Friday, April 26, 2024
Homeព័ត៌មានជាតិលោក​សួន សេរីរដ្ឋា អស់​សំណើច​សម្តេច ហ៊ុន សែន ឆ្លើយ​តប​អ្នក​លេង​ហ្វេស​ប៊ុក​វៀត​ណាម

លោក​សួន សេរីរដ្ឋា អស់​សំណើច​សម្តេច ហ៊ុន សែន ឆ្លើយ​តប​អ្នក​លេង​ហ្វេស​ប៊ុក​វៀត​ណាម

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ធ្វើការឆ្លើយតបជាបន្តបន្ទាប់ទៅកាន់ជនជាតិ វៀតណាម ដែលតែងចូលមក Comment រិះគន់និងវាយប្រហារនៅក្នុងទំព័រហ្វេសប៊ុកផ្លូវ ការរបស់សម្តេចរួចមក លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានធ្វើការរិះគន់ និង ហៅការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អ្នកលេងហ្វេសប៊ុកវៀតណាមទាំងនោះ ថាជារឿងគួរឱ្យអស់សំណើច និង ជារឿងខ្ជីខ្ជាពេលវេលារបស់នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មាន ជនជាតិវៀតណាមប៉ុន្មាននាក់ បានព្យាយាម វាយប្រហារ និងរិះគន់ទៅលើសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈការចូលទៅ Comment ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ជាបន្តបន្ទាប់ រហូតធ្វើឱ្យសម្តេចនាយករដ្ឋមន្ត្រី សម្រេចធ្វើការឆ្លើយតប និងបញ្ជាក់ទៅកាន់ ជនជាតិវៀតណាមទាំងនោះសាជាថ្មីម្តងទៀត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ថា សម្តេច មិនមែនជាអាយ៉ងរបស់វៀតណាម នោះទេ ហើយមេដឹកនាំវៀតណាម គួរអប់រំពលរដ្ឋខ្លួន កុំឱ្យរំខានដល់សម្តេចតទៅទៀត។

ក្រោយពីសង្កេតឃើញការឆ្លើយតបរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ក្រុម អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជនជាតិ វៀតណាម រួចមក លោកសួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ បានសរសេរសាររិះគន់ សម្តេចហ៊ុន សែន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ថា “ប្រតិកម្មរបស់លោក ហ៊ុន សែន ដែលក្នុងនាមជានាយករដ្ឋមន្ត្រីខ្មែរ យកពេលទៅឆ្លើយឆ្លងជាមួយនឹងជនជាតិយួន អ្នកលេងហ្វេសប៊ុកម្នាក់នោះ វាគឺជារឿងដ៏ សែនអស់សំណើច និងជារឿងខ្ជីខ្ជាពេលវេលា របស់នាយករដ្ឋមន្ត្រី។

ជនជាតិយួន អ្នកលេងហ្វេសប៊ុកម្នាក់នោះ អីក៏មានកិត្តិយសខ្លាំងម៉្លេះ ដែលមាននាយករដ្ឋមន្ត្រីនៃប្រទេសមួយ ខិតខំយកពេលវេលា ទៅឆ្លើយឆ្លងតាមរយៈហ្វេសប៊ុក ហើយសូម្បីតែក្រសួងការបរទេស ក៏ខិតខំចេញលិខិតជួយ បន្ទរដែរនោះ? បើលោកហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកហ៊ុន សែន ពិតជាមានជំហរ ច្បាស់លាស់ការពារនូវទឹកដី អធិបតេយ្យភាព បូរណភាពនៃប្រទេសខ្មែរ ប្រឆាំងនឹងការឈ្លាន ពានរបស់យួនដែលកំពុងរំលោភឈ្លានពាន នាពេលបច្ចុប្បន្ននេះ លោកហ៊ុន សែន និងរដ្ឋាភិបាលនេះ ត្រូវហ៊ានប្រតិកម្មតបជាមួយមេដឹកនាំ យួន ក្រុងហាណូយ ដោយប្រើច្បាប់ និងតុលាការ អន្តរជាតិ មិនមែនប្រើហ្វេសប៊ុករបស់ខ្លួន ទៅ ចំណាយពេលវេលាឆ្លើយឆ្លងជាមួយនឹងជនជាតិ យួនម្នាក់ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ដើម្បីលាងជម្រះខ្លួនឱ្យផុតពីការសង្ស័យថា “ខ្លួនជាអាយ៉ងរបស់យួន” នោះទេ។

តើនរណាអាចដឹងថា Account ហ្វេសប៊ុករបស់ជនជាតិយួនដែលលោកហ៊ុន សែន កំពុងឆ្លើយឆ្លងនោះ ជា ចៅចៀនុត ខ្មោច ឬក៏ ជា Account មនុស្សពិតប្រាកដ? ក្នុងជួររដ្ឋា- ភិបាលរបស់លោកហ៊ុន សែន មានយួន និងអ្នក ចេះភាសាយួនច្រើនណាស់។ ចុះបើពួកនេះបង្កើត Account ក្លែងក្លាយ១ឬ២ ដើម្បីលេងល្ខោន ដើម្បីបោកពលរដ្ឋខ្មែរវិញនោះ តើនរណាដឹង?”។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានប្រតិកម្ម តបរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅ កាន់ជនជាតិវៀតណាម អ្នកលេងហ្វេសប៊ុក ដែលបានចូលមក Comment រិះគន់ និងវាយ ប្រហារនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ជាបន្តបន្ទាប់រួចមក កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្តី ថ្លែងការណ៍មួយអំពាវនាវដល់អាជ្ញាធរមាន សមត្ថកិច្ចរបស់វៀតណាម ចាត់វិធានការឱ្យបាន ម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ បុគ្គលទាំងនោះ ដែលបានប្រព្រឹត្តអំពើប្រមាថ មកលើប្រមុខដឹកនាំកំពូលរបស់កម្ពុជា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា “មួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរ ដ៏ច្បាស់លាស់របស់កម្ពុជា ទាក់ទងនឹងបញ្ហាសមុទ្រ ចិនខាងត្បូង មានកម្មាភិបាល និងបុគ្គលជនជាតិ វៀតណាមមួយក្រុម បានចូលទៅក្នុងទំព័រ Facebook ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រី ហើយធ្វើការជេរប្រមាថ លើសម្តេចតេជោ ដោយប្រើពាក្យសម្តីធ្ងន់ៗ និងព្រហើនជាទីបំផុត ដែលបង្ហាញពីលក្ខណៈ ជាជនគ្មានភាពថ្លៃថ្នូរ។

អ្នកនាំពាក្យនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដ៏អសីលធម៌ របស់កម្មាភិបាលនិងក្រុមបុគ្គលវៀតណាមដូច បានលើកឡើងខាងលើ ដែលបានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ប្រមុខដឹកនាំកំពូលនៃប្រទេសជាតិមួយ ដែលមានឯករាជ្យ និងអធិបតេយ្យភាពពេញ លេញ។

អ្នកនាំពាក្យនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ចាត់វិធានការម៉ឺងម៉ាត់បំផុត ក្នុងការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណរបស់កម្មាភិបាល និង ក្រុមបុគ្គលដែលបានប្រព្រឹត្តអំពើប្រមាថយ៉ាង អសីលធម៌មកលើប្រមុខដឹកនាំកំពូលរបស់ កម្ពុជា ព្រមទាំងធ្វើការផ្តន្ទាទោសក្រុមជនទាំង នោះ ទៅតាមច្បាប់ជាធរមាន ដើម្បីថែរក្សា ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាទំនាក់ទំនងប្រពៃណី និង ភាពជាអ្នកជិតខាងល្អ រវាងកម្ពុជា និងវៀតណាម”៕

RELATED ARTICLES