Wednesday, January 22, 2025
Homeព័ត៌មានជាតិឪទុរយស! វ៉ៃបង្ខំកូនប្រុសឲ្យដើរសុំទាន

ឪទុរយស! វ៉ៃបង្ខំកូនប្រុសឲ្យដើរសុំទាន

ខេត្តបន្ទាយមានជ័យ ៖ ប្រតិបត្តិការចាប់ខ្លួនជនកំណាចវាយដំ ធ្វើទារុណកម្មកូនប្រុសឱ្យដើរសុំទាននេះ ធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ុ រ៉ា អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកក្មេងប្រុសរងគ្រោះ ទើបនឹងមានអាយុ៤ឆ្នាំ ៨ខែប៉ុណ្ណោះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដោយមើលឃើញព័ត៌មានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដែលបង្ហាញវីដេអូឃ្លីប របស់កុមារារងគ្រោះអាយុ៤ឆ្នាំ ៨ខែ ត្រូវឪពុកវាយធ្វើបាប បង្ខំឱ្យដើរសុំទានតាមផ្សារ និងទីប្រជុំជននានាក្នុងក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីខាងលើ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំគោលការណ៍ចុះអនុវត្តន៍តាមនីតិវិធី។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបន្តថា ក្រោយពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរួចមក លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ុ រ៉ា ដើម្បីយកមកសាកសួរ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ចំណែកកុមាររងគ្រោះ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជូនទៅជីដូនបង្កើតរបស់កុមាររងគ្រោះឈ្មោះ សោម សារ៉េត អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជាមួយនេះ ដោយមើលឃើញពីស្ថានភាពជីវភាពរបស់ជីដូនកុមាររងគ្រោះជួបការលំបាក លោកវរសេនីយ៍ត្រី នួន នីណារ៉ូ និងសហការីបាននាំយកអំណោយ រួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម រួមនឹងថវិកាចំនួន ១លានរៀលផងដែរ ទៅប្រគល់ជូនស្ត្រីជាជីដូនគ្រាន់ដោះស្រាយជីវភាព៕

RELATED ARTICLES