ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ដែលលេចមុខលើឆាកតន្ត្រីទូរទស្សន៍បាយ័ន ក្នុងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នោះ នារីតូចតន់រូបនេះ ហាក់មានរូបសម្រស់លេចធ្លោជាងតារារួមអាជីព នៅរាត្រីនោះ ដែលប៉ះជាមួយកញ្ញាហេង ផាន់ណា , កែវ ផល្លីកា និងអ្នកនាងសុខ សោម៉ាវត្តី។
នីរ័ត្ន បានសើចសប្បាយក្អាកក្អាយជាមួយដៃគូ លោកអៀង វិឆ័យ ដោយគេសង្កេតឃើញថា ស្រីស្អាតតូចតន់រូបនេះ ហាក់គ្មានទុក្ខកង្វល់ស្នេហ៍ដែលបរាជ័យស្នេហ៍ផ្ទួនៗគ្នា ៣លើកមកហើយនោះទេ។
តាមរយៈការតុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរនោះដែរ នីរ័ត្ន ត្រូវបានអ្នកទស្សនាផ្ទាល់លាន់មាត់សរសើរថា នាងកាន់តែស្អាតជាងមុន តែអ្នកខ្លះទៀតសង្ស័យថា ត្រេមុខរបស់នីរ័ត្ន ហាក់ខុសពីមុន មើលទៅដូចជាកែមុខទៀតផង។
គូរបញ្ជាក់ថា ហ៊ិន ច័ន្ទនីរ័ត្ន ជាអតីត Freshie Girl លេខ១ កាលពីឆ្នាំ២០០៧ ដែលតាមរយៈរូបរាងតូចច្រឡឹងគួរឱ្យក្នាញ់ ស្រីស្អាតនីរ័ត្ន ទៅដល់ណា ក៏មានប្រុសតាមចោមស្នេហ៍ដែរ ព្រោះសម្រសនាងតែងតែលេចធ្លោជាងគេជានិច្ច។
ប៉ុន្តែអ្វីដែលមហាជនសឹងតែមិនគួរឱ្យជឿនោះ នីរ័ត្ន បែរជារងបរាជ័យស្នេហ៍៣លើកជាប់គ្នា រហូតដល់មានអ្នកខ្លះបានហៅនាងថា ជាតារាអភ័ព្វស្នេហ៍ទៀតផង។
នីរ័ត្ន បែកបាក់អតីតសង្សារ លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក , ឯកឧត្តមក្មេង វិសិដ្ឋ និងប្រុសសង្ហាកូនអ្នកមានម្នាក់ ដែលរៀបការចោលនាង កាលពីចុងឆ្នាំ២០១៧។ ប៉ុន្តែពេលនេះ នីរ័ត្ន បានភ្ជាប់ស្នេហាថ្មីទី៤ ជាមួយកូនអ្នកមានម្នាក់ ដែលពួកគេចុះសម្រុងគ្នាល្អណាស់ ដោយជិះរយន្តទំនើប Range Rover ពណ៌ខ្មៅ ប្រលែងគ្នាលេងតាមផ្លូវជាញឹកញាប់ ប៉ុន្តែនីរ័ត្ន បានប្រាប់អ្នកកាសែតថា នាងគ្មានគម្រោងចូលរោងការឆាប់ៗឡើយ៕