Thursday, April 25, 2024
Homeព្រឹត្តិការណ៍សង្គមព្រឹទ្ធសភា​ប្រជុំ​ពិនិត្យ​សំណើ​ដក​អភ័យ ឯក​សិទ្ធិ​សមា​ជិកា​ជាប់​បណ្តឹង​សម្តេច​ហ៊ុន សែន

ព្រឹទ្ធសភា​ប្រជុំ​ពិនិត្យ​សំណើ​ដក​អភ័យ ឯក​សិទ្ធិ​សមា​ជិកា​ជាប់​បណ្តឹង​សម្តេច​ហ៊ុន សែន

ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចបើកកិច្ចប្រជុំ ដើម្បីធ្វើការ ពិនិត្យពិភាក្សាទៅលើសំណើសុំដកអភ័យឯកសិទ្ធិលោកស្រីថាក់ ឡានី សមាជិកាព្រឹទ្ធសភា នៃគណបក្សសម រង្ស៊ី ដែលកំពុងជាប់បណ្តឹង របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លេខ១១៥៤/០៨ ១៦/../.ម ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ ដែលចុះហត្ថលេខាដោយលោកអ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានខ្លឹមសារទាំង ស្រុងថាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មាន កិត្តិយសសូមជម្រាបជូនសាធារណជនជ្រាប ថា ៖ នាថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០៨ៈ០០នាទីព្រឹក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលើ សេចក្តីស្នើសុំលើកអភ័យឯកសិទ្ធសភា របស់ លោកជំទាវថាក់ ឡានី សមាជិកាព្រឹទ្ធសភា មណ្ឌលភូមិភាគទី២ ដែលធ្វើឡើងដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធណ៍ តាមលិខិតលេខ ៧៣១ មហក/១៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោកមេធាវី គី តិច ជាមេធាវី តំណាងដោយអាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ពាក្យបណ្តឹងចូលទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ដែលបានចោទប្រកាន់ មួលបង្កាច់ និងទម្លាក់កំហុសទៅលើសម្តេច នាយករដ្ឋមន្ត្រហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី។

ពាក្យបណ្តឹងរបស់លោកមេធាវីគី តិច ចុះ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថាខ្ញុំបាទមេធាវី គី តិច អត្តលេខ១៥៦ មានការិយាល័យ ក្រុមហ៊ុនមេធាវី កម្ពុជា តាំងនៅអគារលេខ១៥៩១៦១ ផ្លូវ លេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមេធាវីតំណាងអាណត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សូមគោរពជូន

ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ ៖ ប្តឹងលោកជំទាវថាក់ ឡានី ភេទ ស្រី ឆ្នាំកំណើត១៩៥៥ ជនជាតិខ្មែរ សញ្ជាតិ   ខ្មែរ មានទីកន្លែងកំណើតភូមិលំផាត់ ឃុំលំផាត់ ស្រុកជ័យឧត្តម ខេត្តរតនគិរី ជាសមាជិកាព្រឹទ្ធ សភានៃគណបក្សសម រង្ស៊ី (ក្នុងលិខិតសរសេរ ច្រឡំថា គណបក្សសង្គ្រោះជាតិ) អាសយដ្ឋាន បច្ចុប្បន្ន ផ្ទះលេខ 11E0E1 ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោង ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។

តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទ សូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញា មេត្តា ជ្រាបថា ៖ តាមរយៈវេទិកាសាធារណៈ ដែល រៀបចំឡើងដោយលោកជំទាវថាក់ ឡានី សមាជិកាព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី កាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តរតនគិរី លោកជំទាវថាក់ ឡានី បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើននៅក្នុងវេទិកានោះ ដោយបាន លើកឡើងថា ហើយឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះ ឡើងចុះឡើង ទៅបាញ់លោកកឹម ឡី កឹម ឡី អ្នកវិភាគនយោបាយ ឃើញទេ…” (មានភ័ ស្តុតាងជាវីដេអូឃ្លីប)

ក្នុងព្រឹត្តការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី បានធ្វើឱ្យមហាជន ជាតិនិងអន្តរជាតិ ចាប់អារម្មណ៍ជាខ្លាំង ហើយគ្រប់គ្នាបានធ្វើការ ថ្កោលទោសចំពោះឧក្រិដ្ឋកម្មនេះ។ ភ្លាមៗ ក្រោយការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ឃាតករត្រូវបានចាប់ខ្លួនជាក់ស្តែង និងត្រូវ បានចាត់ការទៅតាមច្បាប់ រហូតត្រូវបានចោទ ប្រកាន់និងបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី ច្បាប់។ បច្ចុប្បន្ន ជនល្មើសកំពុងស្ថិតក្នុងការ ឃុំខ្លួនជាបណ្តោះអាសន្ន ហើយសំណុំរឿង កំពុង ស្ថិតក្នុងសមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញ។

ដូចនេះការនិយាយជាសាធារណៈរបស់ លោកជំទាវថាក់ ឡានី ដោយចោទប្រកាន់ មួលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុល ទៅលើសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថាជា អ្នកបាញ់លោកបណ្ឌិតកែម ឡី មិនត្រឹមតែធ្វើ ឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចនាយករដ្ឋមន្ត្រហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចរិតជា ការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆោះកំហឹង មហាជន ដែលអាចបង្កឱ្យមានចលាចលនៅក្នុង សង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់ តុលាការទៀតផង។

អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំ បាទជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្តឹងសុំដូចខាងក្រោម 

សុំឱ្យតុលាការផ្តន្ទាទោសលោកជំទាវ ថាក់ ឡានី តាមផ្លូវច្បាប់។

ទាមទារសំណងជំងឺចិត្ត ដែលបានធ្វើឱ្យ ប៉ះពាល់កិត្តិយសនិងកិត្យានុភាពរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួនទឹកប្រាក់១០០ រៀល (មួយរយរៀល)

សូមឯកឧត្តមព្រះរាជអាជ្ញាទទួលនូវការ គោរពអំពីខ្ញុំបាទ

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធសំណុំរឿង ខាងលើនេះ លោកស្រីថាក់ ឡានី ត្រូវបាន តុលាការកោះហៅឱ្យចូលបំភ្លឺ២លើកមកហើយ តែលោកស្រីមិនបានចូលខ្លួនតាមដីកាកោះ របស់តុលាការនោះទេ ដោយសំអាងថា លោកស្រី មានអភ័យឯកសិទ្ធិសភា ទើបតុលាការបាន សម្រេចស្នើសុំទៅកាន់ស្ថាប័នព្រឹទ្ធសភា ឱ្យ លើកអភ័យឯកសិទ្ធិសភារបស់លោកស្រីថាក់ ឡានី ដើម្បីបើកផ្លូវឱ្យតុលាការចាត់ការតាម នីតិវិធី។ ដូច្នេះលោកស្រីថាក់ ឡានី នឹងចៀស មិនផុតពីត្រូវលើកអភ័យឯកសិទ្ធិសភា ហើយ នឹងត្រូវតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន នោះទេ ក្នុងសំណុំរឿងបរិហារកេរ្តិ៍សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នេះ ខណៈលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏ ជាប់បណ្តឹងសម្តេចហ៊ុន សែន ពាក់ព័ន្ធសំណុំ រឿងបរិហារកេរ្តិ៍ដូចគ្នានេះដែរ បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់ថា ឃាតកម្មលោក បណ្ឌិតកែម ឡី ជាភេរវកម្មរៀបចំដោយរដ្ឋអំណាច៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES