ប្រធាន​សមា​គម​មួយ​ថា បក្ស​ប្រឆាំង ខ្លាំង​ដូច​ផ្ទះ​ថ្ម​សសរ​ប្ញស្សី

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើង ថា នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ខាងមុខនេះ បើគ្មានយន្តការច្បាស់លាស់ក្នុង ការដោះស្រាយបញ្ហាគន្លឹះនោះទេ គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នឹង បាត់កៅអីយ៉ាងច្រើន ព្រោះនៅពេលបច្ចុប្បន្ន នេះ គណបក្សប្រឆាំងនេះ ប្រៀបដូចផ្ទះថ្មសសរ ប្ញស្សីងាយនឹងបាក់រលំ។ ចំណែកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចអាច នឹងឈ្នះច្រើនជាង៩០អាសនៈ បើកែទម្រង់បាន ល្អ។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ថា “CPP នឹងឈ្នះឆ្នោតច្រើនជាង ៩០អាសនៈសភាតំណាងរាស្ត្រ នៅឆ្នាំ២០១៨ បើ CNRP គ្មានយន្តការច្បាស់លាស់ដោះស្រាយ បញ្ហាគន្លឹះ ដូចខាងក្រោម 

CNRP មិនព្រមកែទម្រង់ផ្ទៃក្នុងគណបក្ស។

CNRP បញ្ជូនតែមន្ត្រីឱបជើងទៅ ប្រចាំការនៅគ..ប។

ពលរដ្ឋចំណាកស្រុកក្រៅប្រទេស មិន បានចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ខណៈ ជនអន្តោប្រវេសន៍ខុសច្បាប់ អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានដដែលជាដដែល។

បញ្ហាបច្ចុប្បន្នមន្ត្រីនៅលេខាធិការដ្ឋាន រាជធានីខេត្ត (PEC) សុទ្ឋតែជាមន្ត្រី គ..ប ចាស់ទាំងអស់ មិនបានផ្លាស់ប្តូរទេ ក្នុងពេល កែទម្រង់គ..ប ថ្មី។

បញ្ហាស៊ីបច្ចេកទេស ៖ បញ្ហាពលករ ចំណាកស្រុកក្នុងប្រទេស អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត នៅជិតកន្លែងធ្វើការ តាម រូបមន្តគិតអាសនៈ បើទោះបីនៅមណ្ឌលរាជធានីភ្នំពេញ មានអ្នកបោះឆ្នោតដល់ទៅ៥លាន នាក់ ក៏នៅតែ១២ អាសនៈ ដដែល

បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ថា គណបក្សសង្គ្រោះជាតិ សព្វថ្ងៃ ទោះបីមានអំនួតថា មានប្រជាពលរដ្ឋគាំទ្រច្រើនមែន តែសម្រាប់លោកយល់ ឃើញថា គណបក្សនេះប្រៀបដូចផ្ទះថ្ម សសរ ឫស្សី គ្មានគ្រឹះរឹងមាំទេ។ ដូច្នេះបើមិនកែទម្រង់ នឹងពិបាកប្រកួតប្រជែងជាមួយគណបក្សកាន់ អំណាច ព្រោះមើលទៅគណបក្សកាន់អំណាច ក៏មានចំណុចខ្លាំងដែរ។

