ខេត្តកោះកុង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ តារាសម្តែង លោកអ៊ឹម ជីវ៉ា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅទឹកដីស្រុកស្រែអំបិល ខណៈដែលលោក និងក្រុមការងារ បានធ្វើដំណើរឆ្ពោះទៅចូលរួមពិធីបុណ្យសមុទ្រនៅឯខេត្តកោះកុង ហើយហេតុការណ៍គ្រោះថ្នាក់នោះ បានបណ្តាលឱ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអធ័ម នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូលេខ២២-២៣ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល។
បុរសរងគ្រោះ ដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តរបស់តារាសម្តែង អ៊ឹម ជីវ៉ា មានឈ្មោះញន ប្រុស អាយុ៤៩ឆ្នាំ មានលំនៅភូមិ៤ ក្រុងខេមរភូមិន្ទ។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកអ៊ឹម ជីវ៉ា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហោះរូបភាព បង្ហាញពីទិដ្ឋភាព គ្រោះថ្នាក់ក្រឡាប់រថយន្ត ព្រមទាំងបានបង្ហោះសាររៀបរាប់ថា “បងប្អូនអើយ ពេលនេះខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ តែខ្ញុំបាទ និងក្រុមការងារបួននាកទៀត មិនអីទេ លើកទី១ហើយ ខ្ញុំជួបរឿងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងហ្នឹងទេ ទុកសំរាប់ទៅណា មកណា ជាពិសេសកម្មវិធីសិល្បៈ ពេលនេះចប់ហើយ ជាពិសេសខ្ញុំពិតជាមានការសោកស្តាយ បំផុតដែលបងប្រុសបើកឡានឱ្យខ្ញុំ គាត់ទទួលមរណ ភាពក្នុងឧប្បទ្ទវហេតុនេះ ខ្ញុំរន្ធត់ណាស់ ខ្ញុំមិនអាចទទួលយកអារម្មណ៍មួយនេះបានទេ…”។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល ដើម្បីរង់ចាំ ដោះស្រាយពេលក្រោយ។ ចំណែកសាកសព ត្រូវបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