តារាចម្រៀងស្រីល្បីល្បាញរបស់ផលិតកម្មថោន និង Camtrax មាស សុខសោភា បានបញ្ចោញក្បាច់រាំយ៉ាងសាហាវ ស្ទើរតែមិនគួរឱ្យជឿឡើយ តាមរយៈបទថ្មីរបស់នាងដែលទើបចេញជា Audio គឺបទ “ខ្យល់”។ បទនេះបើប្រៀបធៀបបទមុនៗរបស់មាស សុខសោភា គឺតារាចម្រៀងល្បីរូបនេះបានកែក្បាច់រាំស្ទើរតែទាំងស្រុង តែគេមិនដឹងថា នាងអាចនឹងផ្ទុះខ្លាំងជាមួយបទមួយនេះ ឬយ៉ាងណានោះឡើយ ព្រោះ MV មិនទាន់ចេញ។
ប៉ុន្តែ មហាជនជាច្រើនបានគិតថា ការលេងក្បាច់រាំកាន់តែប្លែកខ្លាំងទៅៗ នៅចុងឆ្នាំ២០១៨ របស់មាស សុខសោភា នៅពេលនេះ គឺចំពេលដែលសិស្សប្អូន រ៉ាប៊ី កំពុងល្បីបទ “លុយ លុយ លុយ” ដែលមានក្បាច់រាំគួរឱ្យចាប់អារម្មណ៍ផងដែរ ហេតុនេះហើយបានជាមានការលើកឡើងថា សោភា ចង់រារាំងផ្លូវរ៉ាប៊ី កុំឱ្យលោតមកតាមខ្លួនទាន់។
ថ្វីត្បិតតែមានការលើកឡើងបែបនេះក្តី តែនាងក្រុមអ្នកជំនាញសិល្បៈ បានលើកឡើងថា មិនអាចយកសមត្ថភាពរបស់មាស សុខសោភា ទៅប្រៀបធៀបជាមួយរ៉ាប៊ី នោះ បានឡើយ ព្រោះថាសោភា ទៅដល់ចំណុចកំពូលទៅហើយ តែរ៉ាប៊ី ទើបបោះជំហ៊ាន។ ដោយឡែក ទឹកដមសំឡេងវិញ មាស សុខសោភា គ្មានអ្នកចម្រៀងស្រីណាក្រៅពីឱក សុគន្ធកញ្ញា ត្រូវបានគេហ៊ានយកទៅផ្គូរផ្គងឡើយ។ ប៉ុន្តែ រ៉ាប៊ី វិញ ទឹកដមសំឡេងមធ្យម រូបសម្រស់ស្អាត និងមានក្បាច់រាំគួរឱ្យក្នាញ់ ហេតុនេះហើយបានជាស្រីស្អាតនេះ លោតមកឈរក្នុងតំណែងតារាចម្រៀងស្រីទី២ នៅថោន បន្ទាប់ពី សោភា នៅពេលនេះ។
ក្រៅពីត្រូវបានមហាជនលើកឡើងថា មាស សុខសោភា លេងក្បាច់រាំចម្លែក ដើម្បីទប់ទល់ជាមួយរ៉ាប៊ី នោះ កន្លងមកក៏ធ្លាប់លេចឮថា តារាចម្រៀងទាំង២ ជ្រកកោនក្រោមដំបូលផលិតកម្មតែមួយនេះ មិនសូវចុះសម្រុងគ្នាឡើយ រហូតដល់មានអ្នកខ្លះថា ពួកគេមិនសូវត្រូវគ្នាទៀតផង។ ប៉ុន្តែ ដំណងនេះត្រូវបានរ៉ាប៊ី ច្រានចោល ដោយអះអាងថា គ្មានរឿងអាក្រក់បែបនេះកើតឡើងនោះទេ គឺនាងនិងសោភា រាប់អានគ្នាធម្មតា ហើយនាងថែមទាំងចាត់ទុកថា ការច្រៀងបទស្លូវ គ្មានអ្នកណាច្រៀងឈ្នះសោភា ជារៀមច្បងរបស់នាងនោះទៀតផង។
មាស សុខសោភា ច្រៀងនៅផលិតកម្មថោន ដោយគ្មានកុងត្រា ហើយថៅកែផលិតកម្មនេះ ថែមទាំងផ្តល់សិទ្ធិឱ្យនាងគ្រប់បែបយ៉ាង តាមរយៈការធ្វើបទចម្រៀងចេញខ្លួនឯងចេញនៅផលិតកម្ម Camtrax របស់នាងទៀតផង។ យ៉ាងណា ដំណឹងថា មាស សុខសោភា អាចនឹងចូលទៅផលិតកម្មរស្មីហង្សមាសនោះ នៅមិនទាន់ស្ងប់ឡើយ តែសាមីខ្លួនផ្ទាល់សោភា អះអាងថា នាងត្រូវការពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វើការសម្រេចចិត្តពីអនាគតថា ទៅហង្សមាស ឬអត់នោះ?
ដោ ឡែក ប្រភពដែលស្និទ្ធសោភា បានឱ្យដឹងថា អ្នកចម្រៀងទៅដល់ផលិតកម្មណាក៏នៅតែល្បី មាស សុខសោភា អាចបន្តច្រៀងនៅថោន តទៅទៀត ព្រោះបើទៅហង្សមាស ច្បាស់ជាផលិតកម្មធំនោះ ទាមទារកុងត្រាជាមួយនាង និងមិនអនុញ្ញាតឱ្យសោភា ច្រៀងនៅផលិតកម្ម Camtrax ទៀតឡើយ។
ប្រភពនោះបានឱ្យដឹងថា ស្វាមីមាស សុខសោភា គឺអាណិកជនខ្មែរ នៅកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រង Camtrax នោះ ចង់ឱ្យសោភា ច្រៀងនៅផលិតកម្មណា ដែលមានសិទ្ធិសេរីភាពពេញលេញ ជាជាងចូលទៅជាប់ចំណងរបស់គេ។ ដោយឡែក រឿងរៀបការនោះ សោភា និងលោករ៉ាដា ដែលរួមរស់ជាមួយគ្នា១១ឆ្នាំនោះ នៅតែមិនកំណត់វេលាជាក់លាក់ក្រាបផ្ទឹមឡើយ៕