លោករស់ សារ៉ុម មានប្រសាសន៍ថា ការ ដែលខ្ញុំវិភាគទៅលើបញ្ហាហ្នឹង វាមិនមែនគ្រាន់តែអង្គុយវិភាគទេ គឺយើងខ្ញុំបានជម្រាបអម្បាញ់ មិញហើយ សមាជិក ក្នុងជួរគណបក្សប្រឆាំង មានតាំងពីលើដល់ក្រោម។ គណបក្សប្រជាជន ក៏ដូចគ្នា មានពីលើដល់ក្រោម អ៊ីចឹងដល់ ពេលដែលយើងធ្វើដើម្បីឱ្យកែទម្រង់ ព្រោះតែ គណបក្សប្រឆាំងខ្សោយដូចរាល់ថ្ងៃនេះប្រទេស ជាតិយើងមិនដឹងអាងអីទេ។ អ៊ីចឹង ដែលយើង មើលឃើញទាំងលក្ខណៈបច្ចេកទេសទាំងផ្លូវ នយោបាយ CNRP រាល់ថ្ងៃនេះ ផ្ទៃក្នុង មាន បញ្ហាច្រើន ចាំបាច់ត្រូវតែព្យាបាលអាហ្នឹង សិន ចាំទៅប្រយុទ្ធទៀត បានអាចមានសង្ឃឹមឈ្នះ ព្រោះឆ្នាំ២០១៣ ដែលគណបក្សសង្គ្រោះជាតិ ឡើងកៅអីដល់ថ្នាក់នេះ មិនមែនដោយសារ គណបក្សមួយហ្នឹងខ្លាំងទេ គឺដោយសារតែ ប្រជាជនអត់មានជម្រើស។ អ៊ីចឹងចំណុចមួយ ដែលយើងគិតថា CNRP ត្រូវតែកែទម្រង់ ផ្ទៃក្នុងជាមុនហ្នឹង គឺថាគណបក្សប្រឆាំងបច្ចុប្បន្ន នេះ ធ្វើការអត់មានរចនាសម្ព័ន្ធច្បាស់លាស់ទេ មានន័យថា ដឹកនាំតាមអារម្មណ៍បុគ្គលមួយ ដែលជាបង្គោលគណបក្សហ្នឹង ដឹកនាំតាមអារម្មណ៍ នឹកឃើញអី ធ្វើហ្នឹង អត់មានយន្តការ អត់មានសេណារីយ៉ូអីច្បាស់លាស់ ចេះតែពាសវាលពាសកាល។ អ៊ីចឹងកន្លែងហ្នឹងហើយដែល យើងខ្ញុំចង់ឃើញគណបក្សសង្គ្រោះជាតិ កែទម្រង់ ហើយជាគណបក្សមួយខ្លាំងពិតប្រាកដ។ ចំណុចទី២ យើងឃើញថា គ..ប កែមែន ក៏ ប៉ុន្តែវាអត់មានអីប្រសើរ អត់មានអីល្អសម្រាប់ CNRP នោះទេ ព្រោះ CNRP ចូលទៅកែ ប៉ុន្តែកែមិនបាន គេកែវិញ។ កែមិនបានយ៉ាង ម៉េច? ទី១ ពាក់ព័ននឹងបញ្ហាបច្ចេកទេស យើង ឃើញថា PEC មានន័យថា លេខាធិការដ្ឋាន រាជធានីខេត្ត របស់គណកម្មាៈធិកាជាតិ រៀបចំ ការបោះឆ្នោតហ្នឹង គឺសុទ្ធតែគ..ប ចាស់ទាំង អស់ អត់មានអីផ្លាស់ប្តូរទេ។ ហើយមួយទៀត ដែលយើងមើលឃើញថា បញ្ហាដែល CNRP អាចនឹងដាបជាងមុននៅក្នុង២០១៨ ខាងមុខ ហ្នឹង គឺដោយសារបញ្ហាបច្ចេកទេស នៅត្រង់ថា សម្រាប់ពលរដ្ឋទាំងអស់ ដែលមានសិទ្ធិចុះឈ្មោះ ឆ្នោត ជាពិសេស កម្មករនៅរាជធានីភ្នំពេញ ខេត្ត កណ្តាលច្រើនណាស់ អ៊ីចឹងច្បាប់ថ្មី  គឺសម្រួល ឱ្យពួកគាត់ចុះឈ្មោះបោះឆ្នោតនៅជិតកន្លែង ធ្វើការរបស់គាត់។ អ៊ីចឹងជារឿងល្អសម្រាប់ កម្មករ សម្រាប់ពលករទាំងអស់ ក៏ប៉ុន្តែបើ និយាយលក្ខណៈបច្ចេកទេសវិញ រូបមន្តនៅក្នុង ការគិតអាសនៈសភាតំណាងរាស្ត្ររបស់គ..ប វិញ យើងឃើញថា មណ្ឌលភ្នំពេញ ទោះបីជា ប្រជាជន១លាននាក់ បោះឆ្នោតពីអាណត្តិមុន អាណត្តិនេះ បោះដល់៥លាននាក់ទៀត ក៏នៅតែ១២កៅអី។ អ៊ីចឹងតាមខេត្តផ្សេងៗទៀត បើបោះនៅភ្នំពេញអស់ហើយ ថយហើយៗបើ កាលណាថយ គណបក្សប្រជាជន ច្បាស់ជាមាន ប្រៀបគុណនឹង២ ជាពិសេស ខេត្តដែលស្មើៗ គ្នា គឺខេត្តកណ្តាល មានអ្នកបោះជិត១ លាននាក់ ក៏ប៉ុន្តែបើរោងចក្រច្រើន កម្មករបោះនៅ ហ្នឹងទាំងអស់ បោះ១០លាននាក់ទៀត  ក៏នៅ តែ១១កៅអី។ អ៊ីចឹងខេត្ត១អាសនៈៗ មិនបាច់ ទូទាត់ជាមួយ CPP ទេ ដឹងតែ CPP ឈ្នះ ហើយ។ នេះគឺជារូបមន្តនៃការគិតអាសនៈ

