តារាលេងម៉ូដសក់ និងក្បាច់រាំប្លែកៗ ទេព បូព្រឹក្ស ហាក់រងាឯកោបន្តិចហើយ នៅពេលដែលដៃគូស្នេហា និងចម្រៀងងួន ចាន់ដេវីត បានស្ពាយបង្វេចចេញពីហង្សមាស ទុកនាងចោលឱ្យនៅឯកោតែម្នាក់ឯងនោះ។
ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា ទេព បូព្រឹក្ស ហាក់បាត់ដៃស្តាំម្ខាងទៅហើយ នៅពេលនេះ ចំណែកក្រុមហ៊ុនហង្សមាស ដែលធ្លាប់ផ្តល់សេចក្តីទុកចិត្តលើរូបនាងនោះ ចាប់ផ្តើមដកទំនុកចិត្តបន្តិចម្តងៗវិញនោះ គឺដោយសារតែដេវីត ដែលជាដៃគូបូព្រឹក្ស នោះ បាននៅក្រៅហង្សមាស ទៅហើយ ហេតុនេះគេអាចធ្វើការសន្និដ្ឋានថា នៅពេលចប់កុងត្រាជាមួយហង្សមាស នោះ ទេព បូព្រឹក្ស អាចនឹងពិចារណាដើរចេញពីផលិតកម្មធំនេះ តាមគូស្នេហ៍ជាមិនខានឡើយ។
ប៉ុន្តែយ៉ាងណា ងួន ចាន់ដេវីត បានអះអាងប្រាប់អ្នកយកព័ត៌មានថា ទោះជាលោកចេញពីហង្សមាស មែន តែបូព្រឹក្ស ដែលជាគូសង្សាររបស់ខ្លួននោះ និងនៅតែបន្តការច្រៀងនៅហង្សមាស ជាធម្មតាតទៅទៀត។
ទោះជាយ៉ាងណា តាមព័ត៌មានពីបុគ្គលិកម្នាក់ ដែលមានឥទ្ធិពលនៅផលិតកម្មថោន សុំមិនឱ្យដាក់ឈ្មោះ បានបង្ហើបឱ្យដឹងថា ទាំងទេព បូព្រឹក្ស និងងួន ចាន់ដេវីត នោះ ថោន ពេញចិត្តសមត្ថភាពពួកគេដូចគ្នា ហើយបើគូសង្សារ១គូនេះ ចង់ចូលទៅថោន នៅពេលណា ផលិតកម្មនេះរង់ចាំបើកទ្វារស្វាគមន៍ពួកគេជានិច្ច។
ប្រភពនោះបានឱ្យដឹងថា ពេលនេះ បូព្រឹក្ស និងដេវីត បានងាកមកពង្រឹងការរកស៊ីលក់ខោអាវ និងលក់ផលិតផលរក្សាសម្រស់ច្រើនជាងផ្តោតទៅលើចម្រៀង។ ប៉ុន្តែ បើការរកស៊ីនេះមិនទទួលបានផលចំណេញដូចការរំពឹងទុកនោះ គេជឿថា មិនយូរទេ ពួកគេច្បាស់ជាដឹកដៃគ្នាទៅចូលផលិតកម្មណាមួយទាំងគូជាមិនខានឡើយ នៅពេលដែលបូព្រឹក្ស ចប់កុងត្រាជាមួយហង្សមាស នោះ។
ទេព បូព្រឹក្ស ហៅនាងស្រីនិច្ច បានសាងស្នេហាជាមួយងួន ចាន់ដេវីត ជាចំហ នៅពេលដែលម្ចាស់បទ “រាំញីកែងជើង” នេះ ដើរចេញពីពេជ្រ សោភា។ យ៉ាងណា ចំណងស្នេហាតារាយុវវ័យ១គូនេះ ហាក់មានភាពចម្រូងចម្រាសខ្លាំង នៅពេលដែលបូព្រឹក្ស ទិញវីឡាតម្លៃ១៤ម៉ឺនដុល្លារ និងរថយន្តទំនើប Landcruiser V8 តម្លៃជិត១០ម៉ឺនដុល្លារ អំឡុងពេលដែលមានព័ត៌មានថា លោកផ្កាយ៤ម្នាក់ ជាអ្នកឧបត្ថម្ភស្រីនិច្ច ក្រោយខ្នងតែតារាហង្សមាស រូបនេះធ្លាប់ច្រានចោល៕