Tuesday, November 19, 2024
Homeតារាខ្មែរខៀវ សុខារ៉ាវី រៀបការលើកទី២ ថ្ងៃទី២ ខែធ្នូ ខណៈអតីតស្វាមីគាំទ្រពេញទំហឹង

ខៀវ សុខារ៉ាវី រៀបការលើកទី២ ថ្ងៃទី២ ខែធ្នូ ខណៈអតីតស្វាមីគាំទ្រពេញទំហឹង

អតីតតារាសម្ដែងល្បីឈ្មោះ  ខៀវ សុខារ៉ាវី ដែលបានដឹកដៃស្វាមីអាណិកជនខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា រៀបការតាមបែបសាសនាគ្រឹះ ដោយគ្រាន់តែចូលព្រះវិហារបំពាក់ចិញ្ជៀនឲ្យគ្នាទៅវិញទៅមក កាលពីចុងខែតុលា នោះ ពេលនេះបានសម្រេចចិត្តដឹកដៃប្ដីថ្មីរៀបការជាលើកទី២ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នេះម្ដងទៀត ដែលពិធីនេះត្រូវបានរៀបចំធ្វើតាមបែបប្រពៃណីខ្មែរ ដោយស្លៀកឈុតកូនកំលោះក្រមុំ ហើយហៅភ្ញៀវចូលរួមជប់លៀងអបអរសាទរ។

ប៉ុន្ដែចំពោះមង្គលការតាមបែបប្រពៃណីខ្មែរ ដែលមានការរៀបចំតាមក្បួនខ្នាតត្រឹមត្រូវនោះ មិនត្រូវបានសុខារ៉ាវី កំណត់ជាក់លាក់ឡើយ បើទោះជាមុននេះ ម្ដាយនាងបានអះអាងថា ត្រូវតែមានកម្មវិធីរៀបចំរៀបការធំនៅស្រុកកំណើត ដោយចៀសមិនផុតក៏ដោយ។

តាមរយៈឆាត (Chat) កាលពីរាត្រីថ្ងៃទី២០ ខែវិឆ្ឆិកា ខៀវ សុខារ៉ាវី បាននិយាយប្រាប់អ្នកយកព័ត៌មានយើងយ៉ាងខ្លីថា ពិធីរៀបការរបស់នាងនោះ គឺពិតជារៀបចំធ្វើនៅរដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី២ ខែធ្នូនេះមែន គឺធ្វើតាមបែបប្រពៃណីខ្មែរ តែនាងសូមមិនប្រាប់ច្បាស់ថា ពេលណាទើបមករៀបការនៅស្រុកខ្មែរនោះទេ។

អតីតតារាសម្ដែងល្បីឈ្មោះរូបនេះ អះអាងថា ”ខ្ញុំការមែនតើបង‌! នៅថ្ងៃទី២ធ្នូហ្នឹង គឺរៀបចំបែបប្រពៃណីខ្មែរ។ ចំពោះគម្រោងមកស្រុកខ្មែរ រៀបការពេលណានោះ ខ្ញុំមិនច្បាស់ទេ។ ចំណែករឿងថា តើស្វាមីខ្ញុំធ្វើការអីនោះ ក៏ខ្ញុំមិនអាចប្រាប់បានដែរ ព្រោះជារឿងឯកជនរបស់ខ្ញុំ…”។

ថ្វីត្បិតតែមង្គលការតាមបែបប្រពៃណីខ្មែរ របស់តារាសម្ដែងខៀវ សុខារ៉ាវី នេះ ប្រព្រឹត្តទៅដើម្បីឲ្យគ្រប់លក្ខណៈត្រឹមត្រូវ ក្នុងមានជាស្រី្ដខ្មែរមែន តែលើកនេះ អ្នកស្រីនិន រ៉ាត់ ជាម្ដាយតារាសម្ដែងរូបនេះ ដែលធ្លាប់ទៅណាតែ២នាក់កូនស្រីនោះ ក៏មិនបានទៅចូលរួមដូចលើកមុនដែរ ដោយសម្អាងថា អ្នកស្រីមានបញ្ហាសុខភាព និងមិនហ៊ានជិះយន្ដហោះ។

អ្នកស្រីនិន រ៉ាត់ បានអះអាងថា ”ខ្ញុំស្ដាយដែរដែលមិនបានទៅការកូនស្រីនៅអាមេរិក នៅថ្ងៃ២ធ្នូហ្នឹង ព្រោះអីខ្ញុំមានបញ្ហាសុខភាព ទៅមិនកើត។ ម្យ៉ាងទៀត ខ្ញុំពុលយន្ដហោះ មិនហ៊ានជិះទៅទេ ហើយថ្មីៗហ្នឹង ឮតែយន្ដហោះឧស្សាហ៍ធ្លាក់ទៀត កាន់តែលែងហ៊ានទៅទៀតហើយ។ អាវី គង់តែមករៀបការនៅស្រុកខ្មែរទេ នាពេលខាងមុខ គ្រាន់តែមិនទាន់ច្បាស់លាស់រឿងពេលវេលា តែអាចនៅដើមឆ្នាំ២០១៩ហ្នឹង ហើយមើលទៅ”។

ក្រៅពីត្រៀមខ្លួនគ្រងឈុតរៀបការជាមួយគូស្នេហ៍ថ្មីលើដីអាមេរិក នោះ ខៀវ សុខារ៉ាវី ក៏បានផ្ញើថវិការមួយចំនួនឲ្យអ្នកម្ដាយរបស់នាង ទិញគ្រឿងបរិភោគមួយចំនួន មានដូចជា ទឹកសុទ្ធ , ទឹកត្រី, អង្ករ, ត្រីខ ជាដើម ជូនដល់ទូកង ដែលមកពីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឈ្មោះ ”ឥន្ទកោសី បារមីព្រះអង្គធំវត្តឥន្ទលីបូរណ៍” ផងដែរ ដែលម្ដាយរ៉ាវី បាននាំយកអំណោយទាំងនោះទៅប្រគេនព្រះសង្ឃ និងក្រុមកីឡាករ កាលពីថ្ងៃទី២០ ខែធ្នូ។

ម្ដាយសុខារ៉ាវី ថ្លែងថា ”ខ្ញុំនិងកូនស្រីធ្លាប់យកចង្ហាន់ និងសម្ភារៈមួយចំនួនប្រគេនទៅព្រះសង្ឃ ដែលគង់នៅវត្តនោះ កាលពីឆ្នាំមុន ព្រោះមើលទៅវត្តនោះដាច់ស្រយាល មិនសូវមានចង្ហាន់។ ទោះជាអាវី ទៅដល់អាមេរិកមែន​ក៏គេនៅតែចង់ធ្វើបុណ្យដល់វត្តនោះដែរ អ៊ីចឹងខ្ញុំបានទិញសម្ភារៈមួយចំនួនទៅប្រគេនព្រះសង្ឃ និងក្រុមកីឡាករទាំងនោះហើយ”។

គួរបញ្ជាក់ថា ខៀវ សុខារ៉ាវី បានបរាជ័យមង្គលការជាមួយលោកស៊ុក សុភា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៨ ដោយត្រូវលុបចោលវិញ ដោយមានព័ត៌មានថា មានលោកធំម្នាក់ព្រមានមង្គលការនោះ។ សុខារ៉ាវី បានដកខ្លួនចេញពីសិល្បៈជិត១០ឆ្នាំហើយ ទើបតែវិលវិញកាលពីឆ្នាំ២០១៦ ដោយមានកូនប្រុសម្នាក់ អាយុជិត១០ឆ្នាំ។

អតីតតារាសម្ដែងល្បីឈ្មោះ សុខារ៉ាវី មិនប្រាប់ថា ប្រុសណាជាឪពុកកូនរបស់នាងឡើយ ខណៈដែលគេសង្ស័យថា ជាលោកធំផ្លាយ៤។

 

ម្ដាយរ៉ាវី ថ្លែងថា ស្វាមីសុខារ៉ាវី ដែលជាឪពុកចៅរបស់គាត់នោះ បានគាំទ្រពេញទំហឹងចំពោះរ៉ាវី ការប្ដីថ្មីនេះ ដោយមិនមានការហួងហែងអ្វីទាំងអស់ ទោះជារ៉ាវី មករៀបការនៅស្រុកខ្មែរ ក៍ដោយ៕

RELATED ARTICLES