Tuesday, November 19, 2024
Homeតារាខ្មែរ"មេម៉ាយសប្បាយចិត្ត" រ័ត្ន រចនា ដឹកដៃសាន ផានិត ទៅឆ្លងឆ្នាំនៅកូរ៉េ

“មេម៉ាយសប្បាយចិត្ត” រ័ត្ន រចនា ដឹកដៃសាន ផានិត ទៅឆ្លងឆ្នាំនៅកូរ៉េ

តារាចម្រៀងដែលល្បីបទ “មេម៉ាយសប្បាយចិត្ត” កញ្ញារ័ត្ន រចនា នឹងដឹកដៃតារាចម្រៀងសាន ផានិត ទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងព្រឹត្តិការណ៍ “កម្មវិធីរាត្រីសមោសរឆ្លងឆ្នាំ”។

លេចមុខនៅសន្និសីទកាសែត កាលពីថ្ងៃទី០៨ ខែធ្នូ នាងរចនា និយាយថា “មានអារម្មណ៍រំភើបរីករាយដែលបានចេញទៅច្រៀង សម្តែងជូនបងប្អូនដែលជាពលករនៅកូរ៉េ ហើយនាងស្លៀកពាក់ជានារីខ្មែរ ហូល ផាមួង សម្តែងបទចម្រៀងសប្បាយៗ សម្រាប់រាត្រីដ៏អស្ចារ្យនោះផងដែរ ព្រោះនេះជាលើកទី១ ដែលនាងបានទៅកូរ៉េ”។

ដោយឡែក លោកសាន ផានិត វិញ ក៏បានប្រាប់ថា “នេះជាលើកដំបូងដែរ សម្រាប់ការច្រៀងសម្តែងនៅកូរ៉េ តែទាក់ទងបទចម្រៀងវិញ គឺលោកសូមធ្វើទៅតាមអ្នករៀបចំកម្មវិធីតម្រូវទាំងអស់”។

ក្រៅពីនាងរ័ត្ន រចនា និងលោកសាន ផានិត ដែលត្រៀមខ្លួនចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េ ក្នុងកម្មវិធីរាត្រីសមោសរឆ្លងឆ្នាំនោះ ក៏មានការចូករួមពីតារាចម្រៀងលោកខេមស៍, DJ ក្តឹប និងតារាមួយចំនួនទៀត។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ អះអាងថា សម្រាប់តារាដែលបានចូលរួមព្រឹត្តិការណ៍នោះ គឺពួកគាត់នឹងយកបទចម្រៀងបែបសប្បាយៗទៅបកស្រាយ ដើម្បីអបអរការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។

រីឯលោកឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ Sponsor នោះ អះអាងថា ព្រឹត្តិការណ៍នោះកាន់តែរំភើប ព្រោះមានការប្រលងបវរកញ្ញាពលករខ្មែរ នៅកូរ៉េ ហើយបេក្ខជនទាំងអស់ចូលរួមប្រកួតមិនចំណាយលុយទិញពាក្យស្នើសុំឡើយ គឺគ្រាន់តែចំណាយ២០ដុល្លារ សម្រាប់អាហារប៊ុហ្វេតែប៉ុណ្ណោះ ហើយថ្ងៃនោះ ពិតជាអស្ចារ្យណាស់ ព្រោះមានការសម្តែងសិល្បៈ មានតារាល្បីៗមកពីកម្ពុជា ហើយពលករ ត្រូវស្លៀកពាក់ស្អាតបាត នៅពេលដែលពួកគាត់ជាប់ ហើយពេលវិលត្រឡប់មកស្រុកខ្មែរវិញ ពួកគាត់ចង់សម្តែងសិល្បៈនោះ គឺមានអ្នកនាងចន ច័ន្ទលក្ខិណា ជាអ្នកជ្រោមជ្រែង៕

RELATED ARTICLES