Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិមន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​សេដ្ឋ​កិច្ច​កម្ពុជា​ នឹង​រក្សា​បាន​កំណើន​៧ភាគ​រយ​នាឆ្នាំ​នេះ

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​សេដ្ឋ​កិច្ច​កម្ពុជា​ នឹង​រក្សា​បាន​កំណើន​៧ភាគ​រយ​នាឆ្នាំ​នេះ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្តែងសុទិដ្ឋនិនិយម ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនៅតែមានកំនើនរឹងមាំ ដោយរក្សាបានកំនើន៧ភាគរយ និងមានភាពរឹងមាំសម្រាប់រយៈឆ្នាំ២០១៧ខាងមុខ ទោះបីសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលយ៉ាស្មុគ្រស្មាញបែបណាក្តី។

ឯកឧត្តមវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងកិច្ចប្រជុំលើកទី១ស្តីពី ការតាមដានវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ពាក់កណ្តាលឆ្នាំ២០១៦នាព្រឹកថ្ងៃទី៣០ សីហានេះថា ការវាយតំលៃស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមសេដ្ឋវិទូរបស់ក្រសួង បានរកឃើញថាស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ មិនមានអ្វីប្រែប្រួលនោះទេ ដោយយើងនៅតែរក្សាបានកំនើន៧ភាគរយនាឆ្នាំនេះ បើទោះបីជាមានហានិភ័យពីខាងក្រៅ ដែលមានលក្ខណៈវិវត្តន៍យ៉ាងស្មុគ្រស្មាញក្តី។ឯកឧត្តមបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តកំនើនយ៉ាងរឹងមាំ បើទោះបីជាសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថយចុះពី៣.៤ភាគរយ មកនៅត្រឹម២.៥ភាគរយនាឆ្នាំនេះក្តី។

ឯកឧត្តមបន្តថា កំលាំងចលករសេដ្ឋកិច្ច ដែលជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារកំលាំងចលករសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ ដូចជាវិស័យកាត់ដេរ និងកម្មន្តសាលនៅតែមានកំនើនរឹងមាំ បើទោះជាការនាំចេញធ្លាក់ចុះក្តី តែទឹកប្រាក់កើនឡើង វិស័យសំណង់ និងការនាំចូលសម្ភារៈសំណង់នៅតែមានកំនើនខ្ពស់ វិស័យកសិកម្មមានការកើនឡើងធៀបនឹងឆ្នាំមុន និងវិស័យទេសចរណ៍មានការថមថយ តែសេវាកម្មមានការកើនឡើងខ្ពស់។ឯកឧត្តមបានបន្តថា កម្ពុជាក៏គ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាប្តូរប្រាក់មានលំនឹងល្អ និងការប្រមូលពន្ឋបានកើនឡើងជាប្រចាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

ឯកឧត្តមវង្សី វិស្សុតបានបន្តថា ឆ្នាំ២០១៧ខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងនៅតែមានកំនើនយ៉ាងរឹងមាំ ស្របពេលទីផ្សារចិនបើកចំហរសម្រាប់ផលិតផលកសិកម្មកម្ពុជា ដែលនឹងផ្តល់សក្តានុពលបន្ថែមដល់វិស័យនេះ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជាត្រូវខិតខំគ្របគ្រងហានិភ័យឲ្យបានល្អ ដែលទាមទារឲ្យយើងខិតខំប្រឹងប្រែងរឹតខ្សែក្រវ៉ាត់បន្ថែមទៀត។ ឯកឧត្តមបន្តដោយប្រៀបធៀបសេដ្ឋកិច្ចកម្ពុជាថា យន្តហោះដែលយន្តហោះរបស់កម្ពុជានាពេលនេះ នៅតែហោះហើរបានលំនឹង និងល្អប្រសើរ ប៉ុន្តែទាមទារឲ្យយើងរឹតបន្តឹងខ្សែក្រវ៉ាត់ ដើម្បីបង្ការមានការក្អួតឬរលាក់ដោយសារខ្យល់។

កញ្ញាគ្រុយ ណារិនអនុប្រធាននាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនៃអគ្គនាយកដ្ឋាននយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងវិស័យកាត់ដេរនៅតែមានភាពល្អប្រសើរ បើទោះជាការវិនិយោគផ្ទាល់ពីបរទេសបង្ហាញសញ្ញាធ្លាក់ចុះក្តី តែទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆ្នាំនេះ បានកើនឡើង៣០០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។កញ្ញាបន្តថា វិស័យសំណង់បានកើនលើសលុប ធៀបតម្រូវការជាក់ស្តែង ប៉ុន្តែការផ្តល់ឥណទានពីធនាគារនានាបានថយចុះក្នុងវិស័យនេះ។

កញ្ញាបន្តទៀតថា ការផលិតក្នុងស្រុក លើផលិតផលចំណីអាហាររបស់កម្ពុជាបានកើនឡើង២១ភាគរយ ដែលជួយបំពេញបង្រ្គប់ការនាំចូលធ្លាក់ចុះ។លើសពីនេះ វិស័យអាជីវកម្ម និងសេវាកម្មទិញលក់នៅកម្ពុជាក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ៕

ដោយ ៖ គង់ លាងហួរ

 

RELATED ARTICLES