ខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្ស ដែលកំពុងរៀនសូត្រនៅក្នុងអនុវិទ្យាល័យបាលិលេយ្យ ជិត១០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ខណៈដែលលោកគ្រូអ្នកគ្រូក្នុងសាលា និយាយថា មិនមែនជាការពុលចំណីអាហារនោះទេ សង្ស័យដោយសារតែសិស្សម្នាក់ដួលសន្លប់ ហើយសិស្សផ្សេងទៀតបានឃើញក៏ភ័យដួលសន្លប់តាមគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមសិស្សអនុវិទ្យាល័យបាលិលេយ្យ បានទៅចូលរួមទិវាបរិស្ថាន បោសសំអាតអនាម័យតាមដងផ្លូវជាតិ ជាមួយអាជ្ញាធរ លុះដើរធ្វើអនាម័យតាមដងផ្លូវ ហត់នឿយអស់កម្លាំងខ្លាំងពេក ត្រឡប់មកដល់សាលាវិញ ក៏កើតរឿងបែបនេះតែម្តង។
ក្រោយកើតមានករណីសិស្សដួលសន្លប់បែបនេះ លោកគ្រូអ្នកគ្រូ បានប្រញាប់ទាក់ទងសុំអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋាន និងបានទាក់ទងហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ក្នុងនោះមានទាំងរថយន្តនគរបាល និងអាវុធហត្ថ ហើយសិស្សមួយចំនួនបាន ចូលទៅព្យាបាលក្នុងគ្លីនិកឯកជន ដែលនៅជិតៗនោះជាបណ្តោះអាសន្នទៀតផង។
ជុំវិញករណីខាងលើ នាយកសាលាអនុវិទ្យាល័យបាលិលេយ្យ លោកស្មិញ សឿត មិនអាចទាក់ទងសុំការបញ្ជាក់បាននៅឡើយទេ៕