ភ្នំពេញ៖ បុរសម្នាក់ ត្រូវជនដៃដល់មានគ្នា03នាក់ ដែលសុទ្ធសឹងជាសាច់ញាតិខាងប្រពន្ធ ដេញកាប់បណ្ដាលឲ្យរងរបួសដៃនិងក្បាលឈាមហូរស្រោចខ្លួនសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង5 និង40នាទីល្ងាច ថ្ងៃទី28 ខែសីហា ស្ថិតនៅតាមផ្លូវបេតុងផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះដោយសារជនដៃដល់កាប់ឲ្យរងរបួសបាននិយាយទាំងត្រដរខ្យល់ថាខ្លួនមាន ឈ្មោះ សុម៉ាលី អាយុ30ឆ្នាំ មុខរបរជាងតទឹកនិងភ្លើង ស្នាក់នៅបន្ទប់ជួលម្ដុំផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកក្រុមជនបង្កមានគ្នា03នាក់ហើយត្រូវជាបងប្អូនខាងប្រពន្ធរបស់ខ្លួនទៀតផង ក្រោយកើតហេតុរត់គេចខ្លួនបាត់។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាខាងលើគេឃើញជនរងគ្រោះមិនដឹងថាដើរមកពីណាទេបានប្រតាយប្រតប់គ្នានៅមុខរោងចក្រ សាន់ស្កាយ ជាមួយយុវជនម្នាក់លុះបានបន្តិចស្រាប់តែលេចមុខបក្សពួក02នាក់បន្ថែមទៀត ក្នុងនោះម្នាក់ក្នុងដៃកាន់កាំបិតបុ័ងតោមួយមកកាប់ប្រហារលើជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះខំប្រឹងស្រវេស្រវារត់គេចពីជើងទៅត្បូង ស្រែកឲ្យគេជួយ ហើយបានស្រាតខោចេញបន្តរត់ឡើងទៅបន្ទប់ជួលជាន់ទី02 នៅជិតកន្លែងកើតហេតុ ដេកដួលក្នុងថ្លុកឈាម ។
ចំណែកជនរងគ្រោះបានបង្ហើបប្រាប់ទាំងត្រដាបត្រដួសថា ជនដៃដល់សុទ្ធតែជាសាច់ញាតិខាងប្រពន្ធរបស់គាត់ ចំពោះមូលហេតុវិញមិនបានប្រាប់លម្អិតទេព្រោះរងរបួសធ្ងន់ ពេក ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្តសង្គ្រោះរបស់អង្គភាព711បានដឹកជនរងទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមះដើម្បីព្យាបាលជំងឺ ហើយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវមុខសញ្ញាដើម្បីឃាត់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕
ថោង ធីម