Tuesday, November 19, 2024
Homeតារាខ្មែរមាស សុខសោភា នៅតែជា “តួឯក”

មាស សុខសោភា នៅតែជា “តួឯក”

ជាលើកទី១ហើយ ដែលផលិតកម្មថោន បានរៀបចំការប្រគំតន្ត្រីធំដំបូង ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍របស់ខ្លួន តាមរយៈការបញ្ចោញតារាល្បីៗទាំងអស់របស់ថោន កញ្ជ្រោកលើឆាកនៅខាងក្រោយសាលមហោស្រពកោះពេជ្រ។

នៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូក កន្លងមកនេះ ថោន បានបង្ហាញតារាល្បីៗរបស់ខ្លួនមាន ដូចជា មាស សុខសោភា, យក់ ថិករដ្ឋា, ឈិត សុវណ្ណបញ្ញា, រ៉ាប៊ី, សុគន្ធ ថេរ៉ាយុ ជាដើម។ ដោយឡែក តារាចម្រៀង៣រូបទៀត របស់ផលិតកម្មនេះ គឺលោកករុណា ពេជ្រ, រ៉ូលីន និងកាតុ នោះ មិនមែនធ្វើជាតារាចម្រៀងនោះទេ តែធ្វើជាពិធីករ-ពិធីការិនីវិញ។

អ្វីដែលចម្លែកនោះ តាមអ្នកទស្សនាផ្ទាល់ បាននិយាយស្របថា កម្មវិធីប្រគំតន្ត្រីលើកដំបូងរបស់ខ្លួននេះ ថោន បានចាត់ទុកតារាចម្រៀងវ័យក្មេងរបស់ខ្លួន គឺស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលជាម្ចាស់បទ “មាន់ស្រែ” នោះ ជាតារាចម្រៀងសំខាន់ជាងគេក្នុងកម្មវិធីនោះ ព្រោះតារាទាំងអស់ដែលត្រូវច្រៀងនៅរាត្រីនោះ បានចេញច្រៀង២វគ្គទៅហើយ រួមទាំងមាស សុខសោភា ផងនោះ ក៏រ៉ាប៊ី នៅតែមិនព្រមចេញដែរ គឺទាល់តែចុងគេបង្អល់ ពោលគឺនៅចុងបញ្ចប់កម្មវិធី ទើបថោន ពន្លែងឱ្យស្រីស្អាតរូបនេះបង្ហាញខ្លួន។

ទោះជាយ៉ាងណា មហាជនបានលើកឡើងថា តារាចម្រៀងដែលជាស្នូលរបស់ផលិតកម្មថោន ហើយផលិតកម្មមួយនេះ មិនអាចអត់បាននោះ គឺនៅតែជាមាស សុខសោភា ដដែល ដែលជាតួឯកនៃផលិតកម្មនេះ។

ដោយឡែក ការចេញរកស៊ីរៀបចំការប្រគំតន្ត្រីនៅពេលនេះ របស់ថោន បញ្ជាក់កាន់តែច្បាស់ថា ផលិតកម្មថោន រកស៊ីកាន់តែមានការប្រជែងជាមួយហង្សមាស កាន់តែខ្លាំងក្លាមែនទែន ហើយបន្ទាប់ពីថោន អូសទាញបានអតីតតារាចម្រៀងរបស់ហង្សមាស បាន ដោយជោគជ័យចំនួន៨នាក់មកហើយ៕

RELATED ARTICLES