ស្របពេលដែលតារាល្បីៗជាច្រើនដួង កំពុងសម្រុកឡើងច្រៀងសម្តែងតាមឆាកតន្ត្រី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនោះ លោកគួច ខេវិន ដែលជាស្ថាបនិកក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម និងជាអ្នកផលិតកម្មវិធីជាន់ខ្ពស់ទូរទស្សន៍ដឹកនាំកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN នោះ កាលពីថ្ងៃទី21 ខែវិច្ឆិកា បាននាំយកថវិការបស់ក្លឹប ទៅចែកជូនតារាសិល្បករ4រូប ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងផ្ទះ។
សិល្បករដែលលោកគួច ខេវិន បានពាំនាំយកថវិកាជួយសម្រួលដល់ការខ្វះខាតថ្លៃពេទ្យព្យាបាលជំងឺនោះ មានដូចជា លោកឃុន ក្តឹប ហៅនាយក្តឹប កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ទឹកប្រាក់ចំនួន50ម៉ឺនរៀល, តារាចម្រៀងអាយ៉ៃឆ្លងឆ្លើយ ឈិន ឈាង ព្យាបាលនៅផ្ទះ ទឹកប្រាក់40ម៉ឺនរៀល, តារាជើងចាស់អាយ៉ៃឆ្លងឆ្លើយ ផ្លុង មឿក ព្យាបាលនៅផ្ទះ ទឹកប្រាក់40ម៉ឺនរៀល និងអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ ស៊ិប ទឹកប្រាក់40ម៉ឺនរៀលផងដែរ សរុបទឹកប្រាក់1.700.000រៀល ឬ425ដុល្លារ។
លោកគួច ខេវិន បានឱ្យដឹងថា “នេះមិនមែនជាលើកទី1នោះទេ ដែលក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម បានចុះសួរសុខទុក្ខ និងយកថវិកាទៅជូនតាមលទ្ធភាព ដែលក្លឹបបានជួយសម្រួលដល់ការលំបាករបស់តារាសិល្បករ ដែលពួកគាត់ឈឺ មិនអាចរកកម្រៃពីការងារសិល្បៈបានទៀត និងគ្រួសារពួកគាត់ជួបការខ្វះខាតនោះ ពោលគឺយើងបានចុះទៅជួប និងជួយដល់តារាដែលគាត់មានជំងឺជាច្រើនលើកច្រើនសារមក ហើយទាំងពួកគាត់ព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមផ្ទះ។
ដោយឡែកថវិកា ដែលក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម ដែលយើងមាន គឺទទួលបានពីការគាំទ្រ បរិច្ចាគពីតារាសិល្បករ និងសប្បុរសជនទូទៅ ទាំងក្នុង និងក្រៅប្រទេស៕