លោករស់ សារ៉ុម មានប្រសាសន៍បន្តថាសម្រាប់ការវិភាគដែលយើងខ្ញុំធ្វើ ដែលអាច ទុកចិត្តបាន គឺយើងមើលឃើញថា បើសិនជា CNRP អត់មានយន្តការដោះស្រាយហ្នឹងឱ្យ ម៉ឺងម៉ាត់ទេ ឱ្យមានលទ្ធផលទេ ខ្ញុំគិតថា កុំថា ឡើយ៥៥ សូម្បីតែ៣០អាសនៈ ក៏មិនដឹងជា យ៉ាងម៉េចផង តែបើមានយន្តការក្នុងការដោះស្រាយរឿងហ្នឹងឱ្យបានល្អប្រសើរ ខ្ញុំគិតថា CNRP អាចកែបានក្នុងចន្លោះពី៥០ទៅ៥៥ ហ្នឹង ដល់៦០ ទៅអត់រួចទេ តែបើថា ធ្វើមិន បានទេ ៥០ពិបាក។ សម្រាប់ជភភ ចំណុចខ្លាំង ដែលយើងសង្កេតឃើញប្រព័ន្ធដឹកនាំ មាន លក្ខណៈរឹងមាំជាងជណភ្រ មានលក្ខណៈចាស់ទុំ ផ្នែកនយោបាយ ហើយមួយទៀត ការកែទម្រង់ ថ្វីត្បិតមានចំណុចខ្វះខាតច្រើន មិនបានពេញចិត្តមួយរយភាគរយ ដូចការចង់បានតាមចិត្ត ប្រជាពលរដ្ឋនោះ ក៏ប៉ុន្តែជាលក្ខណៈមួយដែល ប្រជាពលរដ្ឋអាចទទួលយកបាន ពីព្រោះផ្នត់គំនិតប្រជាជនខ្មែរ ពេញចិត្តនឹងការផ្លាស់ប្តូរ ប៉ុន្តែ មិនមែនផ្លាស់ប្តូររបបទេ គឺឱ្យតម្លៃលើសន្តិភាព ធំជាងអ្វីៗទាំងអស់។ អ៊ីចឹងអាហ្នឹងរបបមួយ ដែល CPP មាន។ ប៉ុន្តែការកែទម្រង់បានកម្រិត ប៉ុនណា អាហ្នឹងជាលទ្ធផល CPP នឹងទទួល យកកែទម្រង់។ បើកែទម្រង់បានតិច កៅអីក៏ បានតិចតាមហ្នឹងដែរ តែបើកែទម្រង់បានច្រើន ពេលហ្នឹងសំឡេងអាសនៈ ច្បាស់ជាកើនឡើង អាច៩០អាសនៈ អត់ពិបាក

