សម្រាប់ចុងឆ្នាំ២០១៨នេះ គេឃើញថា ទីផ្សារតារាចម្រៀងនៅក្នុងស្រុក ស្ទើរតែគ្មានការប្រែប្រួល កាលពីឆ្នាំ២០១៧ឡើយ ពោលគឺគេកត់សម្គាល់ឃើញថា អ្នកចម្រៀងស្រីស្ថិតក្នុងលំដាប់ ”Grade A” ៣ដួង មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា ទាំងតម្លៃខ្លួន និងបទចម្រៀងនោះ គឺឱក សុគន្ធកញ្ញា , មាស សុខសោភា និងពេជ្រ សោភា ។
តើតារាស្រីទាំង៣ដួងខាងលើនេះ មួយណាត្រូវប៉ាន់ និងរកប្រាក់ចំណូលបានច្រើនជាងគេទៅ?
ឱក សុគន្ធកញ្ញាៈ មានទីផ្សារល្អតាំងពីឆ្នាំ២០១០ម្ល៉េះ ដែលនៅរដូវក្ដៅ នាងមមាញឹកខ្លាំង ក្នុងថ្ងៃខ្លះច្រៀង២ទៅ៣កម្មវិធីក៏មាន ជាមួយតម្លៃខ្លួន៣ពាន់ដុល្លារ។ តារាចម្រៀងដែលជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ក្រោយពេលដែលនាងបានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស នោះ ត្រូវបានគេរំពឹងថា អាចឈរជើងនៅហង្សមាស ក្នុងឋានៈជាអ្នកចម្រៀងនាំមុខគេជាច្រើនឆ្នាំទៅទៀតជាមិនខាន ដោយសម្អាងថា សុគន្ធកញ្ញា មានសមត្ថភាពចរិតល្អជាមួយមជ្ឈដ្ឋានទូទៅ ហើយពេលក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ហើយ តើបើមិនឲ្យក្រុមហ៊ុននេះលើកប្អូនថ្លៃខ្លួនឯងទេ តើឲ្យទៅលើកតារាណាទៅវិញ?
ទោះជាយ៉ាងណា ក្រោយសុគន្ធកញ្ញា ភ្ជាប់ពាក្យជាមួយលោកសុខលី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨មក ពេលនេះ នាងមិនដែលតាំងខ្លួនថា មានអំណាចខ្លាំងនៅហង្សមាស ឬជាប្អូនថ្លៃថៅកែហង្សមាស ឡើយ គឺនាងនៅតែដូចមុនអីចឹង ខណៈដែលមង្គលការមិនទាន់បានកំណត់ជាក់លាក់ឡើយ ស្របពេលដែលមុននេះ សុគន្ធកញ្ញា ទើបតែទទួលបានកាដូរថយន្ដម៉ាក Audi តម្លៃជិត១០ម៉ឺនដុល្លារ ពីគូដណ្ដឹង។
គេជឿថា មិនយូរទេ សុគន្ធកញ្ញា នឹងគ្រងឈុតកូនក្រមុំពិតប្រាកដជាមិនខាន ដើម្បីកុំឲ្យចំណងស្នេហ៍មានការប្រែប្រួល ព្រោះលោកអ៊ឹង សុខលី មានតារាស្រីស្អាតជាច្រើនតាមស្នេហ៍។
មាស សុខសោភាៈ ជាតារាចម្រៀងឯករាជ្យម្នាក់ដែលច្រៀងដោយគ្មានការកុងត្រាជាមួយផលិតកម្មថោន ឡើយ។ សោភា និងសុគន្ធកញ្ញា ជាគូប្រជែងគ្នាយ៉ាងស្វិតស្វាញ ជាង១០ឆ្នាំមកហើយ តែនៅចុងឆ្នាំ២០១៨នេះ តារាទាំង២ នៅតែមានទីផ្សារប្រទាញប្រទង់គ្នាដដែល ទាំងតម្លៃខ្លួន និងបទចម្រៀង បើម្នាក់មានបទផ្ទុះហើយ គឺម្នាក់ទៀត ត្រូវតែមានបទផ្ទុះដែរ ទើបបាន។
មាស សុខសោភា ច្រៀង១កម្មវិធី ស៊ីថ្លៃក្បែរ៣០០០ដុល្លារដែរ ហើយនាងត្រូវបានគេចាត់ទុកថា ជាអ្នកចម្រៀងម្នាក់ដែលទៅដល់ផលិតកម្មណា ក៏នៅតែល្បីជានិច្ច។
មាស សុខសោភា មានប្រៀបជាងឱក សុគន្ធកញ្ញា ព្រោះនាងមានផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលមានស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ជាអ្នកគ្រប់គ្រងផ្ទាល់។
មាស សុខសោភា ជិះរថយន្ដ Land Cruiser V8 តម្លៃជិត១០ម៉ឺនដុល្លារ ហើយក្រោយពេលរួមរស់ជាមួយលោកអ៊ឹត រ៉ាដា ១១ឆ្នាំមក ពេលនេះ ពួកគេមិនទាន់ចង់រៀបការតាមប្រពៃណីខ្មែរឡើយ។
ពេជ្រ សោភាៈ អ្នកមេម៉ាយហុយហុយរូបនេះ ក្រោយធ្លាក់ចុះខ្លាំង២ឆ្នាំជាប់គ្នា (២០១៤-២០១៥) នោះ ស្រាប់តែនៅឆ្នាំ២០១៦ ពេលដែលសោភា លែងប្ដីអាណិកជនខ្មែរ នៅអាមេរិក លោកឡៅ ឆលី មក ក៏មានទីផ្សារស្ទុះឡើងសារជាថ្មី។
ពេជ្រ សោភា ដែលជាតារាចម្រៀងដុះស្លែនៅហង្សមាស នោះ មានតម្លៃខ្លួនប្រដមប្រសងសុគន្ធកញ្ញា និងសោភា ដែរ ពោលគឺច្រៀង១កម្មវិធី ស៊ីថ្លៃមិនក្រោម៣ពាន់ដុល្លាទេ។ ក្រោយធ្លាក់ខ្លួនមេម៉ាយជិត២ឆ្នាំនេះ សោភា បានភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេងរូបសង្ហា ឆឹម សក្កដា។
អ្នកជំនាញសិល្បៈ និងមហាជនទូទៅ បានលើកឡើងថា ទោះជាតារាស្រីទាំង៣ កំពុងវាយលុកទីផ្សារចម្រៀងដោយប្រទាញគ្នា យ៉ាងតឹងតែងមែន តែឱកសុគន្ធកញ្ញា នៅតែមានប្រៀបជាងមាស សុខសោភា និងពេជ្រ សោភា ដដែល ព្រោះសុគន្ធកញ្ញា មានអនាគតប្ដី លោកសុខលី ដែលជាអ្នកកាន់គម្រោង Concert ធំៗក្នុងដៃ នឹងបញ្ជួនឲ្យសុគន្ធកញ្ញា ច្រៀងតាមឆាកច្រើនជាងតារាផ្សេងៗទៀត ហេតុនេះហើយ បានជាអនាគតប្អូនថ្លៃថៅកែហង្សមាស នេះ អាចរកលុយបានច្រើនជាងគេ ក្នុងចំណោមតារាចម្រៀងស្រី នាពេលបច្ចុប្បន្ន៕