តារាចម្រៀងលេងម៉ូដសក់ និងក្បាច់រាំ ទេព បូព្រឹក្ស ដែលប៉ះស្នេហ៍ដ៏រសើបថា មានលោកផ្កាយ៤ម្នាក់ ដែលជាអតីតប្តីពិធីការិនីល្បីឈ្មោះមួយនោះ បានតាមស្នេហាអ្នកចម្រៀងហង្សមាស រូបនេះ យ៉ាងប្រកិត ធ្វើឱ្យបូព្រឹក្ស ពិបាកគេចចេញពីអន្ទាក់ស្នេហានេះ។
ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងមហាជនដែលកាន់តែសង្ស័យថា ទេព បូព្រឹក្ស ត្រូវបានមន្ត្រីធំផ្កាយ៤នោះ ឧបត្ថម្ភលើការទិញវីឡាតម្លៃ១៤ម៉ឺនដុល្លារ នៅបឹងស្នោ និងរថយន្តទំនើបឡាន Landcruiser V8 តម្លៃជិត១០ម៉ឺនដុល្លារនោះ ពេលនេះ បូព្រឹក្ស កាន់តែហ៊ាន ដោយបណ្តើរគូស្នេហ៍តារាចម្រៀង ម្ចាស់បទ “រាំញីកែងជើង” លោកងួន ចាន់ដេវីត ជាចំហ ចូលរួមកម្មវិធីអ្នកសិល្បៈ។
តារារួមអាជីពជាច្រើនបានអបអរសាទរទេព បូព្រឹក្ស ដែលសម្រេចចិត្តបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ខុសពីតារាមួយចំនួនដែលចូលចិត្តរស់នៅជាមួយគ្នាដោយលាក់លៀមនោះ រហូតមានអ្នកខ្លះបានសរសើរថា ពួកគេស័ក្តិសមគ្នា ហើយពេលបណ្តើរគ្នាទៅដូចប្តីប្រពន្ធទៀតផង។
ទោះជាយ៉ាងណា ការលាតត្រដាងរឿងស្នេហារបស់តារាយុវវ័យ១គូនេះ មិនអាចលុបបំបាត់ទាំងស្រុង ចំពោះអ្នកខ្លះដែលនៅតែសង្ស័យថា ពួកគេសាងស្នេហ៍ក្លែងបាំងស្នេហ៍ពិតក្រោយខ្នងឡើយ ខណៈដែលតាមដំណឹងចុងក្រោយ បានឱ្យដឹងថា លោកធំផ្កាយ៤ ដែលធ្លាប់មានកូនដល់ទៅ៣នាក់ ជាមួយតារាល្បីម្នាក់នោះ បានខកចិត្តចំពោះបូព្រឹក្ស ដែលកាន់តែស្អិតល្មួតជាមួយដេវីត ដូចប្តីប្រពន្ធ ទើបរៀបការហើយថ្មោងថ្មីនេះ៕