តារាចម្រៀងធ្មេញច្រពើសគួរឱ្យក្នក់ក្នាញា់ រ៉េត ស៊ូហ្សាណា ត្រូវបានមហាជននិយាយដូចគ្នាថា ស្រីស្អាតរូបនេះត្រូវបានផលិតកម្មរស្មីហង្សមាស លើកស្ទួយជាងតារាស្រីផ្សេងៗទៀត ទើបពេលនេះ នាងមានទីផ្សារចម្រៀងរហូតក្លាយទៅជាតារាសំខាន់របស់ហង្សមាសទៀតផង។
តាមរយៈ២បទ គឺបទ “ឈប់” និង “ប្រយោគស្នេហ៍” នោះ ស៊ូហ្សាណា មានតម្លៃខ្លួនច្រៀងមួយកម្មវិធីស៊ីថ្លៃជាង១ពាន់ដុល្លារ ហើយក្រសោបបានស្ពតពាណិជ្ជកម្មធំៗជាច្រើន ក្នុងតម្លៃរាប់ម៉ឺនដុល្លារទៀតផង ពិសេស គឺ Oppo។
តារាចម្រៀងជើងចាស់ដុះស្លែនៅផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានធ្វើការច្រានចោលចំពោះរឿងនេះហើយ បើទោះជាហ្សាណា មិនមែនជាអតីតកូនក្រុមរបស់នាង ក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទី២ កាលពីឆ្នាំ២០១៦ ព្រោះហ្សាណា ជ្រើសយក Coach ឱក សុគន្ធកញ្ញា មែន ប៉ុន្តែសោភា នៅតែព្យាយាមការពារហ្សាណា ជានិច្ច។
ពេជ្រ សោភា ថ្លែងថា “មិនមែនហង្សមាស លើករ៉េត ស៊ូហ្សាណា ជាងគេទេ គឺតារាទាំងអស់ ហង្សមាស លើកស្មើៗគ្នា តែហ្សាណា មានឱកាសបានច្រៀងតាមកម្មវិធីធំ និងស្ពតធំៗជាច្រើននោះ គឺដោយសារតែខាង Agency គេតម្រូវជ្រើសយក ហើយបើហ្សាណា ប្រឡូកឱ្យពេញទំហឹងការងារសិល្បៈដូចគេនោះ នឹងមានការងារច្រើនជាងនេះទៀត ព្រោះតាមនាងដឹង ទោះជាថតស្ពតក៏ដោយ បើប៉ះចំថ្ងៃរៀននោះ ហ្សាណា នឹងមិនទទួលការងារនោះឡើយ។
តារាជើងចាស់របស់ហង្សមាស ពេជ្រ សោភា ឱ្យបន្ថែមថា “ហ្សាណា ត្រូវក្រុមគ្រួសារ ឪពុកម្តាយរបស់គាត់បានដាក់លក្ខខណ្ឌជ្រើសយកការសិក្សាជាអាទិភាព ទី១ កាងារសិល្បៈ ជាជំហានទី២។
មិនត្រឹមតែជួយការពារស្រីស្អាតរ៉េត ស៊ូហ្សាណា ប៉ុណ្ណោះទេ តែក្នុងនាមជាតារាចម្រៀងឈរជើងនៅហង្សមាស ជាង១០ឆ្នាំមកហើយនោះ ពេជ្រ សោភា ថែមទាំងហ៊ានធ្វើការវិភាគថា ហ្សាណា នឹងក្លាយទៅជាតារាចម្រៀងសំខាន់របស់ហង្សមាស ដោយអាចស្នងតំណែងនាង ឬសុគន្ធកញ្ញា នៅពេលដែលពួកនាងចាស់ៗអស់ទៀតផង។
ពេជ្រ សោភា ក៏មិនភ្លេចដែរជួយការពារហ្សាណា រឿងគេថា នាងជាតារាវៃឬកជាងគេនោះថា មិនមែនជាការពិតនោះទេ ព្រោះអ្នកខ្លះយល់ច្រឡំ ព្រោះតែហ្សាណា មិនសូវចេះនិយាយស្តីដូចគេ ហេតុនេះហើយបានជាគេម៉ៃបែបនេះតែម្តង៕