Tuesday, November 19, 2024
Homeតារាខ្មែរច័ន្ទ សុផានី ទាល់តែកូនស្រីរៀបការ ទើបហ៊ានយកប្តី

ច័ន្ទ សុផានី ទាល់តែកូនស្រីរៀបការ ទើបហ៊ានយកប្តី

អ្នកមេម៉ាយកូន១ ច័ន្ទ សុផានី ដែលប្រេះឆាប្តីតារាចម្រៀងកែ សុវណ្ណារ៉េត ហៅហ្សូណូ នោះ ត្រូវបានកូនស្រីនាង កុមារីមុនិ ផ្កា អាយុ9ឆ្នាំ បានហាមមិនឱ្យសុផានី យកប្តីថ្មីទៀតជាដាច់ខាត ដែលធ្វើឱ្យសុផានី ព្រួយបារម្ភថា មើលទៅទាល់តែអ្នកនាងបាក់ធ្មេញអស់ ទើបបានកូនឱ្យយកប្តីមើលទៅ។

ច័ន្ទ សុផានី ថ្លែងថា “ឱ្យខ្ញុំយកប្តីម៉េច បើកូនស្រីមិនឱ្យយកផងហ្នឹង?  កូនខ្ញុំមិនបានទេ ពេលអ្នកកាសែតសួររឿងខ្ញុំយកប្តីថ្មីហ្នឹង ក៏គេចង់វ៉ៃអ្នកកាសែត។ គេ (កូនស្រី) ថា ពេលគេរៀបការ ហើយទើបឱ្យខ្ញុំយកប្តីថ្មីទៀតចុះ ហើយឥឡូវគេទើបមានអាយុ9ឆ្នាំហ្នឹង អ៊ីចឹងទម្រាំចាំកូនស្រីការហើយ​បានឱ្យឯងយកប្តីហ្នឹង គឺចាំរហូតដល់ម៉ាក់វាឯណេះ​ ជ្រុះធ្មេញអស់ហើយមើលទៅ?”។

ដោយឡែក កុមារីមុនិ ផ្កា កូនតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកហ្សូណូ បាននិយាយជាមួយអ្នកកាសែតថា “ខ្ញុំមិនចង់និយាយរឿងប៉ាខ្ញុំ (ហ្សូណូ) ទេ កុំសួររឿងហ្នឹងអី។ ខ្ញុំក៏មិនឱ្យម៉ាក់ខ្ញុំយកប្តីថ្មីដែរ ចាំពេលខ្ញុំការហើយសិន ទើបឱ្យម៉ាក់យកប្តីទៀត។ ឥឡូវខ្ញុំរៀនថ្នាក់ទី5 ហើយខ្ញុំមិនចង់និយាយរឿងប៉ាខ្ញុំដាច់ខាត”។

អ្នកនាងច័ន្ទ សុផានី បានអះអាងថា កូនស្រីនាងដែលជាតំណក់ឈាមរបស់តារាចម្រៀងហង្សមាស ហ្សូណូ នោះ មានដុងសិល្បៈមិនចាញ់នាង និងឪពុករបស់គេឡើយ ហើយនាពេលខាងមុខ អ្នកនាងនឹងជំរុញកូនស្រីឱ្យលេងសិល្បៈដែរ ព្រោះថា ពេលនេះមានផលិតកម្មមួយចំនួន បានទាក់ទងកូនស្រីឱ្យថតកុនដែរ តែអ្នកនាងមិនទាន់ចង់ឱ្យកូនចូលថត។

អតីតពិធីការិនីទូរទស្សន៍លេខ5អ្នកនាងសុផានី ក៏មិនចង់រំលឹកឈ្មោះអតីតប្តីហ្សូណូ ដែរ ដោយកន្លងមក អ្នកនាងធ្លាប់និយាយលេងបែបមែនថា ធ្វើម៉េចកម្មរបស់អ្នកនាងទេ ដែលស្រលាញ់តែប្រុសស្អាតសង្ហា អ៊ីចឹងមានតែទឹកភ្នែកម្នាក់ឯងអ៊ីចឹងទៅ។

ច័ន្ទ សុផានី ក្រោយបែកបាក់សង្សារចាស់ ស៊ុក សុភា ក៏បានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងហ្សូណូ ដោយគ្មានខាន់ស្លាឡើយ ហើយទទួលបានចំណងដៃកូនស្រីម្នាក់ ដែលមានមុខមាត់បេះបិទទៅនឹងតារាចម្រៀងហ្សូណូ។

អ្វីដែលសុផានី ស្ទើរតែក្អួតឈាមនោះ គឺពេលដែលអតីតប្តី ហ្សូណូ បានក្លាយទៅជាតារាចម្រៀងហង្សមាស នោះ គឺតារាដែលមហាជនហៅថា បានជិះក្របីចម្លងភក់នោះ មិនដែលអើពើជាមួយប្រពន្ធកូនទៀតទេ ទុកឱ្យសុផានី ចិញ្ចឹមកូនស្រីតែម្នាក់ឯង ចំណែករូបគេវិញ គិតតែពីដើរច្រៀងរាំយ៉ាងសប្បាយ ហើយមានទាំងប្រុសទាំងស្រីតាមស្រលាញ់។

ប្រភពបានឱ្យដឹងថា អ្នកនាងសុផានី  សុខចិត្តបៀបទុក្ខស្នេហ៍នេះតែម្នាក់ឯង ហើយពេលនេះ នាងមិនសង្ឃឹមថា អតីតប្តីវិលមកជួបជុំប្រពន្ធកូននោះទេ ព្រោះគេជាតារាល្បីទៅហើយ ហេតុនេះហើយអ្នកនាងមានតែប្រឹងដោយខ្លួនឯង តាមរយៈការលក់ផលិតផលរក្សាសម្រស់មួយ ដែលនាំចូលពីអាមេរិក ហើយអ្នកនាងធ្វើជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុននោះ ប្រចាំនៅកម្ពុជា។

អតីតភរិយាតារាចម្រៀងហ្សូណូ ថ្លែងថា “ខ្ញុំធ្វើជាទូតសុច្ឆន្ទៈរបស់ផលិតផលថែរក្សាសម្រស់មួយ ឈ្មោះថា គីណេស ដែលនាំចូលមកពីអាមេរិក។ ខ្ញុំធ្វើការនេះបាន3ខែមកហើយ ឃើញថា ដំណើរការល្អ។ នៅពេលខាងមុខ ខ្ញុំមានគម្រោងបើកលក់ផលិតផលនេះ ដោយខ្លួនឯងដែរ ព្រោះពេលនេះយើងកំពុងតែសិក្សាពីទីផ្សារកស៊ីផ្ទាល់ខ្លួនខ្លះៗហើយ”។

ច័ន្ទ សុផានី ត្រូវបានអតីតប្តីហ្សូណូ ព្យាយាមគេចមុខរហូតមិនព្រមជួបនោះឡើយ នៅពេលដែលអតីតអ្នកចម្រៀង KH ក្លាយទៅជាតារាល្បីរបស់ហង្សមាសនោះ។

អ្នកសិល្បៈដែលជិតស្និទ្ធសុផានី បានឱ្យដឹងថា  តារាកូន1រូបនេះ នៅតែស្រលាញ់ និងចាំផ្លូវអតីតប្តីហ្សូណូ ទើបមិនព្រមទទួលយកប្តីថ្មីឡើយ បើទោះជាពេលនេះ មានប្រុសៗមួយចំនួនសុំស្អំរបួសបេះដូងនាងក្តី៕

RELATED ARTICLES