Tuesday, January 21, 2025
Homeព័ត៌មានជាតិស្រីស្នេហ៍សុំបែក ប្រុសផឹកថ្នាំកណ្តុរសម្លាប់ខ្លួន

ស្រីស្នេហ៍សុំបែក ប្រុសផឹកថ្នាំកណ្តុរសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ព្រោះតែខូចចិត្តនឹងរឿងសង្សាររបស់ខ្លួនសុំបែកចែកផ្លូវ ក៏ដាច់ចិត្តគិតខ្លីលេបថ្នាំកណ្តុរសម្លាប់ខ្លួន និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតដែរ តែអកុសល ក្រុមគ្រូពេទ្យអស់លទ្ធភាពសង្គ្រោះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ នៅខេត្តបាត់ដំបង។

យុវជនខូចចិត្តរឿងសង្សារសុំបែក សម្រេចចិត្តផឹកថ្នាំកណ្តុរធ្វើអត្តឃាតនេះ មានឈ្មោះមើង សាម៉ាក់ អាយុ២៧ឆ្នាំ ធ្វើការ និងស្នាក់នៅខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកនារីជាសង្សារ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Eii Kha។

យោងតាមគណនីហ្វេសប៊ុករបស់នារីជាសង្សារ ឈ្មោះ Eii Kha កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ បានបង្ហោះសារឈឺចាប់ និងសោកស្តាយមួយថា “បងហា៎ ម៉េចបានជាបងដាច់ចិត្តម៉្លេះ? ហើយដែលថាត្រូវតែរឹងមាំដើម្បីអូន ការពារអូន ថែរក្សាអូន កាលពីម្សិលមិញយើង និយាយពីរឿងចិញ្ចៀនភ្ជាប់ពាក្យ បងសួរអូនថា ស្រលាញ់ចិញ្ចៀនដូចម្តេច? អូនថាស្រលាញ់ចិញ្ចៀនមាស អត់ស្រលាញ់ចិញ្ចៀនពេជ្រទេ ហើយអូនថា យកតែពីរជីអីបានហើយ តែបងថាយកប្រាំជីឱ្យអូន បងតែងធ្វើដើម្បីអូនគ្រប់យ៉ាង បងស្រលាញ់អូនខ្លាំងណាស់ ហេតុអីបងទៅគិតខ្លីម៉្លេះ? សូមឱ្យបងទៅកាន់សុគតិភពចុះ មនុស្សល្អរបស់អូន…”។

ម្ចាស់គណនីខាងលើ បន្តថា “ថ្ងៃទី២៧នេះ ខួបកំណើតអូន បងថាចង់លើកថ្ងៃធ្វើពីរនាក់អូនហ៎ មិចបងឯងកុហកអូន? បងដឹងហើយថា អូនស្អប់បំផុតមនុស្សកុហកអូន ហើយបងធ្លាប់សន្យាថា ឈប់កុហកអូនទៀតហើយ ម៉េចពេលនេះបងទៅចោលអូន? ខ្វះតែពីរខែទៀតទេ Anniversary 4years របស់យើងហើយ (ឈ្លោះត្រូវឈ្លោះត្រូវតែនៅតែមិនទៅណាចោលគ្នា) ហេតុអីពេលនេះបងទៅចោលអូន?…”។

ដោយឡែកផ្ទុយពីការរៀបរាប់របស់សង្សារជនរងគ្រោះខាងលើ មិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះ បែរជាអះអាងថា មិត្តស្រីរូបនេះ គ្រាន់តែសម្តែងឱ្យគេអាណិត យល់ថាខ្លួនជាជនរងគ្រោះប៉ុណ្ណោះ តែតាមពិតនាងជាដើមចមធ្វើឱ្យមិត្តប្រុសធ្វើអត្តឃាត ដោយសារតែនាងក្បត់មានបុរសថ្មីជាអ្នកមាន និងសុំបែកជនរងគ្រោះដែលបានស្រលាញ់ប្រមាណ៤ឆ្នាំនេះ។

យោងតាមមិត្តភក្តិរបស់ជនរងគ្រោះមួយរូប ដែលសុំមិនបញ្ចោញឈ្មោះ បានបញ្ជាក់ប្រាប់ថា “រឿងនេះអយុត្តិធម៌ណាស់ សំរាប់មិត្តខ្ញុំម្នាក់ហ្នឹង គេស្លាប់ទៅហើយ មិនគួរណាមិត្តស្រីគេនិយាយកុហកបែបហ្នឹងសោះ សុំបែកហើយទៅចោលគេហើយ ឱ្យគេខ្លោចចិត្តប៉ុណ្ណឹងហើយ បែរមកនិយាយបែបនេះទៀត រៀនបានខ្ពស់ ធ្វើការងារសុទ្ធកន្លែងល្អ មិនគួរណានិយាយកុហកចឹងសោះ”។

មិត្តភក្តិរបស់ជនរងគ្រោះរូបនេះបន្តថា ជនរងគ្រោះធ្លាប់ប្រាប់ខ្ញុំថា “សង្សារអញគេមានថ្មី ជិតការចោលអញហើយ អញតាមទាន់ហើយ ប្រុសថ្មីនោះជាអ្នកមាន អញអង្វរគេដែរ តែគេមិនស្តាប់ទេ គេក៏សុំបែកទៀត”។

ប្រភពដដែលបន្ថែមថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅ ហូបការគេក្នុងទឹកមុខក្រៀមក្រំ ស្រងូតស្រងាត់មិននិយាយស្តី ដៃគិតតែលេងទូរស័ព្ទផ្ញើរសារ និងមើលរូបថត ហើយទៅហូបការគេ បានមួយភ្លែត ជនរងគ្រោះក៏សុំចេញមកមុន ស្រាប់តែបន្តិចក្រោយមក ក៏ឮដំណឹងអកុសលមួយនេះតែម្តង។

ចំណែកគណនីហ្វេកប៊ុកមួយផ្សេងទៀត ដែលអះអាងថា ត្រូវជាម្តាយមីងរបស់ជនរងគ្រោះ បានរៀបរាប់ថា “ខ្ញុំបានអានសារក្នុងទូរស័ព្ទ ក្មួយខ្ញុំអស់ហើយ ខាងស្រីបានសុំបែក ព្រោះនាងមានអ្នកថ្មីដែលជាអ្នកមានក្មួយប្រុសបានសុំអង្វរនាង តែនាងនៅតែសុំបែក ក្មួយប្រុសខ្ញុំបានប្រាប់នាងថា បងលាអូនទៅឥឡូវហើយ បើបងទៅបាត់ អូននិងគេនឹងមានសេចក្តីសុខសរសេរមិនអស់ទេ ព្រោះសារច្រើនណាស់។ តែចង់សួរខាងស្រី ហេតុអីដឹងថា គាត់ប្រាប់ថា នឹងធ្វើរឿងបែបនេះ ហេតុអីមិនប្រាប់ដល់មិត្ត រឺប៉ាម៉ាក់ខាងប្រុសឱ្យដឹងទាន់ពេល គេឆ្ងល់គ្រប់គ្នា ទើបនឹងបើក phone ម្ចាស់ទូរស័ព្ទទើបដឹងការពិតមកពីខាងស្រីមានថ្មី ហើយអង្វរហើយនៅតែបែក…”។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែម ពីភាគីនារីជាសង្សាររបស់ជនរងគ្រោះក៏ដូចជា ក្រុមគ្រួសារជនរងគ្រោះផ្ទាល់បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES