Tuesday, November 19, 2024
Homeតារាខ្មែរមូលហេតុបែបនេះសោះ ព្រាប សុវត្ថិ នៅតែមានទីផ្សារខ្លាំង

មូលហេតុបែបនេះសោះ ព្រាប សុវត្ថិ នៅតែមានទីផ្សារខ្លាំង

គ្រប់គ្នាគិតថា ការទៅដល់ហង្សមាស របស់ខេមរៈ សិរីមន្ដ ប្រាកដជាធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលជាមិនខាន ហើយតារាដែលប៉ះគេនៅហង្សមាស ដោយសារស្នាដៃសិរីមន្ដ គឺព្រាប សុវត្ថិ ព្រោះសិរីមន្ដ ទៅប្រជែងយកតំណែងកំពូលតារាចម្រៀងរូបនេះអីចឹង ”ភ្នំ១ មិនអាចមានខ្លា២” បានទេ។

ប៉ុន្ដែផ្ទុយពីការយល់ឃើញបែបនេះ ព្រោះព្រាប សុវត្ថិ នៅតែជាតារាចម្រៀងសំខាន់របស់ហង្សមាស ដដែល រយៈពេលដែលសិរីមន្ដ ឈរជើងនៅហង្សមាស ជាង១ឆ្នាំនេះ មិនបានបង្កផលប៉ះពាល់ដល់ទីផ្សារចម្រៀងរបស់ព្រាប សុវត្ថិ ខ្លាំងក្លាឡើយ។

អ្វីដែលមិននឹកស្មាននោះ ព្រាប សុវត្ថិ បានយកកូនប្រុសទាំង៣ របស់លោក មានសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ឲ្យច្រៀងសម្ដែងជាមួយខ្លួននៅលើឆាកតន្រ្ដីទៀតផង។

លោកសាស្រា្ដចារ្យសេង សំអាន មន្រ្ដីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ព្រាប សុវត្ថិ នៅតែមានសមត្ថភាពល្អ ដូចពាក្យគេថា ”ខ្ញីចាស់កាន់តែហឹរ” នោះ មិនខុសទេ ព្រោះពេលនេះ សំឡេងព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះទេ។

លោកសាស្រ្ដាចារ្យមិនហ៊ានសន្និដ្ឋានថា ព្រាប សុវត្ថិ ល្បីបានប៉ុន្មានឆ្នាំទៀតទេ គ្រាន់តែថា អាចល្បីយូរឆ្នាំតទៅទៀត ហើយលោកបញ្ជាក់ថា ចំពោះពាក្យថា ”ភ្នំ១ មិនអាចមានខ្លា២” នោះ សម្រាប់ហង្សមាស គឺពេលនេះ មានខ្លាលើសពី២ទៅហើយ អីចឹងមិនមានបញ្ហាអីទេ…។

 

ចំណែកអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ សុិប ដែលពេលនេះកំពុងមានជំងឺយាយីនោះ បានឲ្យដឹងថា ព្រាប សុវត្ថិ លំដាប់ស្ដង់ដារអន្ដរជាតិ ហេតុនេះហើយ លោកមើលឃើញថា សំឡេងព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះទេ គិតត្រឹមឆ្នាំ២០១៨នេះ។ ប៉ុន្ដែរឿងខេមរៈ សិរីមន្ដ ដែលជាតារាចម្រៀងល្បីល្បាញខ្លាំងនៅសាន់ដេ ចូលហង្សមាស នេះ រហូតមកដល់ពេលនេះ លោកនៅតែមិនយល់ឡើយ តែលោកថា ពេលនេះ សិរីមន្ដ មិនទាន់ខ្លាំងដូចកាលនៅសាន់ដេ ទេ។

ចំណែកលោកមិញ សុធីវណ្ណ វិញ ធ្លាប់អះអាងដែរថា រឿងព្រាប សុវត្ថិ ល្បីឬមិនល្បីតទៅទៀត គឺអាស្រ័យនៅលើហង្សមាស ជាអ្នកកំណត់ ព្រោះផលិតកម្មនេះធ្លាប់ធ្វើព្យុះភ្លៀងជាច្រើនមកហើយ ចង់ឲ្យតារាណាល្បីក៏បាន តែសម្រាប់អារម្មណ៍លោកផ្ទាល់ គឺលោកពេញចិត្តខេមរៈ សិរីមន្ដ ជាងព្រាប សុវត្ថិ ។

ថ្វីត្បិតតែពា្រប សុវត្ថិ នៅតែមានទីផ្សារខ្លាំងតម្លៃខ្លួននៅតែខ្ពស់ ហើយតែងលេចមុខនៅតាមបណ្ដា Concert ធំៗជានិច្ចក្ដី តែគេថា រលកក្រោយច្រានរលកមុន ហេតុនេះហើយ បើគ្មានបទថ្មីចេញមកផ្ទុះដូចមុនទេ ព្រាប សុវត្ថិ មិនមែនមិនចេះធ្លាក់ចុះរហូតទេ គឺអាចនឹងត្រូវតារាថ្មីៗនៅហង្សមាស បង្កព្យុះភ្លៀងនៅថ្ងៃណាមួយជាមិនខានឡើយ។

ទស្សនិកជនជាច្រើននិយាយថា ពេលនេះ បទចម្រៀងព្រាប សុវត្ថិ មិនសូវល្បីដូចមុនទេ គឺមានតែបទ ”មាន់ស្រែ បន្លែស្រស់” ដែលចេញជិត១ឆ្នាំទៅហើយនោះ ហើយថ្មីៗនេះ ទើបតែចេញបទ “សង្សារ១ខែ២ខែ” ប៉ុន្ដែកត្តាដែលកំពូលតារាចម្រៀងរូបនេះ នៅតែត្រូវបានក្រុមហ៊ុនធំត្រូវការ ព្រោះកេរ្ដិ៍ឈ្មោះពីមុនមក បានរក្សារទុកល្អអីចឹង ភាពល្បីល្បាញរបស់ព្រាប សុវត្ថិ នៅតែខ្លាំង ពិសេស គឺអត្តចរិតថ្លៃថ្នូររបស់លោក ដែលល្បីនៅហង្សមាស ជាង២ទសវត្សនេះ ត្រូវបានតារាសិស្សប្អូនជាច្រើនបានយកគំរូតាម។

ប្រភពបានឲ្យដឹងថា ព្រាប សុវត្ថិ ចង់ប្រគល់មរតកល្អៗរបស់លោកទាំងអស់ ឲ្យកូនប្រុសទាំង៣ ជាអ្នកស្នងតំណែងនៅហង្សមាស នាពេលអនាគត៕

RELATED ARTICLES