ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលមានរថយន្ត2គ្រឿង សម្រាប់ជិះឆ្លាស់គ្នា គឺ Starex និង lexus RX300 នោះ ស្រាប់តែពេលនេះ មិនអស់ចិត្តកំពុងសន្សំលុយទិញរថយន្តក្នុងក្តីស្រមៃរបស់នាងថែមមួយគ្រឿងទៀត តែមិនមែន Lexus LX570 ឬឡាន Dcruiser V8 ដូចតារាមួយចំនួនឡើយនោះ គឺរថយន្ត Lexus RX350 ដែលមានតម្លៃជាង7ម៉ឺនដុល្លារ។ ការប៉ងទិញឡានទំនើបរបស់នាងរ៉ាប៊ី នៅពេលនេះ គឺផ្ទុយស្រឡះទៅនឹងការអះអាងរបស់នាង នាពេលកន្លងមកដែលថា នាងមិនចង់លេងម៉ូដឡាននោះទេ តែបើមានលុយ គឺគិតតែពីទិញដី និងផ្ទះទុក ដើម្បីចំណេញធំនាពេលអនាគត។
អតីតពិធីការិនីហង្សមាស រូបនេះ ថ្លែងថា “ខ្ញុំស្រលាញ់ Lexus RX350 ហ្នឹង ព្រោះវាមិនហ៊ឺហាពេក ក៏មិនអន់ដែរមួយល្មម។ ខ្ញុំមិនដែលប៉ងចង់បាន570អីទេ គឺចង់ធ្វើទៅតាមសមត្ថភាពរបស់យើង ដែលអាចទៅរួចហើយខ្ញុំ សង្ឃឹមថា ចប់ Concert រដូវក្តៅនេះ ខ្ញុំអាចទិញវាបានហើយ ព្រោះអីឥឡូវក្នុង1ខែនៅរដូវប្រាំងនេះ ក្រោយផាត់ការចំណាយ ហើយខ្ញុំរកបាន1ម៉ឺនដុល្លារដែរ”។
មុនត្រៀមខ្លួនជិះរថយន្ត Lexus RX350 នេះ រ៉ាប៊ី បានទិញផ្ទះ2ល្វែង គឺ1ល្វែងតម្លៃជិត10ម៉ឺនដុល្លារ បានបង់ផ្តាច់អស់ហើយ និងមួយល្វែងទៀត តម្លៃប្រហាក់ប្រហែលគ្នាដែរ នៅម្តុំពោធិ៍ចិនតុង កំពុងតែចាប់ផ្តើមបង់រំលស់។ ក្រៅពីផ្ទះ2 និងឡាន2នេះ រ៉ាប៊ី ក៏បានទិញដី1ប្លង់ធំ នៅខេត្តកំពត ផងដែរ។
តារាចម្រៀងផលិតកម្មថោន រូបនេះ បានឱ្យដឹងថា “គ្រាន់តែនាងល្បីបទ “មាន់ស្រែ” នោះ អាចរកបានប្រាក់ចំណូលដល់ទៅ10ម៉ឺនដុល្លារ ទើបមានលុយទិញផ្ទះ និងឡាននេះ”។
ទស្សនិកជនបានលើកឡើងថា រ៉ាប៊ី ដែលរាំយ៉ាងស្រើបស្រាលបទ “លុយ លុយ លុយ” ធ្វើឱ្យតាតាចង់គាំងបេះដូងស្លាប់នោះ មិនចាំបាច់ប្រឹងសន្សំលុយទាំងយប់ថ្ងៃនោះទេ ឱ្យតែនាងហ៊ានលោតឆត្រ ទោះចង់បានវីឡានិងឡាន Rools-Royce ក៏គ្មានឡើយ ការពិបាកឱ្យតែនាងព្រមធ្វើជាកំណាន់ចិត្ត លួចលាក់របស់ប្រុសៗអ្នកមានអំណាច តែរ៉ាប៊ី ធ្លាប់អះអាងថា នាងមិនចង់ដើរលើផ្លូវមួយនេះឡើយ៕