Monday, January 20, 2025
Homeព័ត៌មានជាតិប្តីមិនដាច់អាល័យ សុំប្រពន្ធត្រូវរ៉ូវវិញមិនបាន កាប់ពេលដេកលក់លើផ្ទះ

ប្តីមិនដាច់អាល័យ សុំប្រពន្ធត្រូវរ៉ូវវិញមិនបាន កាប់ពេលដេកលក់លើផ្ទះ

ខេត្តកំពត ៖ ករណីអំពើហិង្សាក្នុងគ្រួសារ អតីតប្តីខឹងសុំត្រូវរ៉ូវគ្នាវិញមិនព្រម បែរជាផ្ទុះកំហឹងកាប់ប្រពន្ធ២កាំបិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

ជនដៃដល់ជាប្តី មានឈ្មោះស៊ង នៅ អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះរស់ គុន្ធី អាយុ៤១ឆ្នាំ រងរបួសចំនួន២កាំបិត (ក្បាល១កាំបិត និងសៀតផ្កា១កាំបិត) មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។

ប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានប្រាប់ថា ជនសង្ស័យនិងជនរងគ្រោះ បានលែងលះគ្នា បន្ទាប់ពីបង្កតើបានកូនប្រុស២នាក់ ហើយចេះតែមិនចុះសម្រុងគ្នា ខាងប្តីហាក់មិនដាច់អាល័យពីប្រពន្ធកូន ទើបចេះតែតាមមកអង្វរលួងលោមសុំប្រពន្ធរួមរស់ជុំគ្នាវិញដែរ តែស្ត្រីរងគ្រោះជាប្រពន្ធប្រកែកមិនព្រមទទួលយកប្តីនេះវិញដាច់ខាត ជាហេតុធ្វើឱ្យបុរសជាប្តីខឹងសម្បា ចងជាគំនុំ ទុកក្នុងចិត្តរហូតមក។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ បុរសជាប្តីក៏លបឡើងផ្ទះស្ត្រីរងគ្រោះ ជាអតីតប្រពន្ធ និងចូលតាមបង្អួច រួចក៏ប្រើកាំបិតផ្គាក់ កាប់ប្រហារទៅលើប្រពន្ធដែលកំពុងដេកលង់លក់ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនដៃដល់ជាប្តី បានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកស្ត្រីរងគ្រោះត្រូវបានសាច់ញាតិ ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ និងជួយហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ដើម្បីសង្គ្រោះជីវិត។

ជុំវិញករណីអំពើហិង្សាដោយចេតនាខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាអតីតប្តីស្ត្រីរងគ្រោះ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES