ស្រីស្អាតសាច់សខ្ចី សួង ខារ៉ារ៉ានី ហៅពីងពីង បានប្រកាសថា នាងសូមផ្អាកថតភាពយន្ដ រយៈពេល៦ខែសិន ហើយនៅពាក់កណ្ដាលឆ្នាំ២០១៩ ទើបនាងវិលត្រឡប់មករកអាជីពចាស់ឡើងវិញ។
ការសម្រេចចិត្តរបស់តារាសិចស៊ី សាខារ៉ានីតនៅពេលនេះ ស្របពេលដែលនាងទើបឡើងកូដ តាមរយៈរឿង ”កូនក្រក” របស់ផលិតកម្ម LD Picture ក្នុងនាមជាតួឯក ហើយស្រីស្រស់រូបនេះភ័យស្ទើរលស់ព្រលឹង ពេលដែលត្រូវគេចាប់វះពោះយកកូនក្នុងផ្ទៃ ហើយស្រាប់តែសុខៗ នៅពេលនេះនាងប្រកាសដកថយពីការសម្ដែងទៅវិញ។
តារាសិចស៊ីសួងសាខារ៉ានីត វាចាថា ”ខ្ញុំសូមផ្អាកកន្លះឆ្នាំសិន ព្រោះអីខ្ញុំជាប់រវល់គិតចង់រកស៊ីលក់ខោអាវ យកមកពីក្រៅប្រទេស ហើយឥឡូវកំពុងតែសិក្សាហើយ។ ខ្ញុំមិនទាន់បើកហាងនៅពេលនេះទេគ្រាន់តែយើងសិក្សាមើលសិន ទៅលើការរកស៊ីលក់ខោអាវហ្នឹង បើល្អ អាចទៅរួច នឹងបើកឆាប់ៗនេះ។ការផ្អាកថតកុននេះ ខ្ញុំត្រូវខាតអស់៦រឿង ដែលគេទាក់ទងមក តែធ្វើម៉េច បើខ្ញុំត្រូវសម្រេចចិត្តសម្រាកសិនហើយគឺចាំមានពេលគ្រប់គ្រាន់ ទើបមកវិញ”។
សួងសាខារ៉ានីត ប្រាប់ថា មិនភ័យខ្លាចធ្លាក់កូដនៅពេលដែលនាងបាត់មុខកន្លះឆ្នាំនេះទេ ហើយការផ្អាកថតភាពយន្ដនៅពេលនេះ មិនមានគូស្នេហ៍រារាំងផ្លូវនាងឡើយតែជាការដកថយមួយរយៈ ដើម្បីមកវិញរកអ្វីថ្មីៗ ពិសេស គឺមុខរបរផ្ទាល់ខ្លួនក្រៅពីសិល្បៈ។
តារាដែលចូលចិត្តសម្ដែងជាតួកាចឆ្នាសឆ្នើម សាខារ៉ានីត ក៏បានឲ្យដឹងថា ការប្រឡូកសិល្បៈរបស់នាងនាពេលកន្លងមក គឺដោយសមត្ថភាពពិតៗ មិនដូចគេថា ចង់បានតួឯកត្រូវដោះដូរខ្លួនប្រាណនោះឡើយ៕