ខេត្តក្រចេះ ៖ ករណីប្រុសចាស់ស្ទាក់ចាប់រំលោភក្មេងស្រីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកខាង ក្រោយផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិតាពុំ ឃុំស្វាយជ្រះ ស្រុកស្នួល។ លុះក្រោយពីរឿងរ៉ាវបែកធ្លាយ ដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅល្ងាចថ្ងៃដដែលនោះ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះញឹម វណ្ណដា ហៅញោម អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះខ.ន អាយុ៧ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយជនសង្ស័យ។
តាមសម្តីក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីផ្ទះ សំដៅទៅស្រះទឹកខាងក្រោយផ្ទះ ដែលឃ្លាតឆ្ងាយពីផ្ទះ បំណងទៅងូតទឹកដូចសព្វដង ស្រាប់តែពេលកំពុងដើរតាមផ្លូវ ក៏លេចមុខជនសង្ស័យឈ្មោះញឹម វណ្ណដា ចេញមកស្ទាក់ផ្លូវ រួចចាប់អូសដៃរបស់នាងចូលគុម្ពោតព្រៃ បន្ទាប់មកក៏សម្រាតខោអាវនាវចេញអស់ រួចស្រាតខោខ្លួនឯង (ជនសង្ស័យ) ហើយក៏ធ្វើសកម្មភាពរំលោភនាងរហូតដល់បានសម្រេចតែម្តង។
ក្មេងស្រីរងគ្រោះ បន្តថា ក្រោយពីចាប់រំលោភនាងរួច ជនសង្ស័យបានគំរាមនាងមិនឱ្យប្រាប់អ្នកណាដាច់ខាត រួចក៏ក្រោកដើរចេញបាត់ស្រមោល។ ចំណែកនាងបានរត់ត្រឡប់មកផ្ទះវិញ រួចក៏ប្រាប់រឿងនេះឱ្យម្តាយឪពុកបានដឹង ហើយក៏ត្រូវឪពុកម្តាយនាំទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះញឹម វណ្ណដា បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភទៅលើក្មេងស្រីរងគ្រោះនោះ រហូតដល់បានសម្រេចប្រាកដមែន៕