Tuesday, January 21, 2025
Homeព័ត៌មានជាតិឈូសឆាយរំលោភដីព្រៃលិចទឹក ជាប់ខ្នោះ៤នាក់

ឈូសឆាយរំលោភដីព្រៃលិចទឹក ជាប់ខ្នោះ៤នាក់

ខេត្តកំពង់ធំ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងមានការចូលរួមពីលោកវរៈសេនីយ៍ទោ ស សុបិន្ត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកជា សុវណ្ណថេត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បានចុះឃាត់ ត្រាក់ទ័រចំនួន២គ្រឿង និងមនុស្សចំនួន៤ ដែលកំពុងតែឈូសឆាយដីធ្វើស្រែ នៅចំណុចវាលស្រង៉ែ តំបន់ផ្អែកដំបង (ដីព្រៃលិចទឹកតំបន់៣) ក្នុងទឹកដីឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកៀម កុយ ភេទប្រុស អាយុ៤៤ឆ្នាំ ទី២-ឈ្មោះវាន់ ណារ៉េត ភេទស្រី អាយុ៤០ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិអូរកន្ធជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន។ ទី៣-ឈ្មោះសឿន ដារ៉ូ ហៅក្រឹង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ និងទី៤-ឈ្មោះរួន ណារៀម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។

លោកខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងដកហូតវត្ថុតាងត្រាក់ទ័រ២គ្រឿង ខណៈដែលពួកគេ បានប្រើត្រាក់ទ័រឈូសឆាយរំលោភលើដីព្រៃលិចទឹក។

លោកអធិការបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES