អ្នកមេម៉ាយកូនមួយអត់ខាន់ស្លា ភិន សុដាលីស ដែលបានដាក់បម្រាមដាច់ខាតមិនឱ្យអតីតប្តីប៉ែន ចំរ៉ុង ជួបមុខកូនស្រីវ័យជាង1ឆ្នាំ ឈ្មោះ Katerina ជាដាច់ខាត រហូតមានពេលខ្លះ ចំរ៉ុង ហៅនាយឡប់ បានខ្ចីកូនគេមកបី ដោយឧបកិច្ចថា ជាកូនរបស់ខ្លួននោះ ពេលនេះ ចំរ៉ុង ត្រៀមចូលរោងការជាមួយស្រីស្អាតម្នាក់ ចោលសុដាលីស នៅឆ្នាំ2019នេះហើយ។ តាមរយៈការបំពាក់ចិញ្ជៀនឱ្យគូសង្សារថ្មី នៅចំពោះមុខចាស់ទុំទាំងសងខាងនោះ ប៉ែន ចំរ៉ុង ប្តេជ្ញាថា រូបគេនឹងរៀបការជាមួយបណ្តូលចិត្តនៅឆ្នាំ2019នេះហើយ មើលទៅអារម្មណ៍ចំរ៉ុង ហាក់ស្រស់ថ្លាណាស់ ដោយឱបថើបអនាគតប្រពន្ធនៅចំពោះមុខឪពុកម្តាយខាងស្រីទៀតផង។
ចំណែកមិត្តភក្តិដែលជិតស្និទ្ធសួរប៉ែន ចំរ៉ុង រឿងថា មាននឹកប្រពន្ធ និងកូនស្រីឬអត់នោះ?
ចំរ៉ុង សុំមិននិយាយរឿងចាស់ទាំងនោះទេ ព្រោះពេលនេះអារម្មណ៍របស់គេ គឺផ្តោតតែម៉្យាងគត់ទៅលើប្រពន្ធថ្មី ហើយមិនខ្វល់ពីអ្នកណាឱ្យជួប ឬមិនឱ្យជួបនោះទេ ព្រោះចំរ៉ុង នៅតែយល់ថា ពេលកូនស្រីនោះធំ ច្បាស់ជាទៅរករូបគេដោយខ្លួនឯងជាមិនខានឡើយ។
តាមព័ត៌មានបានឱ្យដឹងថា ក្រោយពេលប៉ែន ចំរ៉ុង ប្រកាសរៀបការតាមប្រពៃណីខ្មែរ ជាមួយប្រពន្ធថ្មីនេះ តារាស្និទ្ធនឹងសុដាលីស បានទៅខ្សឹបប្រាប់កូនថៅកែផលិតកម្មមហាហង្ស នេះដែរ តែសុដាលីស ហាក់មិនមានការភ្ញាក់ផ្អើលខ្លាំងនោះទេ ព្រោះនាងធ្លាប់អះអាងថា រឿងដែលថា ចំរ៉ុង និងចង់ជួបកូននោះ គ្រាន់តែជាការសម្តែងល្ខោនរបសចំរ៉ុង ប៉ុណ្ណោះ។
គេជឿថា ពេលនេះ តារាកូន1 ភិន សុដាលីស ក៏មិនមែនបេះដូងនៅទំនេរដែរ គ្រាន់តែនាងបណ្តោយឱ្យអតីតប្តីប៉ែន ចំរ៉ុង រៀបការមុនសិនប៉ុណ្ណោះ ខណៈដែលជំហរបស់នាងក្នុងការបិទផ្លូវចំរ៉ុង មិនឱ្យជួបមុខកូនស្រីជាដាច់ខាតនោះ នៅរក្សាដដែល៕