ខេមរៈ សិរីមន្ត បានក្លាយទៅជាទូតសុឆន្ទៈ (Ambassador) របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដើម្បីប្រយុទ្ធប្រឆាំង និងកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ នៅកម្ពុជា ហើយតារាចម្រៀងល្បីល្បាញនៅហង្សមាស រូបនេះ បានធ្វើសកម្មភាពជាង1ឆ្នាំមកហើយ តាមរយៈការច្រៀងតាម Concert ផ្សេងៗក្នុងន័យឃោសនាឱ្យបងប្អូនបានយល់ដឹងពីការគ្រោះថ្នាក់ នៃជំងឺអេដស៍នេះ។
នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី16 ខែវិច្ឆិកា នៅសណ្ឋាគារ Sun & Moon នៅក្បែរផ្សារកណ្តាល តារាចម្រៀងខេមរៈ សិរីមន្ត បានតាំងចិត្តថា នឹងខិតខំប្រឹងប្រែងធ្វើយុទ្ធការប្រឆាំងជំងឺអេដស៍នេះតទៅទៀត រហូតដល់ចំនួនអ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជា ត្រូវបានកាត់បន្ថយនឹងឈានទៅបំបាត់ទាំងស្រុងនៃជំងឺកាចសាហាវមួយនេះ ដែលធ្វើឱ្យប្រជាជនកម្ពុជា រងគ្រោះជារៀងរាល់ថ្ងៃ។
តារាចម្រៀងហង្សមាស រូបនេះ បានថ្លែងថា “ខ្ញុំបានធ្វើជាទូតសុច្ឆន្ទៈប្រឆាំងការចម្លងមេរោគអេដស៍នេះ ជិត2ឆ្នាំមកហើយ។ គឺខ្ញុំមើលឃើញសារសំខាន់នៃជំងឺអេដស៍ វានៅតែសាហាវ ធ្វើឱ្យខ្ញុំព្រួយបារម្ភមែនទែនដូច្នេះហើយ ខ្ញុំមានឱកាសទំនាក់ទំនងពីអង្គការ AHF បានស្នើឱ្យខ្ញុំទៅសម្តែង Concert មួយ និងសុំឱ្យខ្ញុំធ្វើជាទូសុច្ឆន្ទៈរបស់អង្គការនេះ។ ខ្ញុំមិនចាំយូរទេ គឺឆ្លើយភ្លាម ព្រោះបានគិតជាយូរឆ្នាំមកហើយថា ថ្ងៃណាមួយ ខ្ញុំនឹងចូលរួមសកម្មជាមួយជំងឺអេសដ៍ ចង់បញ្ចប់កុំឱ្យមានជំងឺអេដស៍តទៅទៀត ទើបខ្ញុំចូលរួមពេលនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមសកម្មភាពនេះ ព្រោះជំងឺអេដសជាជំងឺសាហាវ ដែលគ្មានថ្នាំណាអាចព្យាបាលបានទេ វាបានសម្លាប់មនុស្សរាប់លាននាក់ ជុំវិញពិភពលោកយើង ក្នុងនោះ កុមារក៏បានក្លាយទៅជាក្មេងកំព្រា ជាបន្តបន្ទាប់។ ពិភពលោកទាំងមូល កំពុងតែរកមធ្យោបាយ ដើម្បីកាត់បន្ថយការឆ្លងមេរោគអេដស៍ និងការឆ្លងមេរោគអេដស៍។ យើងទាំងអស់គ្នា ក៏ត្រូវតែចូលរួមសកម្មភាពនេះទាំងអស់គ្នាដែរ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ”។
ក្រៅពីតាំងចិត្តថា ត្រូវតែធ្វើសកម្មភាពយ៉ាងផុសផុល ដើម្បីកុំឱ្យជំងឺអេដស៍បន្តសម្លាប់មនុស្សតទៅទៀត ដោយមិនដឹងខ្លួននោះ នៅថ្ងៃទី01 ខែធ្នូ ឆ្នាំ2018 នេះ ខេមរៈ សិរីមន្ត នឹងចូលរួមជាមួយអង្គការ AHF ដើម្បីធ្វើប្រារឰទិវាយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីម៉ោង3រសៀល ផងដែរ៕