ភ្នំពេញ៖ ករណីនារីរូបស្រស់ គិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯង ដោយមិនដឹងមូលហេតុនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះច្នៃត្បូង និងលក់គ្រឿងអលង្ការយី ហោ “សៀក លីម លក់ត្បូង និងគ្រឿងអលង្ការ” មានទីតាំងនៅផ្ទះលេខ១៣៨ តាមបណ្តោយផ្លូវលេខ៤៥០ ស្ថិតនៅខាងត្បូងជាប់ផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
នារីគិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះរ័ត្ន ឆវី មានអាយុ២៧ឆ្នាំ (នៅលីវ) មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាកូនស្រីពៅរបស់ថៅកែហាងលក់ត្បូង “សៀក លីម”។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បច្ចុប្បន្ននារីរងគ្រោះស្នាក់នៅផ្ទះកើតហេតុ ដែលមានសមាជិកតែ៣នាក់ប៉ុណ្ណោះ គឺនារីរងគ្រោះ និងឈ្នួលបម្រើ២នាក់ផ្សេងទៀត ដែលជាមនុស្សស្រីដូចគ្នា។ ចំណែកម្តាយឪពុក និងបងប្អូនរបស់នាង គឺរស់ក្នុងខណ្ឌពោធិ៍សែនជ័យ ឯណោះ។
នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៩ នារីរងគ្រោះបានធ្វើ ដំណើរទៅចូលរួមពិធីបុណ្យសពជីតារបស់នាង ដែលទើបនឹងស្លាប់ នៅឯម្តុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ រហូតមកដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នារីរងគ្រោះ ក៏ បានត្រលប់មកផ្ទះទួលទំពូងវិញតែម្នាក់ឯង ប៉ុន្តែ ពេលនាងត្រឡប់មកដល់ផ្ទះវិញ ហាក់មានទឹកមុខ ស្រងូតស្រងាត់ខ្លាំងណាស់ បន្ទាប់មកនាងដើរចូលទៅក្នុងបន្ទប់នៅជាន់ក្រោមបាត់ទៅ។ លុះដល់ម៉ោង៧ព្រឹកថ្ងៃដដែល ដោយសារតែចម្លែក មិនឃើញនារីរងគ្រោះចេញពីបន្ទប់ ទើបឈ្នួលបម្រើក្នុងផ្ទះ ក៏ទៅបើកទ្វារបន្ទប់ចូលទៅមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះ ចងកជាប់នឹងចង្រឹងបង្អួចស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោឡើង និងផ្តល់ដំណឹងដល់ក្រុមគ្រួសារ និងសាច់ញាតិ មកពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន រួមនឹងកម្លាំងជំនាញកោសល្យវិច័យរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងកើតហេតុ និងបានចូលទៅពិនិត្យ និងធ្វើកោសល្យវិច័យសពយ៉ាងល្អិតល្អន់ រួចបញ្ជាក់ថា នារីរងគ្រោះ ពិតជាស្លាប់ដោយសារចងក សម្លាប់ខ្លួនឯងប្រាកដមែន ពុំមែនជាករណីឃាតកម្មទេ។
យ៉ាងណាក្តី ករណីខាងលើនេះ អ្នកសារព័ត៌មាន មិនទាន់អាចសុំការបំភ្លឺពីក្រុមគ្រួសារសពនារីរងគ្រោះ ទាក់ទងនឹងមូលហេតុនៃការសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួនរបស់នារីរងគ្រោះខាងលើបាននៅឡើយទេ ដោយម្នាក់ៗកំពុងស្ថិតក្នុងស្ថានភាពសោកសង្រេងយ៉ាងខ្លាំង។
សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកជ្រៃ ស្ថិតក្នុងខណ្ឌដង្កោ និងត្រៀមបូជាតាមប្រពៃណីនៅវេលា៧យប់ថ្ងៃ១០ ខែមករា ឆ្នាំ២០១៩ នេះ៕