Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិ​គម្រោង​រថភ្លើង​​លើ​អាកាស​​នៅ​​ភ្នំពេញ ​ស្ងប់​ស្ងាត់

​គម្រោង​រថភ្លើង​​លើ​អាកាស​​នៅ​​ភ្នំពេញ ​ស្ងប់​ស្ងាត់

យោងតាមការប្រកាសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាលារាជធានីភ្នំពេញ គម្រោងសាងសង់រថភ្លើងលើអាកាសនៅក្នុងប្រទេសកម្ពុជាទំនងមិនយូរទៀតទេ ដើម្បីឆ្លើយតបនឹងការសិក្សាអស់រយៈពេលច្រើនមកហើយដោយអ្នកជំនាញ។ ប៉ុន្តែក្នុងពេលមហាជនភាគច្រើនកាន់តែផ្ដោតការចាប់អារម្មណ៍ គម្រោងទាំងមូលបែរជាស្ងាត់ទៅវិញ។

dfgfgfdd
អភិបាលរាជធានីភ្នំពេញ ប្រគល់វត្ថុអនុស្សាវរិ៍យ៍ជូនភាគីជប៉ុន

 

គេចាំបានថានៅក្នុងទំព័រហ្វេសប៊ុករបស់លោកប៉ា សុជាតិវង្ស គណអភិបាលសាលារាជធានីភ្នំពេញ បានបង្ហាញពីដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០១៦ លោកបានប្រកាសថាក្រោយការពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសជប៉ុន លោករំពឹងថាភាគីជប៉ុននឹងចុះមកសាងសង់ផ្លូវរថភ្លើងលើអាកាស ឬហៅថាខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិ ដូចការគ្រោងទុកនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗ។ លោកបានសរសេរកាលនោះថា«សម្រាប់កម្មវិធីចុងក្រោយ នៃដំណើរទស្សនកិច្ចក្នុងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានទៅទស្សនាប្រព័ន្ធដឹកជញ្ជូនសាធារណៈ ជាពិសេសគឺខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិ (រថភ្លើងលើអាកាសប្រភេទ AGT ) ដែលយើងសង្ឃឹមថានឹងមានក្នុងរាជធានីភ្នំពេញនៅពេលខាងមុខនេះ ជាមួយនឹងការគាំទ្ររបស់ជប៉ុន»។ ការប្រកាសរបស់លោកបានស្ដែងយ៉ាងច្បាស់ពីគម្រោងស្ថាបនាផ្លូវរថភ្លើងលើអាកាសដែលពលរដ្ឋខ្មែរបានឮយូរមកហើយ ថានឹងលេចឡើងក្នុងពេលខាងមុខ។ ជាក់ស្ដែងក្នុងពេលកន្លងមក សាលារាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រកាសហើយថា នឹងជួយជំរុញគម្រោងមួយនេះ ឲ្យភាគីជប៉ុនស្ថាបនាឲ្យបានឆាប់ ដោយសារតែភាពជាក់ស្ដែងគឺទោះជារាជធានីភ្នំពេញត្រូវបានស្ថាបនាស្ពានអាកាសជាច្រើនកន្លែង ដើម្បីសម្រួលដល់បញ្ហាកកស្ទះ ក៏សភាពណែនតាន់តាប់នៅរាជធានីភ្នំពេញនៅតែកើតមានឡើង ជាពិសេសនៅក្នុងកាលៈទេសៈកំណើនពលរដ្ឋនៅភ្នំពេញមានកាន់តែច្រើន។ បើទោះជាពេលថ្មីសាលារាជធានីបានសម្រេចឲ្យដំណើរការខ្សែរថយន្តក្រុង និងបានស្ថាបនាស្ពានអាកាសកាន់តែច្រើនដើម្បីកាត់បន្ថយបញ្ហាកកស្ទះ និងការចំណាយរបស់ពលរដ្ឋក្នុងរាជធានីព្រោះតែបញ្ហាចរាចរណ៍ក៏ភាពស្មុគស្មាញ នៅតែកើតមានឡើង។ គម្រោងស្ថាបនាផ្លូវរថភ្លើងលើអាកាស មិនត្រឹមតែដោះស្រាយលើបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអោយរាជធានីមួយនេះ ទាក់ទាញក្រសែភ្នែកជាតិ និងអន្តរជាតិ ផងដែរ ទើបគម្រោងទាំងមូលត្រូវបានស្ថាប័នពាក់ព័ន្ធនាពេលនោះប្រកាសថាត្រូវតែពន្លឿនគម្រោងសិក្សា និងស្ថាបនាអោយបានឆាប់ ក្នុងពេលកម្ពុជាក៏ត្រូវអោយមានវត្តមានផ្លូវទំនើបបែបនេះដើម្បីបង្អួតប្រទេសជិតខាង។ ម្យ៉ាងនៅលើពិភពលោកខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិ ឬរថភ្លើងលើអាកាសប្រភេទ AGT នេះ គឺជាដំណោះស្រាយតែមួយគត់ដែលជួយឲ្យបញ្ហាចរាចរណ៍នៅក្នុងប្រទេសភាគច្រើនត្រូវបានបញ្ចប់ ទើបប្រទេសកម្ពុជា និងភាគីជប៉ុនបានឯកភាពសិក្សាសាងសង់ដើម្បីរំលេចនូវសម្រស់ក្នុងរាជធានីភ្នំពេញឲ្យបានកាន់តែឆាប់។

