ស្រីស្រស់សោភា ទេពី ដែលរង់ចាំភ្លើងខៀវពីហង្សមាស បើកផ្លូវឲ្យចូលទ្រនំធំ ដើម្បីបញ្ចេញសមត្ថភាពនោះ មិនខុសពីកញ្ញាពេជ្រ ច័ន្ទធីតា ឡើយ ព្រោះផលិតកម្មធំនេះមិនចាប់អារម្មណ៍ឡើយ ដោយសារក្រុមហ៊ុននេះមានតារាចម្រៀងល្បីៗ សម្បូរបែបជាច្រើនដួង ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គេទៅហើយ ហេតុនេះបានជាធ្វើឲ្យអ្នកចម្រៀងវ័យក្មេង ចង់អស់សង្ឃឹម។
ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ សោភា ទេពី និយាយទាំងស្រងូតស្រងាត់ថា ហង្សមាស មិនបានផ្ដល់សញ្ញាឲ្យនាងឡើយ ហេតុនេះនាងហាក់គ្មានសង្ឃឹមថា បានចូលផលិតកម្មនេះទេ។
តារាចម្រៀងដែលពីមុនចូលចិត្តច្រៀងបទពីដើមៗ តែពេលនេះ ងាកមកច្រៀងបទបែប Rock នេះ ថ្លែងថា ”នៅទេបងអើយ! គាត់បែបមិនយកខ្ញុំទេ មើលទៅ? តែហង្សមាស គាត់ហៅខ្ញុំច្រៀងនៅប៉ុស្ដិ៍របស់គាត់ជាញឹកញាប់ដែរ គ្រាន់តែថា មិនឃើញហៅច្រៀងនៅផលិតកម្មផង”។
សោភា ទេពី គឺជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ តែបានធ្លាក់ចេញកណ្ដាលទី ព្រោះមិនអាចតតាំងជាមួយគ្រី ថៃពៅ បានឡើយ តែមុននេះ ទេពី សង្ឃឹមថា សមត្ថភាពរបស់នាងអាចនឹងធ្វើឲ្យហង្សមាស ចាប់ចិត្ត ហៅចូលផលិតកម្មជាមិនខាន ។ ប៉ុន្តែពេលនេះ ក្ដីរំពឹងបែរជារលាយទៅវិញអស់ហើយ ខណៈដែលតារារួមអាជីពបានឲ្យយោបល់ទេពី ថា គួរតែងាកទៅសម្លឹងមើលផលិតកម្មថោន ឬសាន់ដេ វិញ អាចមានសង្ឃឹមជាង។
សោភា ទេពី បន្ថែមថា ”ផលិតកម្មសាន់ដេនិងថោន ខ្ញុំក៏ចាប់អារម្មណ៍ដែរបង តែបើគេមិនហៅច្រៀងអីចឹង តើយើងធ្វើម៉េចទៅ? ពិបាកណាស់ មិនមែនចង់ចូល ចេះតែបានទេ”។
សោភា ទេពី ដែលធ្លាក់ចេញពី Cambodian Idol រដូវកាលទី៣ ទាំងមិនអស់ចិត្តនោះ ងាកមកធ្វើបទចម្រៀងខ្លួនឯង ចេញតាមយូធូប និងល្បីបទ ”អ្នកណាកែចិត្តបង?” ដែលមានអ្នកទស្សនា (Views) រហូតដល់ទៅ3M៕