ខេត្តតាកែវ ៖ ករណីប្រុសព្រានចាប់រំលោភកូនក្រមុំគេ ត្រូវម្តាយខាងស្រីតាមទាន់ ភ័យបះសក់ លើកខោរត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង។ រហូតមកដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃដដែល ជនសង្ស័យក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនជាប់ស។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខឹម ណុប អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះថ.ស.ជ.ត អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ កូនស្រីរបស់គាត់បានឡើងទៅដេកនៅលើផ្ទះតែម្នាក់ឯង ដូចរាល់ដង ចំណែកពួកគាត់ជាឪពុកម្តាយដេកនៅក្រោមផ្ទះ។ ស្រាប់តែមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ក៏លេចមុខជនសង្ស័យល្មោភកាមឈ្មោះខឹម ណុប លបឡើងផ្ទះចាប់រំលោភកូនស្រីគាត់រហូតដល់បានសម្រេច។ ចំណែកគាត់ដោយលឺសំឡេងក្តុងក្តាំងនៅលើផ្ទះ ទើបសង្ស័យក៏ឡើងទៅមើល ក៏ប្រទះឃើញជនសង្ស័យ កំពុងចាប់រំលោភកូនស្រី រួចក៏ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ លើកខោរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។
ពាក្យបណ្តឹងដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ គាត់ជាម្តាយ ក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង៕