ភ្នំពេញ ៖ អតីតពិធីករទូរទស្សន៍ល្បីឈ្មោះ ឌីជេ ឡាយ អិន ដែលបានបាត់មុខមួយរយៈ លុះលេចមុខមកវិញ បែរជាត្រូវសមត្ថកិច្ចចាប់វាយខ្នោះពាក់ព័ន្ធនឹងថ្នាំញៀនជាង ១គីឡូក្រាម ព្រមទាំងកាំភ្លើងខ្លី១ដើមនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយនេះ ប្អូនប្រុសបង្កើតរបស់ឌីជេ ឡាយ អិន ក៏សម្តែងនូវអារម្មណ៍សោកស្តាយផងដែរ ដែលបងប្រុសរបស់ខ្លួនធ្លាក់ខ្លួនចូលដំណាក់កាលនេះ ពិសេស ខកខានចូលរួមខួប៦ឆ្នាំម្តាយ ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខ។
យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Sky Mc ដែលគេដឹងថា ត្រូវជាប្អូនប្រុសបង្កើតរបស់ឌីជេ ឡាយ អិន បានបង្ហោះសារសម្តែងពីអារម្មណ៍សោកសៅមួយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ថា “បន្ទាប់ពីម៉ាក់ចែកឋានទៅ ខ្ញុំមានតែបងម្នាក់ទេ ដែលតែងតែប្រដៅណែនាំខ្ញុំ ហើយក៏មានតែបងម្នាក់ទេ ដែលខ្ញុំអាចចែករំលែករឿងរ៉ាវក្នុងចិត្តឱ្យបងបានដឹង នៅពេលដែលខ្ញុំមានបញ្ហាដែលមិនអាចប្រាប់នរណាបាន។ តែពេលនេះ ខ្ញុំមិនមានបងនៅក្បែរទៀតទេ ហេតុអ្វីបងមិនព្រមស្តាប់ខ្ញុំ នៅសល់តែប៉ុន្មានថ្ងៃទៀតទេដល់ថ្ងៃខួបគំរប់៦ឆ្នាំ របស់ម៉ាក់ហើយ តើឱ្យខ្ញុំ ប្រាប់ម៉ាក់ថា់ម៉េចទៅ…”។
គួរបញ្ជាក់ថា អតីតពិធីករទូរទស្សន៍ល្បីឈ្មោះ ឌីជេ ឡាយ អិន រួមនឹងបក្ខពួកប្រុសស្រី៣នាក់ទៀត ដែលសុទ្ធសឹងជាមុខសញ្ញាជួញដូរ គ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចជំនាញ “ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដកហូតបានថ្នាំញៀន មេតំហ្វេ តាមីន៣៧៤,៣៩ក្រាម អិចស្តាស៊ី៦០៩,៣៣ក្រាម និងកាំភ្លើងខ្លី១ដើម ម៉ាកឡុក៕