តារាកូន១ លី ម៉ារីណា ត្រូវបានស្វាមីនាង លោកសាត ចាន់ថន រំអុកចង់ឱ្យពពោះកូនទី២ ជាច្រើនលើកច្រើនសាមកហើយ ដើម្បីកុំឱ្យមន្ត្រីធំៗទាំងឡាយតាមឆ្វែលស្នេហ៍ទៀត។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្វាមីម៉ារីណា បានត្រឹមខកចិត្ត ព្រោះអ្នកសម្តែងសាច់សខ្ចីរូបនេះ បានសម្រេចចិត្តពន្យារពេលយកូនទី២ ដោយសារជាប់ដៃសម្រុកថតកុន រើខ្លួនមិនរួចឡើយ…។
អាចជាយុទ្ធសាស្ត្រថ្មីមួយទៀតរបស់ស្វាមីអ្នកនាងលី ម៉ារីណា ដែលលេងស្ទីលដូចតារាចម្រៀងសាពូន មីដាដា ស្វាមីរបស់សឿ សុធារ៉ា ដែរ ពោលគឺពេលដែលភរិយារបស់ពួកគេកាន់តែមានមន្ត្រីធំៗតាមឆ្វែលស្នេហ៍កាន់តែច្រើននោះ ប្តីរបស់តារាសម្តែងទាំង២ដួង រកវិធីទប់ទល់ ដើម្បីកុំឱ្យលោកធំៗនោះ ពូកែឆក់ស្នេហ៍របស់គេពេកនោះ គឺការឱ្យភរិយារបស់ខ្លួនពពោះកូនទី២ ដើម្បីឱ្យមន្ត្រីធំៗមើលលែងចូលភ្នែក។
ប៉ុន្តែយុទ្ធសាស្ត្រនេះជោគជ័យតែសាពូន មីដាដា ប៉ុណ្ណោះ ព្រោះក្រោយសឿ សុធារ៉ា ពពោះនិងសម្រាលកូនទីប្រុសទី២នោះ ធ្វើឱ្យមន្ត្រីធំដែលតាមស្នេហ៍ប្រពន្ធរបស់លោកមីដាដា នោះ ចាប់ផ្តើមដកខ្លួនថយចេញអស់។ ដោយឡែក អ្នកនាងលី ម៉ារីណា ស្វាមីនាង លោកសាត ចាន់ថន បានត្រឹមខកចិត្តមិនតិចឡើយ ព្រោះទោះជាលោករំអុកភរិយាសុំឱ្យម៉ារីណា ពពោះកូនទី២ យ៉ាងណា ក៏ស្រាប់តែពេលនេះ ម៉ារីណា បែរជាកាន់តែមានរាងស្វែលស្អាត និងសាច់សខ្ចីឡើងៗ ដែលធ្វើឱ្យមន្ត្រីធំៗកាន់តែច្រើនសម្រុកតាមថ្ពក់ស្នេហ៍នាងកាន់តែច្រើន អំឡុងពេលដែលស្វាមីនាងមិននៅក្បែរនេះ ទើបធ្វើឱ្យលោកចាន់ថន ឆ្លេឆ្លាដូចមាន់រកពង ព្រោះភ័យខ្លាចគេឆក់ប្រពន្ធបាត់ពីដើមទ្រូង រហូតពេលខ្លះ បានហោះមកពីអាមេរិក មកស្រុកខ្មែរ មុនពេលកំណត់ទៀតផង ដើម្បីបានត្រកងភរិយាសាច់សខ្ចី ម៉ារីណា។
លី ម៉ារីណា បានសម្រេចចិត្តពន្យារពេលយកកូនទី២ ព្រោះតែនាងជាប់ដៃថតភាពយន្តរឿង “កូនពស់កេងកង” និងរឿង “រាជិនីភូមិគ្រឹះ” និងត្រៀមថតរឿងថ្មីមួយទៀតឱ្យហង្សមាស។
ម៉ារីណា ដែលមានអាយុ៣៨ឆ្នាំរូបនេះ ត្រូវបានបណ្តាផលិតកម្មជាច្រើន បានហៅនាងឱ្យថតភាពយន្ត តែតាមព័ត៌មានថា ទាល់តែរឿងនោះស័ក្តិសមជាមួយនាងដែរ ទើបម៉ារីណា យល់ព្រមទទួលថតសម្តែង។
តារាកូន១ តែសាច់នៅចាំរូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ស្វាមីនាងពិតជាចង់បានកូនម្នាក់ទៀតមែន ទោះជាកូនប្រុសក៏បាន ស្រីក៏បាន តែពេលនេះ នាងជាប់ដៃថតកុនបែបនេះ គឺមិនអាចមានកូនទី២ឆាប់ៗបានឡើយ ខណៈដែលស្វាមីរបស់នាងជាប់កិច្ចការនៅអាមេរិក ចុះឡើងៗមកស្រុកខ្មែរ តែលោកចាន់ថន បានបើកដៃឱ្យនាងបន្តរការងារសិល្បៈវិញយ៉ាងពេញទំហឹង ដោយមិនប្រចណ្ឌនោះទេ។
