនៅតែច្រៀងនៅ M តទៅទៀត ព្រោះកុងត្រាខ្ញុំនៅមានជាមួយផលិតកម្មនេះនៅឡើយ។ ម៉្យាងទៀត ខ្ញុំខុសគេ គឺមិនចង់ផ្លាស់ប្តូរទ្រនំអីញឹកញាប់ពេកទេ យើងដូចជាមិនចង់ហក់លោតអីផង។ ខ្ញុំគិតថា កន្លែងណាដែលគេធ្លាប់ជួយយើងនៅសិនទៅ ខ្ញុំចិត្តមិនដាច់ចំពោះអ្នកណាដែលគេជួយយើងទេ អ៊ីចឹងហើយបានជាគេទៅណាទៅចុះ យើងនៅហ្នឹងសិន”។
ខៀវ ដាឡិច ដែលថាចិត្តមិនដាច់ក្នុងការផ្លាស់ប្តូរផលិតកម្មនោះ គ្មានក្រុមរាំអម ដោយអតីតតារាចម្រៀងរួមក្រុម កញ្ញាសួស វីសា និងផន នីដា ទេ ជាហេតុធ្វើឱ្យនាងពិបាកវាយលុកទីផ្សារចម្រៀងជាមួយតារាខ្លាំងៗ។
ដោយឡែក សម្រាប់បុណ្យអុំទូក ឆ្នាំនេះ ដាឡិច ក៏មិនបានត្រៀមខ្លួនឡើងច្រៀងនៅតាមឆាកតន្ត្រីធំៗ ដូចតារាដទៃដែរ គែនាងបែរជាត្រៀមខ្លួនចេញទៅដើរលេងនៅប្រទេសថៃ ហើយចុងឆ្នាំ2018នេះ នឹងទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ជាលើកទី1 ផងដែរ។
អតីតតារា Rock រូបនេះ ថ្លែងថា “បុណ្យអុំទូកឆ្នាំហ្នឹង ខ្ញុំមិនបានច្រៀងដូចគេទេ ព្រោះខ្ញុំជាប់នាំក្រុមគ្រួសារដើរកម្សាន្តនៅថៃ។ ចំណែកចុងឆ្នាំហ្នឹង ឬដើមឆ្នាំក្រោយ ខ្ញុំត្រៀមចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី រយៈពេល 2ខែផងដែរ។ នេះជាលើកទី1 សម្រាប់ខ្ញុំ ក្នុងការចេញទៅច្រៀងសម្តែងនៅបរទេស”។
ខៀវ ដាឡិច មិនដែលហ៊ានបណ្តើរគូស្នេហ៍ជាចំហរដូចតារារួមអាជីពឡើយ តែតាមព័ត៌មានថា ស្រីស្រស់រូបនេះមានគូស្នេហ៍ជាតារាចម្រៀងដូចគ្នា ឈ្មោះលោក “ឆ័យ” ដែលភាគច្រើនពួកគេតែងតែជិះរថយន្តជាមួយគ្នាតែ2នាក់ ដូចប្តីប្រពន្ធអ៊ីចឹង។ តែដាឡិច ថា រឿងនោះគេចង់និយាយយ៉ាងម៉េច គឺស្រេចតែតាមចិត្តគេទៅចុះ៕