ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសកម្ពុជា -វៀតណាម ពិភាក្សាគ្នា ដើម្បីឈានទៅរកការឯកភាពជារួម លើលិខិតស្នើសុំរបស់កម្ពុជា និងវៀតណាម ទៅកាន់ប្រធានាធីបតី នៃប្រទេសបារាំង ឲ្យជួយផ្តល់អ្នកជំនាញ បច្ចេកទេសខាងផែនទី នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែលនេះ ។
ចំពោះលទ្ឋផលភាគីទាំងពីរ បានឯកភាពគ្នានឹងធ្វើលិខិតរួមមួយផ្ញើ ទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរពិនិត្យចុះហត្ថលេខា មុនពេលផ្ញើបន្តទៅប្រធានាធិបតីបារាំង ដើម្បីសុំបញ្ជូនអ្នកជំនាញបច្ចេកទេស និងផែនទី ។
គួររំលឹកថា កាលពីថ្ងៃ១៨ សីហា ឆ្នាំ២០១៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានផ្ញើកំណត់ទូត តវ៉ាទៅក្រសួងការបរទេស វៀតណាម ពាក់ព័ន្ធទៅនឹងការ រំលោភបំពាន របស់វៀតណាម តាមបណ្តោយព្រំដែន ដូចជា នៅខេត្តកណ្តាល ខេត្តតាកែវ ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ។
តាមរយៈកំណត់ការទូតនេះ ទើបនាំឲ្យមានកិច្ចប្រជុំរវាងប្រទេសទាំង២ ធ្វើឡើងនៅពេលនេះ ៕
សហការី