ស្រីស្អាតម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock បានក្លាយទៅជាថៅកែស្រីហាងរក្សាសម្រស់ “ម៉ូលីកា ខូស្មិកទិក” (Molika Cosmetic) ដែលបានធ្វើពិធីសម្ពោធកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទីតាំងនៅទល់មុខសាលាចតុមុខ រាជធានីភ្នំពេញ។
ស្ថិតក្នុងឈុតរ៉ូបពណ៌ស សក់ពណ៌ទង់ដែង សម្រស់ស្បែកកាន់តែសខ្ចីនោះ ម៉ូលីកា ពិតជាស័ក្តិសមជាម្ចាស់ហាងរក្សាសម្រស់ ហើយនាងបានបង្ហាញទឹកមុខរីករាយយ៉ាងខ្លាំង ដោយចេញទទួលភ្ញៀវតារារួមអាជីពមួយចំនួន ចូលរួម ដូចជា ប៉ាច គីមមួយ , ថន លក្ខិណា , សាយ រតនៈ ជាដើម។
ស្រីស្រស់ម៉ូលីកា អះអាងថា នេះជាក្ដីស្រមៃក្លាយទៅជាការពិត ហើយនាងសង្ឃឹមថា មុខរបរក្រៅសិល្បៈរបស់នាងដែលបោះទុនធំ ជាមួយទំហំទឹកប្រាក់ដល់ទៅ១០ម៉ឺនដុល្លារនេះ នឹងដំណើរការទៅមុខដោយរលូន ព្រោះមានអតិថិជនកាន់តែច្រើនគាំទ្រផលិតផលរបស់នាង ទើបធ្វើឲ្យនាងបានសម្រេចបំណងនេះ។
តារាសាច់សខ្ចីរូបនេះ វាចាថា ”ខ្ញុំរីករាយខ្លាំងណាស់ ដែលការតស៊ូលក់គឿង Cosmetic តាម Online កន្លងមក ទីបំផុត ខ្ញុំបានសម្រេចក្ដីបំណងធំ តាមរយៈការបើកហាងនៅទីតាំងល្អមួយនេះ។ ផលិតផលរបស់ខ្ញុំនាំចូលពីក្រៅប្រទេស ជាពិសេស មកពីថៃ ហើយមានគុណភាពល្អ បានជាមានអតិថិជនគាំទ្រមកដល់ពេលនេះ”។
ម៉ូលីកា បានផ្អាកពីអាជីពចម្រៀងមួយអន្លើហើយ ក្រោយហាងរបស់នាងដំណើរការនេះ នាងនឹងវិលត្រឡប់មករកអាជីពចាស់វិញ តាមរយៈការធ្វើបទចម្រៀងដោយខ្លួនឯង មិនចូលផលិតកម្មណាឡើយ។
អ្នកសិល្បករជាច្រើនបានសម្ដែងការអបអរសាទរចំពោះកញ្ញាម៉ូលីកា ដែលក្លាយទៅជាថៅកែស្រីហាងរក្សាសម្រស់ ដែលមានទុនរហូតដល់ទៅ១០ម៉ឺនដុល្លារនេះ ខណៈដែលមុនក្លាយទៅជាម្ចាស់ហាងនេះ ម៉ូលីកា ធ្លាប់ចាប់ផ្ដើមពីអ្នកលក់ជើងមាន់ តាម Online ដែលមានទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ។
អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ នៅថ្ងៃសម្ពោធហាងនេះ ម៉ូលីកា ក៏បានបង្ហាញមុខគូស្នេហ៍ដែលជាតារាសម្ដែងរូបសង្ហា លោកហុង មានុន ហៅឆានុន ផងដែរ៕