អ្នកនិពន្ធនិងដឹកនាំសម្តែងល្បីឈ្មោះ អ្នកស្រីពាន់ ភួងបុប្ផា ដែលចេញពីទូរទស្សន៍ CTN ចូល Town នោះ ស្រាប់តែពេលនេះមានព័ត៌មានថា អ្នកនិពន្ធជើងចាស់រូបនេះ បានផ្លាស់ទ្រនំចាស់រកទ្រនំថ្មីទៀតហើយ តាមរយៈការចូលទៅជ្រកនៅទូរទស្សន៍ PNN វិញម្តង។
ប្រភពបានឱ្យដឹងថា ពេលនេះ អ្នកស្រីពាន់ ភួងបុប្ផា កំពុងផលិតរឿងភាគខ្មែរមួយ ដែលមានតារាសម្តែងប្រុសសង្ហា យឹត មាសឧស្សាហ៍ ហៅ Edwin ប៉ះជាមួយស្រីស្អាតកញ្ញាវិជ្ជរ៉ា និងតារាល្បីៗជាច្រើនដួងទៀត។
ប្រភពបានឱ្យដឹងថា អ្នកស្រីពាន់ ភួងបុប្ផា បានចុះកុងត្រាជាមួយទូរទស្សន៍ថោន ហើយក្នុងការផលិតរឿងភាគជាច្រើនរឿងឱ្យទូរទស្សន៍នេះហើយ អ្នកស្រីបុប្ផា មិនមានសិទ្ធិផលិតរឿងភាគឱ្យប៉ុស្តិ៍ណាផ្សេងទៀតឡើយ។ ប៉ុន្តែសម្រាប់រឿងដុំ ដែលដាក់បញ្ចាំងនៅលើរោងកុនវិញ អ្នកស្រីពាន់ ភួងបុប្ផា នៅតែបន្តផលិតសម្រាប់ផលិតកម្មផ្ទាល់ “ផ្កា៥” របស់គាត់បានដូចមុនដដែល។
ជុំវិញការដើរចេញពី Town ចូលទៅ PNN នេះ នាំឱ្យមានពាក្យខ្សឹបខ្សៀវជាច្រើនថា អ្នកនិពន្ធនិងដឹកនាំរឿងជើងចាស់ អ្នកស្រីពាន់ ភួងបុប្ផា មានបញ្ហាទំនាស់ជាមួយថោន ទើបប្តូរទ្រនំនៅពេលនេះ។
ប៉ុន្តែក្នុងជំនួបជាមួយអ្នកស្រីបុប្ផា នៅថ្ងៃមង្គលការលោកញ៉ែម សុគន្ធ កាលពីពេលថ្មីៗនេះ អតីតអ្នកនិពន្ធនិងដឹកនាំ សម្តែងរបស់ CTN រូបនេះ បានប្រាប់ថា កំពុងផលិតរឿងថ្មីមែន ដោយថែមទាំងបង្ហាញតារាស្រីដែលបានជ្រើសយកសម្តែងក្នុងរឿងនោះផងដែរ តែអ្នកស្រីបុប្ផា មិននិយាយរឿងចេញពីថោន ចូល PNN នោះឡើយ។
អ្នកយកព័ត៌មានយើងក៏បានព្យាយាមទាក់ទងតាមទូរស័ព្ទទៅអ្នកស្រីពាន់ ភួងបុប្ផា ជាច្រើនលើក កាលពីម្សិលមិញដែរ តែទូរស័ព្ទចូលគ្មានអ្នកលើកឡើយ។
រយៈពេលដែលអ្នកស្រីពាន់ ភួងបុប្ផា ឈរជើងនៅផលិតកម្មថោននោះ អ្នកនិពន្ធនិងដឹកនាំជើងចាស់នេះ បានផលិតភាពយន្តខ្នាតធំ ឱ្យថោន រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលប្រជុំទៅដោយតារាល្បីៗជាច្រើនដួង ពិសេស គឺអ្នកនាងអម្ពរ ទេវី ដែលផ្អាកសម្តែងភាពយន្តជាង១០ឆ្នាំទៅហើយនោះ បានវិលមកបើកឆាកសាជាថ្មីវិញ តាមរយៈស្នាដៃរបស់អ្នកស្រីបុប្ផា។
អតីតអ្នកនិពន្ធនិងដឹកនាំសម្តែងរបស់ Town នេះ ក៏ធ្លាប់អះអាងថា ថោន បានផ្តល់តាមការសំណូមពរគ្រប់យ៉ាង តាមការចង់បានរបស់គាត់ ពិសេស គឺការទិញឧបករណ៍ទំនើបៗ និងម៉ាស៊ីនថតថ្លៃៗសម្រាប់ថតកុន តែពេលនេះ អ្នកស្រីបុប្ផា ដែលធ្លាប់ជួយជ្រោមជ្រែងឱ្យតារាៗប្រុសស្រីជាច្រើនដួង ពិសេស គឺកញ្ញាមាន សូនីតា នោះ សម្រេចចិត្តបាយបាយពីថោន ផ្ញើខ្លួនជាមួយ PNN ទៅហើយ៕