JFK-Air-Train1

នៅលើគេហទំព័ររបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីឆ្នាំ២០១៥បានសរសេរថា ខ្សែររថភ្លើងលើអាកាសដែលគ្រោងស្ថាបនានៅកណ្ដាលរាជធានីភ្នំពេញនោះ ត្រូវបានសិក្សាដោយអ្នកជំនាញជប៉ុន នឹងគ្រោងផ្ដល់ជំនួយដោយរដ្ឋាភិបាលប្រទេសជប៉ុន។ គម្រោងនោះស្ថិតក្នុងការសិក្សា៣ខ្សែគឺ ខ្សែទី1 ផ្តើមពីមហាវិថីកម្ពុជាក្រោមមហាវិថីព្រះមុនីវង្ស ដោយឆ្លងកាត់តាមមហាវិថីសហព័ន្ឋរុស្ស៊ី និងឆ្ពោះទៅដល់រង្វង់មូលចោមចៅ។ ខ្សែទី2- ផ្តើមពីមហាវិថីព្រះមុនីវង្ស ដោយរត់ស្របផ្លូវ ហើយបត់ធ្វេងតាមផ្លូវតាំងកសាងឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ខ្សែទី3- ផ្តើមពីផ្សារថ្មី ដោយរត់កាត់តាមមហាវិថីហ្សាលដឺហ្គោល ឆ្លងកាត់តាមមហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅរួចបញ្ចប់នៅកៀកនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គម្រោងនេះផ្ដោតជាសំខាន់លើការដោះស្រាយបញ្ហាចរាចរឆ្ពោះទៅកាន់តែព្រលានយន្តហោះ ដោយសារតែពេលកន្លងមកគឺមានការត្អួញត្អែរជាច្រើនពាក់ព័ន្ធនឹងបញ្ហាអ្នកធ្វើដំណើរទៅតាមយន្តហោះ មិនអាចទៅទាន់ជើងហោះហើរព្រោះតែបញ្ហាចរាចរណ៍នោះ។ គម្រោងនេះត្រូវបានមហាជនអបអរសាទរភាគច្រើន ប៉ុន្តែអ្វីៗហាក់ស្ងប់ស្ងាត់វិញ សឹងនឹងមានការយល់ថាត្រូវបានរដ្ឋាភិបាលធីបចោលបាត់ទៅហើយ បើគិតមកត្រឹមដំណាច់ខែសីហានេះ។ មន្ត្រីសាលារាជធានី បានបញ្ជាក់ភាពស្ទាក់ស្ទើរថា គម្រោងនោះមិនទាន់ដឹងថាយ៉ាងមិចទេ បើទោះជាមុននោះបន្តិចមន្ត្រីជំនាញៗហាក់ភាពប្រាកដមានភាពប្រាកដប្រជា។ យ៉ាងណាក៏ដោយ ក្រោយការប្រកាសរបស់លោកប៉ា សុជាតិវង្ស ដែលទើបនឹងបញ្ជាក់ក្នុងដំណើរជួបពិភាក្សានៅក្នុងប្រទេសជប៉ុននេះ គេជឿជាក់ថា ភ្នំពេញនឹងមានរថភ្លើងលើអាកាសដូចការប្រកាសឡើង ដោយមិនមែនគ្រាន់តែសិក្សា ឬប្រកាសឲ្យផ្អើលហើយបាត់ស្រមោលទៅវិញឡើយ។ គេជឿជាក់ថារដ្ឋមន្ត្រីថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជំរុញគម្រោងមួយនេះឲ្យក្លាយជាការពិតក្នុងពេលឆាប់ៗ ដោយគ្រាន់តែគម្រោងទាំងមូលអាចនឹងត្រូវបិទសិនដើម្បីកុំអោយរាំងស្ទះដល់ការសិក្សាប៉ុណ្ណោះ។

Airtrain

លោកហ្សីមិស៊ុ គិយ៉ូហ្សី អគ្គនាយករងកិច្ចការវិស្វកម្ម នៃក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ ប្រទេសជប៉ុន ធ្លាប់បានអះអាងថា ជប៉ុនមានឆន្ទៈពេញលេញក្នុងការជំរុញឲ្យ បញ្ហាកកស្ទះចរាចរនៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ តាមរយៈជំនួយលើការស្ថាបនាផ្លូវរថភ្លើងលើអាកាស ប៉ុន្តែគម្រោងទាំងមូល គឺអាចទៅបានលុះត្រាតែការដោះស្រាយលើផលប៉ះពាល់មានភាពរលូន ទើបគេចាំមើលថាតើគម្រោងសិក្សានោះនឹងមានលទ្ធផលដូចម្ដេច។ បើការប៉ះពាល់មិនអាចអោយពលរដ្ឋទទួលយកសំណងបានទេ នោះគម្រោងស្ថាបនាក៏ចេញមិនរួចនោះដែរ ទើបគេប៉ាន់ស្មានថានេះជាហេតុផលដែលគេសម្រេចចិត្តធ្វើអោយស្ងប់ព័ត៌មានដោយចាំអ៊ុតមើលប្រតិកម្មរបស់ពលរដ្ឋដែលរងការប៉ះពាល់ពីគម្រោងនោះសិន៕

ដោយ ៖ ប៉េង លី

RELATED ARTICLES