ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ ហេតុតែដាច់យ៉ៃ អត់លុយចាយ ក៏បែកគំនិតបបួលគ្នា ធ្វើសកម្មភាពដើរលូកហោប៉ៅលួចទូរស័ព្ទ នៅទីប្រជុំជន ទីបំផុតអស់លក្ខណ៍ ត្រូវម្ចាស់គេតាមទាន់ ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង២០ទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកន្លែងតាំងពិព័រណ៌ប្រគំតន្ត្រីមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាគូស្នេហ៍ខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក និងទី២-ឈ្មោះនី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នា។ ចំណែកជនរងគ្រោះ មានឈ្មោះកង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែក ទូរស័ព្ទដែលជនសង្ស័យ លួចម៉ាក iPhone 7 Plus តម្លៃលជាង៥០០ដុល្លារ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងក្រុមគ្រួសារបាននាំគ្នាទៅមើលការតាំងពិព័រណ៌ និងប្រគំតន្ត្រី នៅចំណុចកើតហេតុខាងលើ។ បន្ទាប់មកជនសង្ស័យឈ្មោះនួន វិបុល បានចូលមកធ្វើសកម្មភាពលូកយកទូរស័ព្ទរបស់នាង រួចហុចបន្តទៅឱ្យដៃគូ របស់គេឈ្មោះនី ស្រីពុំ ដើម្បីរំដោះចេញទៅ។
ភ្លាមៗនោះ នាងមិនបានដឹងខ្លួនថាទូរស័ព្ទរបស់នាងបានបាត់នោះទេ លុះបន្តិចក្រោយមក ទើបនាងស្ទាបរកទូរស័ព្ទក្នុងហោប៉ៅមិនឃើញ ទើបផ្អើលដើរតាមរក ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ កំពុងលូកលួចយកទូរស័ព្ទមុនស្សម្នាក់ផ្សេងទៀត ទើបនាងបានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ ព័ទ្ធចាប់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗតែម្តង៕