ខេត្ដកណ្តាលៈ រថយន្ត១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AH-6062 បើកបោះពួយបុកម៉ូតូមួយគ្រឿងបើកស្រប ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូប៉ើងធ្លាក់ចេញពីផ្លូវជាតិ ធ្វើឲ្យអ្នកបើកបររងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម កាលពីវេលា ម៉ោង២១ និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ។
ប៉ូលិសចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តបង្កពាក់ស្លាកលេខភ្នំពេញ2AH-6062 ក្រោយពីបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់បានបើកគេចបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះឈ្មោះ នួ សុភណ័ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BN-2876 ។
ប៉ូលិសបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិ លេខ៤១ ក្នុងទិសដៅពីជើងទៅត្បូងដោយមានពាក់មួកការពារសុវត្ថិភាព និងកញ្ចក់មើលក្រោយត្រឹមត្រូវ ។ លុះបើកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យម៉ូតូប៉ើងខ្ទាតចេញពីផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោច អធ័ម ។ ចំណែឯរថយន្តបង្កបានបើកគេចខ្លួនបាត់ដោយបន្សល់ទុកស្លាកលេខមុខនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នសាកសពជនងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ូលិសប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូជនរងគ្រោះ និងស្លាកលេខរថយន្តបង្ក ត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តចាត់ការតាមច្បាប់ ៕
សិលា