Monday, January 20, 2025
Homeព័ត៌មានជាតិករណីនេះសមត្ថកិច្ចសួរនាំអស់ហើយ ក៏ឲ្យអ្នកខ្លះទៅផ្ទះផងដែរ នៅសល់តែមេការម្នាក់នេះ

ករណីនេះសមត្ថកិច្ចសួរនាំអស់ហើយ ក៏ឲ្យអ្នកខ្លះទៅផ្ទះផងដែរ នៅសល់តែមេការម្នាក់នេះ

ភ្នំពេញ ៖ រឿងរ៉ាវដ៏ចម្រូងចម្រាសរបស់មន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀ ដែលត្រូវនារីជាអ្នកជំងឺម្នាក់ ចោទថា បានបំភ័យបង្ខំឱ្យវះកាត់ រួចគិតថ្លៃសេវាថ្លៃកប់ពពក (ជាង២ពាន់ដុល្លារ) លុះអ្នកជំងឺអត់លុយបង់ ក៏ចាក់សោទ្វារបង្ខាំងទុក បង្កឱ្យមានការផ្អើលឆោឡោ កាលពីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នោះ រហូតមកដល់វេលាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពីរដ្ឋមន្ត្រីសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យវ៉ិចតូរៀ និងថែមទាំងបាន ឃាត់ខ្លួនមេការជនជាតិចិនម្នាក់ នាំយកទៅសាកសួរផងដែរ។

 

មន្ត្រីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ថា គិតត្រឹមយប់នេះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ហើយជនសង្ស័យរូបនេះកំពុងស្ថិតក្នុងការសួរនាំ។ ដោយឡែកសម្រាប់អ្នកផ្សេងទៀត ត្រូវបានដោះលែងវិញ។ ដោយឡែក លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ត្រីធ្វើការសួរនាំផងដែរ ប៉ុន្តែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ព្រោះលោកស្រីគ្រាន់តែជាអ្នកឈរឈ្មោះឱ្យគេប៉ុណ្ណោះ។

ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា បានទទូចឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការឱ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

ដោយឡែក យោងតាមប្រភពព័ត៌មានមួយចំនួន បានឱ្យដឹងថា តាមពិតមន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា សៀនតាយ ប៉ុន្តែក្រោយមកដោយសារតែមានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្តែក៏សុំបើកឡើងវិញដោយប្តូរឈ្មោះ វ៉ិចតូរៀ នេះវិញ រហូតកើតមានរឿងអាស្រូវជាលើកទី២ និងត្រូវបានលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចមន្ទីរពេទ្យ អន្តរជាតិវ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ ៦១A ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលមានអ្នកទទួលខុសត្រូវ គឺលោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ។

 

តាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ឈ្មោះមួយ ហៀង អាយុ១៩ឆ្នាំ ជាបុគ្គលិកបម្រើការនៅហាងផឹកស៊ីមួយកន្លែង បានកើតមានអាការហើមទ្វារមាស ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ គាត់បាននាំកូនស្រី មកកាន់មន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ ព្រោះឃើញគេផ្សាយតាមហ្វេសប៊ុកថា ពិគ្រោះ និងពិនិត្យជំងឺដោយឥតគិតថ្លៃ។ លុះពិនិត្យរួច គ្រូពេទ្យបានប្រាប់ថា កូនគាត់មានជំងឺគីសនៅដៃស្បូនដំណាក់កាលចុងក្រោយ តម្រូវឱ្យវះកាត់ បើមិនដូច្នេះទេអាចស្លាប់ ចំណែកគាត់ក៏រារែកសុំត្រឡប់ផ្ទះវិញសិន តែគ្រូពេទ្យទាំងនោះហាមមិនឱ្យមក និងថែមទាំងនិយាយបំភ័យឱ្យគាត់វះកាត់ទៀតផង ទើបគាត់យល់ព្រមវះកាត់ក្នុងតម្លៃ២៨០ដុល្លារ ដែលជាតម្លៃថោកបំផុត ហើយក៏វះកាត់ដោយរលូន តែកូនគាត់ស្រាប់តែសន្លប់បាត់ស្មារតីរហូត ទើបគាត់បានសួរគ្រូពេទ្យ គេតបថា សេវាកម្មវះកាត់២៨០ដុល្លារ ដែលថោកបំផុតនេះ គ្មានថ្នាំព្យាបាលទេ ហើយក៏និយាយប្រាប់ថា ឱ្យយកសេវាកម្មវះ កាត់២០០០ដុល្លារទៅ ទើបអាចជា បើមិនដូច្នេះទេអាចស្លាប់ ឬក៏បង់លុយ៦០០ដុល្លារសិនក៏បាន ចាំបង់តាមក្រោយ ទើបគាត់ខ្ចីលុយគេមកបង់៦០០ដុល្លារសិន ទើបខាងគ្រូពេទ្យយកថ្នាំមកឱ្យកូនគាត់លេប និងដឹងខ្លួនឡើងវិញ។ ចំណែកថ្លៃបន្ទប់១យប់៥០០ដុល្លារ គាត់អស់លទ្ធភាព ក៏សុំចេញមកសម្រាកនៅផ្ទះ តែដោយសារបង់លុយមិនទាន់ គ្រប់ខាងពេទ្យមិនឱ្យចេញនោះទេ រហូតចាប់សោរបង្ខំទុកដូចអ្នកទោសតែម្តង និងត្រូវគាត់ជាម្តាយសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ទើបខាងមន្ទីរពេទ្យវ៉ិចតូរៀ ព្រមឱ្យពួកគាត់ ត្រឡប់មកវិញ ដោយមិនទាមទារលុយដែលនៅសល់ទៀតទេ៕

RELATED ARTICLES