ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុករបស់អ្នកគ្រូ អ៊ុង ពៅថាវី ជាគ្រូបង្រៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាសឡា កាលពីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន៤សន្លឹក បង្ហាញពីសកម្មភាពសិស្សស្រីម្នាក់ ដាក់ប្អូនតូចឱ្យដេកនៅលើភ្លៅ អង្គុយក្នុងថ្នាក់រៀន និងបានសរសេររៀបរាប់ថា “រំជួលចិត្តណាស់ ពេលស្តាប់ឮសម្តីសិស្សនិយាយថា អ្នកគ្រូ! សុំទោស ខ្ញុំសុំយកប្អូនមករៀនជាមួយដែរ ព្រោះគ្មានអ្នកមើលទេ ម៉ែខ្ញុំទៅស៊ីឈ្នួលគេនៅឆ្ងាយ ឯឪពុកខ្ញុំវិញធ្វើការងាររហូតដល់យប់ម៉ោង៨ៈ៣០ ទើបគាត់មកយកប្អូនពីខ្ញុំវិញ ប្អូនប្រុសខ្ញុំអាយុ៥ខែ…”។
បន្ទាប់ពីឃើញអ្នកគ្រូខាងលើរៀបរាប់ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនរួចមក គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែក និងសម្តែងនូវទឹកចិត្តអាណិតអាសូរយ៉ាងខ្លាំង ចំពោះក្មេងស្រីខាងលើ ដែលជាមនុស្សស្រលាញ់គ្រួសារ និងថែមទាំងស្រលាញ់ ការសិក្សាខ្លាំងផងដែរ។
ជាមួយនេះ អ្នកគ្រូ អ៊ុង ពៅថាវី ដែលជាជាគ្រូបន្ទុកថ្នាក់របស់ក្មេងស្រីខាងលើ បានបញ្ជាក់ថា កូនសិស្សគាត់ម្នាក់នេះ រៀននៅសាលាបឋមសិក្សាសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយនាងតែងយកប្អូនមករៀនរៀងរាល់ថ្ងៃ និងមិនអាចចងអង្រឹង ឱ្យប្អូនដេកបានទេ ព្រោះបន្ទប់ចង្អៀតមានសិស្សចំនួន៦១នាក់ឯណោះ៕