ខេត្ដបាត់ដំបង៖ រថយន្ដដឹកអ្នកដំណើរក្រុមហ៊ុនមេគង្គអ៊ិចប្រេសមួយគ្រឿង បានបុកជាមួយនឹងរថយន្ដដឹកដី ពេញមួយទំហឹង បណ្ដាលឲ្យខ្ទេចរថយន្ដ ខ្ទាតធ្លាក់ទៅប្រលាយតាមចិញ្ចើមផ្លូវ ស្លាប់អ្នកដំណើរក្នុងរថយន្ដ៩នាក់ និង៤នាក់ទៀត រងរបួសធ្ងន់ កំពុងដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ តាមផ្លូវជាតិលេខ៥ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពពីសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា រថយន្ដដឹកអ្នកដំណើរបើកបរក្នុងទិសដៅ ពីបាត់ដំបង មកភ្នំពេញ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្ដដឹកដី ពេញ១ទំហឹង បណ្ដាលឲ្យខ្ទេចរថយន្ដដឹកអ្នកដំណើរទាំងស្រុង បង្កឲ្យមានអ្នកស្លាប់នឹងរបួសជាច្រើននាក់ ចំណែករថយន្ដដឹកដី ខ្ទេចមួយកំណាត់មុខ រីឯតៃកុងរថយន្ដកៀបស្លាប់ក្នុងកាប៊ីនរថយន្ដតែម្ដង ។
ប្រភពព័ត៌មានពីនរគបាលមូលដ្ឋាន បានឲ្យដឹងថា អ្នកស្លាប់ទាំង៩នាក់ មានប្រុស៤នាក់ ស្រី៥នាក់ រីឯអ្នករបួស៤នាក់ ប្រុសម្នាក់ ស្រី៣នាក់ ។
នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅសង្រ្គោះជីវិត ចំណែកសពជនរងគ្រោះ ដឹកយកទៅរក្សាទុកនៅពេទ្យបង្អែកស្រុកមោងឫស្សី រីឯរថយន្ដបង្កហេតុទាំង២ សមត្ថកិច្ចវាស់វែងរួច បានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី រងចាំដោះស្រាយ នៅពេលក្រោយ ៕
ផានិត