Wednesday, January 22, 2025
Homeព័ត៌មានជាតិគោបាវេទមន្ត ចោរប្លន់អត់បាន បាញ់ម្ចាស់ធ្លាយភ្លៅ

គោបាវេទមន្ត ចោរប្លន់អត់បាន បាញ់ម្ចាស់ធ្លាយភ្លៅ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ១ក្រុម បានសម្រុកចូលផ្ទះប្រជាពលរដ្ឋម្នាក់ ភ្ចង់គំរាមសួររក “គោបាវេទមន្ត” លុះខឹងប្លន់មិនបានតាមបំណង ក៏បើកការបាញ់រះ បណ្តាលឱ្យបុរសជាប្រជាការពារម្នាក់ដែលស្ទុះចូលទៅជួយ រងរបួសបាក់ភ្លៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។

ជនរងគ្រោះ ដែលត្រូវក្រុមចោរប្លន់បាញ់បាក់ភ្លៅ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។ មានឈ្មោះវ៉ាត់ សុខសាន្ត អាយុ២៧ឆ្នាំ មុខរបរប្រជាការពារភូមិ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះ ដែលត្រូវក្រុមជនសង្ស័យចូលភ្ជង់គំរាមប្លន់ គោបាវេទមន្តនោះ ឈ្មោះស៊ុយ គឹម មានប្រពន្ធឈ្មោះចាន់ ផល ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់រួមនឹងប្រជាការពារម្នាក់ទៀត កំពុងតែអង្គុយជុំគ្នានៅ ចម្ងាយប្រមាណ២០០ម៉ែត្រ ពីកន្លែងកើតហេតុ។ ពេលនោះ ក៏បានឮតាមវិទ្យុទាក់ទងថា មានករណីប្លន់ប្រដាប់អាវុធមួយកើតឡើង នៅផ្ទះឈ្មោះ ស៊ុយ គឹម។ ភ្លាមនោះ គាត់និងប្រជាការពារម្នាក់ទៀត បានស្ទុះទៅកន្លែងកើតហេតុ ក្នុងគោលបំណងទៅជួយជនរងគ្រោះ។ តែអកុសល ទៅមិនទាន់ដល់ផង ក៏ត្រូវជនល្មើសបាញ់ជាច្រើនគ្រាប់ស្រោចមកលើគាត់ បណ្តាលឱ្យត្រូវចំភ្លៅខាងឆ្វេងតែម្តង។

ចំណែកស្ត្រីជាម្តាយជនរងគ្រោះ បានឱ្យដឹងដែរថា រូបគាត់អត់បាននៅកន្លែងកើតហេតុនោះទេ គឺទៅចូលរួមក្នុងពិធីបុណ្យនៅក្នុងវត្ត ដំរីកូន ហៅវត្តថ្មី ប៉ុន្តែក្រោយពេលកើតហេតុ គាត់បានមកដល់ទើបដឹងថាមានចោរច្រើននាក់ បានទៅប្លន់ផ្ទះឈ្មោះស៊ុយ គឹម ប៉ុន្តែមិនយកបាន យកទ្រព្យសម្បត្តិអ្វីនោះទេ ដោយសារតែផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាការពារទៅចូលជួយ។ ទោះបីជាយ៉ាងនេះក្តី ម្ចាស់ផ្ទះឈ្មោះស៊ុយ គឹម ត្រូវបានចោរវាយ បណ្តាលឱ្យហើមមុខហើមមាត់។ ចំណែកស្ត្រីជាអនុប្រធានភូមិដំរីកូន ឈ្មោះហែម វួន ក៏ត្រូវចោរចាប់ចងជាប់ផងដែរ។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា តាមការពិនិត្យបឋម ទ្រព្យសម្បត្តិដែលត្រូវបាត់បង់មានចិញ្ចៀន ប្លាទីន២វង់ ទូរស័ព្ទដៃ២គ្រឿង និងប្រាក់ខ្មែរ៥ម៉ឺនរៀល។ ចំណែកនៅកន្លែងកើតហេតុ សមត្ថកិច្ចរកមិនឃើញសំបកគ្រាប់កាំភ្លើងនោះទេ តែសង្ស័យថា ក្រុមជនល្មើសប្រើកាំភ្លើងខ្លីម៉ាករ៉ូឡូ៕

RELATED ARTICLES