Tuesday, November 19, 2024
Homeតារាខ្មែរគង់ សុជាតិ ទទួលវិញ្ញាបនបត្រប៉ាក់ចិញ្ចើមនៅអូទ្រីស ឆ្លៀតពេលផ្អែមល្ហែមស្នេហ៍

គង់ សុជាតិ ទទួលវិញ្ញាបនបត្រប៉ាក់ចិញ្ចើមនៅអូទ្រីស ឆ្លៀតពេលផ្អែមល្ហែមស្នេហ៍

ពីធីការិនីល្បីល្បាញ អ្នកនាងគង់ សុជាតិ បាននាំស្វាមីលោកជា វិបុល ចេញទៅប្រទេសអូទ្រីស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាផ្នែកប៉ាក់ចិញ្ចើម តំណាងឱ្យប្រទេសកម្ពុជា បន្ទាប់ពីអ្នកនាងសុជាតិ បានចំណាយពេលយ៉ាងច្រើន ទៅរៀនផ្នែកនេះ នៅប្រទេសថៃ ជាមួយគ្រូលំដាប់ថ្នាក់ពិភពលោក២រូប កន្លងមក។

ក្នុងនាមជាស្រីខ្មែរតែម្នាក់ ដែលត្រូវបានស្ថាប័នបច្ចេកទេសប៉ាក់ចិញ្ចើមទំនើបចុងក្រោយរបស់ ពិភពលោក (Phi Academy) អ្នកនាងសុជាតិ មានអារម្មណ៍សប្បាយចិត្ត និងរំភើបក្រៃលែង ហើយអ្នកនាងសន្យាថា នឹងពាំនាំយកចំណេះដឹងដែលខ្លួនមានផ្តល់ជូនកូនខ្មែរ ដែលចង់ចេះផ្នែកនេះ តាមរយៈការបណ្តុះបណ្តាលនៅហាងរក្សាសម្រស់របស់អ្នកនាងផ្ទាល់ គឺហាង “សុជាតិ” ដែលមានទីតាំងនៅទួលគោក។

តាមរយៈឆាត (Chat) ពីប្រទេសអូទ្រីស កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា អ្នកនាងគង់ សុជាតិ និយាយទាំងរីករាយ និងមោទកភាពថា “ក្នុងនាមនាងខ្ញុំជាសមាជិក និងតំណាងសិស្សជនជាតិខ្មែរ មួយរូប នៃស្ថាប័នបច្ចេកទេសប៉ាក់ចិញ្ចើមទំនើបចុងក្រោយបំផុត លើពិភពលោក (Phi Academy) នាងខ្ញុំពិតជាមានអារម្មណ៍រំភើប និងរីករាយខ្លាំងណាស់ ដែលបានមកទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាផ្នែកប៉ាក់ចិញ្ចើម (Phil Brown Artist) នៅទីក្រុង Vien na ប្រទេសអូទ្រីស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ អ្វីដែលជាពិសេសទៅទៀត គឺយើងបានទទួលស្វាគន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ Phi Academic ព្រមទាំងអញ្ជើញទស្សនកិច្ចនៅស្នាក់ការកណ្តាលដ៏ធំបំផុតរបស់ Phi Academic ផងដែរ។ អរគុណគ្រូរបស់ខ្ញុំ Vesna Jugovic និង Momirovic ដែលបានជួយបង្ហាត់បង្រៀនខ្ញុំ ឱ្យទទួលបានជំនាញមួយយ៉ាងពិតប្រាកដ និងទទួលបានវិញ្ញាបនបត្រ នៅពេលនេះ”។

ក្រៅពីរំភើបក្រោយទទួលបានវិញ្ញាបនបត្រផ្នែកប៉ាក់ចិញ្ចើមពី Phi Academiy នោះ អ្នកនាងគង់ សុជាតិ ដែលស្នាក់នៅប្រទេសអូទ្រីស រយៈពេល១សប្តាហ៍ ក៏បានឆ្លៀតនាំស្វាមី លោកជា វិបុល ដើរកម្សាន្តនៅតំបន់មួយចំនួននៅទីក្រុង Vienna ប្រទេសអូទ្រីស ផងដែរ ហើយពិធីការិនីហង្សមាស រូបនេះ អះអាងថា មានអារម្មណ៍ស្រស់ថ្លាជាមួយទេសភាពស្រស់ស្អាតនៅទីក្រុងមួយនេះ បន្ទាប់ពីអ្នកនាង និងស្វាមីមមាញឹកការងារសិល្បៈ ក្នុងពិធីបុណ្យអុំទូក នាពេលកន្លងមក។

សុជាតិ បានឱ្យដឹងទៀតថា អ្នកនាងនិងលោកជា វិបុល នឹងត្រឡប់មកដល់ស្រុកកំណើត ហើយបន្តការងារសិល្បៈវិញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រោះមិនអាចនៅកម្សាន្តក្រៅស្រុកយូរថ្ងៃជាងនេះបានឡើយ ដោយសារមានការងារសិល្បៈជាច្រើន ដែលអ្នកនាងនិងប្តី ត្រូវបានគេកក់សម្រាប់កម្មវិធីមួយចំនួននៅចុងឆ្នាំ២០១៨ នេះ។

គង់ សុជាតិ បានឈរជើងក្នុងតំណែងជាពិធីការិនីលំដាប់កំពូលជាង១០ឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះ អ្នកនាងនៅតែត្រូវបានគេចាត់ទុកជាពិធីការិនីឆ្នើមជាមួយអ្នកនាង យុគ ចិន្តា។ អ្នកនាងសុជាតិ បានបើកហាងរក្សាសម្រស់ “សុជាតិ” រយៈពេលជាង១០ឆ្នាំមកហើយ ដែលជាមុខរបរដ៏រឹងមាំមួយ ក្រៅពីសិល្បៈ ហើយពេលនេះ អ្នកនាងបានសង់ហាងសម្រស់នេះស្កឹមស្កៃនៅទួលគោក ទៀតផង។ ប៉ុន្តែទោះជាក្លាយទៅជាថៅកែស្រី ដែលមានបទពិសោធន៍ផ្នែកសម្រស់មួយនេះ  យ៉ាងជោកជាំក្តី ក៏សុជាតិ តែងប្រកាន់ជំហរថា “ការរៀនសូត្រគ្មានថ្ងៃណាបញ្ចប់នោះទេ” ទើបពេលនេះ អ្នកនាងបានសម្រេចបំណងធំ គឺការទទួលបានវិញ្ញាបនបត្រពី Phi Academiy នៅពេលនេះ ដើម្បីមកពង្រឹងហាងរបស់អ្នកនាង និងជួយបណ្តុះបណ្តាលចំណេះដឹងដល់សិស្សក្នុងហាងរបស់អ្នកនាងផ្នែកប៉ាក់ចិញ្ចើម បែបស្តង់ដារអន្តរជាតិនេះ។

គួរបញ្ជាក់ថា គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយពេលនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះជា សុជាតិនារី អាយុជិត២ឆ្នាំ។ លោកវិបុល ស្នើសុំចង់បានកូនភ្លោះប្រុសថែមទៀត តែអ្នកនាងសុជាតិ រារែកចិត្ត និងថា គ្មានពេលពពោះ អំឡុងពេលដែលអាជីពសិល្បៈកំពុងមមាញឹកនេះឡើយ៕

RELATED ARTICLES