លី ម៉ារីណា បានដឹកដៃលោកសាត ចាន់ថន ចូលរោងការកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ អំឡុងពេលដែលរឿងអាស្រូវស្នេហារបស់នាង បានផ្ទុះផ្អើលពេញផ្ទៃប្រទេស ដោយត្រូវគេទម្លាយថា នាងមានជាប់ពាក់ព័ន្ធស្នេហាជាមួយមន្ត្រីធំផ្កាយ៣ម្នាក់ ហើយត្រូវបានភរិយាលោកធំនោះព្រមាន កុំឱ្យទាក់ទងប្តីគាត់តទៅទៀត តែដំណឹងនេះត្រូវបានម៉ារីណា ប្រកែក។
ក្រោយរៀបការភ្លាម ម៉ារីណា ដែលគេសង្ស័យថា នាងក្រាបផ្ទឹមក្លែងក្លាយជាមួយលោកចាន់ថន នោះ នាងបានចេញទៅរស់នៅអាមេរិក តាមស្វាមី រហូតដល់បានកូន១ ទើបវិលចូលស្រុកខ្មែរវិញ កាលពីឆ្នាំ២០១៦ និងបានត្រឡប់មករកអាជីពចាស់ តាមរយៈការចូលថតកុនថ្មី នៅហង្សមាស។
ប្រភពបានឱ្យដឹងថា ម៉ារីណា មានអារម្មណ៍ស្រស់ថ្លាក្នុងការថតសម្តែងភាពយន្តនោះ មិនដូចការលេចឮនាពេលកន្លងមកថា ភ្នែកនៅកញ្ចឹងក ព្រោះនៅតែភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួននោះទេ ហើយម៉ារីណា ថែមទាំងចុះកុងត្រាសម្តែងឱ្យហង្សមាស ទៀតផង។
លី ម៉ារីណា ដែលមានកូន១ទៅហើយនោះ ត្រូវបានកត់សម្គាល់ថា នាងកាន់តែមានភាពហ៊ឺហាប្លែក ក្រោយរស់នៅបែកប្តីនេះ ដោយនាងទិញរថយន្តទំនើប ឡខ៉េស ឡឃ ៥៧០ ស៊េរីឆ្នាំ២០១៥ តម្លៃជិត២០ម៉ឺនដុល្លារ និងលេងគ្រឿងអលង្ការពេជ្រទាំងឈុតៗ មិនចាញ់ជំទាវឡើយ។ ពាក្យខ្សឹបខ្សៀវកាន់តែច្រើនបានធ្លាយចេញចង្កោមអ្នកសិល្បៈ ដោយខ្លះនៅតែថា ម៉ារីណា មានមន្ត្រីធំជូនកាដូរថយន្តទំនើបៗ ពេលដែលប្តីនាងមិននៅក្បែរ និងខ្លះទៀតថា តារាកូន១រូបនេះ ជិតឡើងងារជាជំទាវ ជាដើម។
ប៉ុន្តែដំណឹងទាំងនេះ ម៉ារីណា មិនយកដាក់ក្នុងចិត្តនោះទេ ហើយនាងនៅតែអះអាងចំណងស្នេហារបស់នាងជាមួយលោកសាត ចាន់ថន គឺនៅតែរក្សាបានដដែល ទោះជាពេលខ្លះ នាងនិងប្តី ត្រូវរស់នៅបែកគ្នា ដូចជាខែមុន កូនប្រុសរបស់នាង សាត ថៃសាន់ ធ្វើខួបគម្រប់៥ឆ្នាំ ដោយគ្មានប្តីនាងចូលរួម ហើយត្រូវបានថៅកែម្នាក់ចេញលុយឱ្យក្តី តែសុភមង្គលមិនប្រែប្រួលនោះទេ។
ម៉ារីណា ធ្លាប់បានឱ្យដឹងថា មិនខ្វះទេប្រុសៗ មន្ត្រីធំ, ឧកញ៉ាតាមស្នេហ៍ តែមូលហេតុដែលនាងជ្រើសយកលោកចាន់ថន ជាស្វាមី ព្រោះនាងចង់បានស្នេហ៍ពិត មិនមែនស្នេហ៍ជាប់ទ្រុង ឬងារជំទាវក្លែងក្លាយឡើយ៕