Monday, January 20, 2025
Homeព័ត៌មានជាតិខ្ទេចខ្ទីអស់ហើយ គ្រាន់តែសុំលុយម្តាយទិញទូរស័ព្ទថ្មីមិនបាន

ខ្ទេចខ្ទីអស់ហើយ គ្រាន់តែសុំលុយម្តាយទិញទូរស័ព្ទថ្មីមិនបាន

ខេត្តកណ្តាល៖ ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក។

ជនសង្ស័យដែលខឹងសុំលុយម្តាយមិនបាន វាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះនេះ មានឈ្មោះហង់ សុទ្ធា អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកទ្រព្យសម្បត្តិដែលរងការខូចខាត រួមមាន ទូដាក់សំលៀកបំពាក់ចំនួន១ ធុងទឹកកកចំនួន១ ជញ្ជាំងផ្ទះ ធ្លុះធ្លាយទាំងសងខាង កង្ហារ១ ចង្ក្រានហ្គាស១ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។

តាមសម្តីរបស់ស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនសង្ស័យ) គឺជាមនុស្សគ្មានការងារធ្វើនោះទេ រាល់ថ្ងៃចេះតែដើរលេងប៉ោឡែ យកលុយពីផ្ទះទៅដើរផឹកស៊ី សេពគប់ជាមួយមិត្តភក្តិសុទ្ធតែជាសមាសភាពមិនល្អក្នុងភូមិ និងតែងបង្កការអុកឡុកក្នុងផ្ទះជាញឹកញាប់ ពិសេសឱ្យតែពេលស្រវឹងម្តងៗ។

ស្ត្រីជាម្តាយបន្តថា លុះមកដល់ថ្ងៃកើតហេតុ កូនប្រុសរូបនេះ មិនដឹងជាទើបនឹងត្រឡប់មកពីផឹកស៊ីនៅឯណា ស្រវឹងធ្លាក់ភ្នែក ស្រាប់តែមកសុំលុយគាត់ជាម្តាយ ដើម្បីទិញទូរស័ព្ទប្រើ ប៉ុន្តែគាត់បានឆ្លើយថា គ្មានលុយនោះទេ។ ភ្លាមនោះកូនប្រុសកំណាច ស្រាប់តែផ្ទុះកំហឹង ក៏ស្ទុះទៅ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរបស់របរក្នុងផ្ទះខ្ទេចខ្ទីអស់ស្ទើរគ្មានសល់។

ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់កូនប្រុសតទៅទៀតលែងបាន ទើបស្ត្រីជាម្តាយ បានសម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ពាមរាំង ឱ្យជួយធ្វើអន្តរាគមន៍តែម្តង៕

RELATED ARTICLES