លោករស់ សារ៉ុម មានប្រសាសន៍បន្តទៀត ថា ពាកព័ន្ធនឹង CNRP ចំណុចមួយដែលខ្ញុំ ចង់ឃើញផ្តល់កម្លាំងចិត្តសម្រាប់ការកែទម្រង់ នោះ យើងចង់ឃើញឱ្យមេដឹកនាំគណបក្សទាំង ២ហ្នឹង ជាពិសេស ឯកឧត្តមសម រង្ស៊ី ឯកឧត្តម កឹម សុខា ឱ្យចិត្តសឿងបន្តិច ដោះអាវ បើក ដើមទ្រូងមើល ហ៊ានដើរចូលពន្ធនាគារមើល ចាំមើលវាទៅជាយ៉ាងម៉េចទៅវិញ។ អាហ្នឹង បានហៅថា អ្នកនយោបាយពិតប្រាកដ ហើយ បើអ្នកនយោបាយតែមុខ គេចទៅក្រោយ ហើយ កូនចៅជាប់គុកអស់រលីង ហើយអត់មានទំនួលខុសត្រូវផង ហើយធ្វើអីគេចយកតែរួចខ្លួនអ៊ីចឹង។ ឯកឧត្តមសម រង្ស៊ី ប្រជាប្រិយភាពគាត់ដូចព្រះចន្ទមែន ប៉ុន្តែបើគាត់ធ្វើរបៀបហ្នឹង ឯកឧត្តម កឹម សុខា ក៏ដូចគ្នា បើធ្វើរបៀបហ្នឹង វាផ្កាយ ចោរលុបពន្លឺអស់។ អ៊ីចឹងបើអត់បង្ហាញរូបភាពមួយរបស់ថ្នាក់ដឹកនាំ ដើម្បីដឹកនាំការកែទម្រង់ហ្នឹងទេ ចេះតែនយោបាយនឹកឃើញនេះ ថានោះ ខ្ញុំជឿជាក់ថា មកដល់សភាពការណ៍ពេល នេះ ទាំងឯកឧត្តមសម រង្ស៊ី ទាំងឯកឧត្តមកឹម សុខា ក្តី ដឹងខ្លួនច្បាស់ណាស់ថា សង្គ្រោះជាតិ ច្បាស់ជាចាញ់បាត់ទៅហើយ ប៉ុន្តែចេះតែពង្វាង ដើម្បីលើកទឹកចិត្តមន្ត្រីរបស់ខ្លួនតែប៉ុណ្ណឹងឯង។ យើងខ្ញុំធ្វើសកម្មភាពមិនបង្អាប់គណបក្សណា ទេ ប៉ុន្តែធ្វើដើម្បីឱ្យមានការកែទម្រង់ពិតប្រាកដ មានអភិវឌ្ឍន៍ពិតប្រាកដ ឈរលើគោលការណ៍ សន្តិភាព ឯកភាពរវាងខ្មែរនិងខ្មែរ។ អ៊ីចឹងប្រទេស ណាក៏ដោយ បើគណបក្សប្រឆាំងខ្សោយ ហើយ គណបក្សកាន់អំណាច ច្បាស់ជាមានបញ្ហាហើយ  វាមានកន្លែងខ្លះទំនើង ប៉ុន្តែបើសិនជាគណបក្ស ប្រឆាំងខ្លាំងច្បាស់ហើយ អត់ជិះសេះលែងដៃ ទេ គឺនឹងអាចជួយគ្នាទៅវិញទៅមក។ នេះគឺ អ្វីដែលចង់បាន គឺធ្វើម៉េចសង្គ្រោះជាតិ កុំអួំត ជាមួយប្រជាប្រិយភាពដែលកំពុងតែមានហ្នឹង  វាមិនល្អប៉ុន្មានទេ ឃើញប្រជាពលរដ្ឋផុសផុល គាំទ្រហ្នឹង ខ្ញុំគិតថាកុំទាន់មានមោទនភាព ព្រោះរវល់ថ្ងៃហ្នឹង ហៅថាផ្ទះថ្ម សសរឫស្សី អ៊ីចឹងសុំគិតឡើងវិញ ធ្វើម៉េចចាក់បេតុងឱ្យវា សមជាផ្ទះពិតប្រាកដដែលអាចជ្រកទាំងអស់ គ្នាបាន បើមិនកែទេ ថ្ងៃក្រោយនឹងបាក់ឯង វេទនាជាងហ៊្វុនស៊ិនប៉ិច ទៅទៀត

ដោយ ៖ កុលបុត្រ